Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកកូនមុំ ខេត្តរតនគិរី ក្រើនរំលឹកម្ចាស់ក្បាលដីរូតរះប្រគល់ឯកសារសម្រាប់វាស់វែងដីធ្លី

បានផុស

នៅ

រដ្ឋបាលស្រុកកូនមុំ នៃខេត្តរតនគិរី ក្រើនរំលឹកទៅដល់ម្ចាស់ក្បាលដីដែលមិនទាន់បានចុះដីធ្លីកន្លងមក រូតរះធ្វើការទំនាក់ទងទៅក្រុមការងារ និងប្រគល់ឯកសារជូនអាជ្ញាធរ ខណៈក្រុមការងារ នឹងបើកទទួលវាស់វែង ចុះបញ្ជីសម្អាតដីធ្លីដែលនៅសេសសល់ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកានេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីការងារផលប្រយោជន៍របស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកកូនមុំ ជម្រាបទៅដល់ម្ចាស់ក្បាលដី ដែលមិនទាន់បានវាស់វែងចុះបញ្ជីក្នុងភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ ភូមិ៥ ឃុំត្រពាំងច្រេស ឱ្យបានជ្រាបថា ក្រុមវាល១៣ គ្រោងនឹងបើកទទួលវាស់វែង ចុះបញ្ជីសម្អាតក្បាលដីដែលនៅសេសសល់ ម្តងទៀតគត់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ។

ជាមួយគ្នានេះ រដ្ឋបាលស្រុកក្រើនរំលឹកម្ចាស់ក្បាលដីដែលខកខានប្រញាប់រូតរះមកទំនាក់ ទំនងក្រុមការងារ ដែលមានស្នាក់ការនៅខាងក្រោយ សាលាស្រុកកូនមុំ រៀងរាល់ម៉ោងធ្វើការតាមកាលបរិច្ឆេទខាងលើកុំបីខាន ចៀសវាងហួសពេលកំណត់នេះ ក្រុមវាល១៣ មិនទទួលទៀតទេ។

លោក លី ឧសភា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី បានឱ្យដឹងថា នៅទូទាំងខេត្តរតនគិរី មន្ទីរបានវាស់វែងក្បាលដីចំនួន ៦៩,៣៧៨ ក្បាលដី. ចេញប័ណ្ណចំនួន ៣៣,៨៥៣ ប័ណ្ណ. ចែកប័ណ្ណរួចចំនួន ២៥,៩៧៩ ប័ណ្ណនិង ប័ណ្ណនៅសល់ចំនួន ៧,៨៧៤ ប័ណ្ណ។ លោកបន្តថា ផែនការចុះបញ្ជីដីធ្លី បង្ហើយនៅខេត្តរតនគិរី មានស្រុកគោលដៅចំនួន ០៥រួមមាន ស្រុកកូនមុំ ស្រុកលំផាត់ ស្រុកវើនសៃ ស្រុកអណ្តូងមាស និងស្រុកតាវែង។ ស្រុកកំពុងអនុវត្តរួមមាន ៣ គឺ៖ ស្រុកអូរជុំ ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ដែលមានក្បាលដីនៅសល់ប្រមាណ ៧៨,៧៩៨ ក្បាលដី. ស្រុកលំផាត់ប្រមាណ ១៥,៨៦៥ ក្បាលដី. ស្រុកកូនមុំប្រមាណ ១៦,៤០៤ ក្បាលដី. ស្រុកវើនសៃប្រមាណ ១២, ៨១៧ ក្បាលដី។

ការចុះវាស់វែងដីធ្លីម្តងទៀតដែលគ្រោងធ្វើឡើងនៅពេលខាងមុខនេះ ដើម្បីផ្តល់ឱកាសដល់ម្ចាស់ក្បាលដីដែលខកខាន ឬខ្វះឯកសារកន្លងមកនៅក្នុងវគ្គដំបូង បានជួបមន្រ្តី និងផ្តល់ឯកសារគ្រប់គ្រាន់ទៅកាន់អាជ្ញាធរសម្រាប់វាស់វែង ឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងការពារផលប្រយោជន៍ម្ចាស់ដីតាមផ្លូវច្បាប់៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម