ព័ត៌មានជាតិ
កម្ពុជាប្រាប់អនុព័ន្ធយោធាបរទេសថា ការដោះលែងយោធិន១៨រូប គឺជារឿងបន្ទាន់ដែលថៃព្រមព្រៀងក្នុងសេចក្ដីថ្លែងការណ៍រួម
រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ប្រាប់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាមកពី១២ប្រទេសថា ការដោះលែងកងទ័ពកម្ពុជាពីការឃុំគ្រងរបស់ថៃ ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតី ភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតីរវាងកម្ពុជានិងថៃ គឺជាវិស័យអាទិភាពមួយចំនួនដែលបានរដ្ឋាភិបាលកម្ពុជា និងថៃ បានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួម។

បើតាមសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នេះ ឧត្ដមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា(MACPP) សរុប១២ប្រទេស នៅទីស្តីការក្រសួងការពារជាតិ ដោយបានជម្រាបជូនពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។

រដ្ឋលេខាធិការ រ៉ាត់ ដារ៉ារ័ត្ន បញ្ជាក់ទៅកាន់អនុព័ន្ធយោធាបរទេសថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជានិងថៃ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។

ឧត្ដមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការ ត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ និងអរគុណចំពោះប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សហរដ្ឋអាមេរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់សម្រាប់ការគាំទ្រប្រកបដោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។

លោក រដ្ឋលេខាធិការ បានបញ្ចប់ដោយបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការប្រែក្លាយ ព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រម ទាំងគោលការណ៍ និងស្មារតីអាស៊ាន។

សេចក្ដីប្រកាសព័ត៌មាន ក៏បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏បានផ្តល់ព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀតដល់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា(MACPP) អំពីវិធាន នីតិវិធី និងផែនការសកម្មភាពដែលថៃបានព្រមព្រៀងជាមួយកម្ពុជា ពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការដោះមីនមនុស្សធម៌។
គួរកត់សម្គាល់ថា ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសនៅក្នុងពេលចុះកិច្ចព្រមព្រៀងលើសេចក្ដីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ «នឹងនាំទៅដល់ការដោះលែងយោធិនកម្ពុជាទាំង១៨រូបយ៉ាងណាក្ដី» ក៏យោធាថៃនៅតែមិនដោះលែងយោធិនកម្ពុជា ហើយបន្តឃុំខ្លួនល្មើសនឹងកិច្ចព្រមព្រៀងប្រមាណ២សប្ដាហ៍មកហើយ។ ដោយឡែកបើគិតចាប់ពីថ្ងៃដែលថៃ ចាប់ឃុំខ្លួនយោធិនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា មកដល់ថ្ងៃទី១០ ខែវិច្ឆិកា នេះ គឺមានរយៈពេល១០៤ថ្ងៃហើយ៕
ដោយ៖ ង៉ិល ណារ៉ាត់





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


