Connect with us

ព័ត៌មានជាតិ

កម្ពុជា ចាត់ទុកទង្វើថៃបាញ់ពលរដ្ឋខ្មែរជាទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅយង់ខ្នង នឹងព្រមានឆ្លើយតបដោយការការពារអធិបតេយ្យភាពជាតិខ្លាំងក្លាបំផុត

បានផុស

នៅ

ទង្វើយោធាថៃបាញ់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ គឺជាអំពើដ៏សាហាវព្រៃផ្សៃ ឃោរឃៅយង់ខ្នង និងគ្មានហេតុផល ខុសនឹងច្បាប់អន្តរជាតិ។ នេះគឺជាការចាត់ទុករបស់មជ្ឈដ្ឋាននានានៅកម្ពុជាតាមរយៈសេចក្ដីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការ បន្ទាប់យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរស៊ីវិលស្លូតត្រង់ស្លាប់បាត់បង់ជីវិតម្នាក់ និងរងរបួសជន៣នាក់ កាលពីវេលាម៉ោងប្រមាណ ៣:៥០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ  និងបានប្រកាសថា ថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ”ហើយ។ ក្រសួងការពារជាតិកម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះទង្វើខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

ក្រសួងការពារជាតិ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាព ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ជាបន្ទាន់ ។ ក្រសួងការពារជាតិកម្ពុជាក៏អំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដដូចកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះទង្វើ ដោះស្រាយបញ្ហាព្រំដែន និងទង្វើបាញ់ប្រហារពលរដ្ឋខ្មែរស៊ីវិលស្លូតត្រង់។ សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងអំពាវនាវឱ្យភាគីបរទេសមានជំនាញចូលរួមស៊ើបអង្កេត ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនពលរដ្ឋខ្មែររងគ្រោះ។ នាយករដ្ឋមន្ត្រីកម្ពុជា​ ក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមស្មារតីកិច្ចព្រមព្រៀងសន្តិភាព ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេសកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់ កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដី បំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

ក្រសួងការបរទេស តវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយនឹងចាត់វិធានការ សមស្របដើម្បីតាមដានរួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិល ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន និងស្វាគមន៍ចំពោះការគាំទ្រ និងការ ចូលរួមពីគ្រប់ដៃគូដែលពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា វាយតម្លៃថា ទង្វើយោធាថៃបាញ់សម្លាប់ពលរដ្ឋ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) និងអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT)។

គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិជាបន្ទាន់ទៅកាន់ស្ថាប័នសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធទាមទារឱ្យបញ្ឈប់ ថៃចំពោះសកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពពលរដ្ឋខ្មែរ និងស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងដាក់ទោសថៃចំពោះឧក្រិដ្ឋកម្មនេះ និងត្រូវផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់ជនរងគ្រោះ និងគ្រួសារ ក៏ដូចជា ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ និងលើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេស ពាក់ព័ន្ធនានា។

រដ្ឋសភាកម្ពុជាថ្កោលទោសចំពោះទង្វើនេះ និងចាត់ទុកថា ជាអំពើឃោរឃៅយង់ឃ្នង អមនុស្សធម៌ រំលោភបំពានលើអធិបតេយ្យរបស់កម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាព ហើយទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់រាល់អរិភាព ដែលគំរាមកំហែងដល់សន្តិភាព និង ស្ថិរភាពតំបន់ និងងាកមកគោរព កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចក្រោមច្បាប់ អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ក្រសួងមហាផ្ទៃកម្ពុជា ថ្កោលទោសចំពោះអំពើបាញ់ប្រហារដ៏សាហាវព្រៃផ្សៃមកលើជនស៊ីវិលបែបនេះ និងចាត់ទុកថា ទង្វើនេះ គឺជាផែនការរៀបចំគិតទុកជាមុនដែលមានលក្ខណៈជាប្រព័ន្ធ រួមទាំងបណ្តាញព័ត៌មានថៃ ក្នុងចេតនាទុច្ចរិតបង្កឱ្យការប៉ះទង្គិចប្រដាប់អាវុធកើតមានឡើង។

ព្រឹទ្ធសភាកម្ពុជាតាមរយៈអ្នកនាំពាក្យ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើដ៏ព្រៃផ្សៃយង់ឃ្នងរបស់ថៃ។ អ្នកនាំពាក្យ សម្ដែងការសោកស្តាយយ៉ាងខ្លាំងដែលនៅក្នុងទំនាក់ទំនងរវាងប្រទេសជិតខាង ភាគីថៃហាក់ដើរតួជាតួសម្តែងផង និងជាអាជ្ញាកណ្តាលផង ជំនួសឱ្យការគោរពគោលការណ៍សមភាព និងការ គោរពគ្នាទៅវិញទៅមក។

អ្នកនាំពាក្យព្រឹទ្ធសភាថា ថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន ដើរតួនាទីជាចៅក្រម ជាគណៈវិនិច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការសម្រេចចិត្តថាអ្នក ណាខុស និងអ្នកណាត្រូវ ជាឯកតោភាគី ។ ភាពក្រអឺតក្រទមបែបនេះមិនសាកសមទាល់តែសោះនៅ ក្នុងទំនាក់ទំនងអន្តរជាតិ ដែលស្ថិតនៅក្រោមគោលការណ៍ច្បាប់ កិច្ចសន្ទនា និងការគោរពគ្នាទៅវិញ ទៅមកនោះទេ។

ព្រឹទ្ធសភា ក៏បានអះអាងថា កម្ពុជាបានអនុវត្ត ការអត់ធ្មត់ជាអតិបរមា ដោយបានចៀសវាងមិនធ្វើការវាយបក បើទោះជាមានការញុះញង់បង្កហេតុពីភាគីថៃជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ដោយគោរពយ៉ាងពេញលេញនូវគោលការណ៍សន្តិភាព និង ភាពជាអ្នកជិតខាងល្អ។ ទោះជាយ៉ាងណា កម្ពុជានឹងមិនធ្វើសម្បទានចំពោះអធិបតេយ្យភាព ឬសេចក្តី ថ្លៃថ្នូររបស់ខ្លួនជាដាច់ខាត។

ព្រឹទ្ធសភា​ បញ្ជាក់ច្បាស់ៗថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព កិច្ចសន្ទនា និងនីតិរដ្ឋ ប៉ុន្តែកម្ពុជាក៏ព្រមានថៃថា រាកើការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ថៃនឹងត្រូវជួបប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុត។ ព្រឹទ្ធសភា សង្កត់ធ្ងន់ថា «សន្តិភាពត្រូវតែការពារ ការពិតត្រូវតែលើកតម្កើង ហើយយុត្តិធម៌ត្រូវតែឈ្នះ»។

គួរឱ្យដឹងថា ក្រៅពីស្ថាប័នជាតិកំពូលៗ និងក្រសួងសំខាន់ៗខាងលើ បណ្ដាក្រសួងពាក់ព័ន្ធផ្សេងៗទៀត និងបណ្ដាគណបក្សនយោបាយ ស្ដាប័នច្បាប់ ក៏បានចេញមកថ្កោលទោសដាច់អហង្កាចំពោះទង្វើដ៏សាហាវឃោរឃៅរបស់យោធាថៃដែលបាញ់សម្លាប់ពលរដ្ឋកម្ពុជា ក្នុងចេតនាញុះញង់ឱ្យកងកម្លាំងកម្ពុជាអស់ការអត់ធ្មត់ តបត ហើយនាំដល់ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ ពីព្រោះយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ប៉ុន្តែកងកម្លាំងកម្ពុជាមិនបានតបតដោយប្រដាប់អាវុធទាល់តែសោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម