ព័ត៌មានជាតិ
មកដល់ពេលនេះ កម្ពុជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៣ បើកទីផ្សារនាំទំនិញកម្ពុជាទៅកាន់ពិភពលោក
រហូតមកដល់ពេលនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៣ ដែលបានជួយសម្រួលបើកទីផ្សារក្នុងការនាំទំនិញពីកម្ពុជាទៅកាន់ពិភពលោក។
លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) គឺជាកិច្ចព្រមព្រៀងដែលផ្តល់ភាពអនុគ្រោះ ឬសម្រួលពន្ធលើការនាំចេញនាំចូលទំនិញទៅប្រទេសណាមួយ។

ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ក្នុងកិច្ចពិភាក្សាពីកាលានុវត្តភាពសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា លោក វ៉ា រុតសាន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៣ ជាមួយប្រទេសនៅក្នុងតំបន់និងលើពិភពលោក ក្នុងនោះទ្វេភាគីមានចំនួន ៣ ដែលរួមមានកម្ពុជាជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) កម្ពុជា-កូរ៉េខាងត្បូង និង កម្ពុជា-ចិន និងកិច្ចព្រមព្រៀងសេរីថ្នាក់តំបន់ចំនួន ១០ រួមមាន អាស៊ាន-ហុងកុង-ចិន, អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់, អាស៊ាន-កូរ៉េខាងត្បូង, អាស៊ាន-ឥណ្ឌា, អាស៊ាន-ជប៉ុន, និង អាស៊ាន-ចិន ព្រមទាំងកិច្ចព្រមព្រៀងផ្ទៃក្នុងអាស៊ានស្តីពីសេវាកម្ម វិនិយោគ និងទំនិញ។
លោក វ៉ា រុតសាន បានបញ្ជាក់ថា កម្ពុជាអាចទាញយកប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនានាក្រោមប្រព័ន្ធ MSN, ប្រព័ន្ធអនុគ្រោះទូទៅ (GSP) និងប្រព័ន្ធអនុគ្រោះផ្សេងទៀត ដោយសារកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO។
ក្រសួងពាណិជ្ជកម្មមានតួនាទីដូចជា “មេណ្ដើក” ដែលជួយសម្របសម្រួលទាំងអ្នកលក់ និងអ្នកទិញទាំងក្នុង និងក្រៅប្រទេស។ ពាក់ព័ន្ធការពង្រីកទីផ្សារនាំចេញទំនិញរបស់ប្រទេសកម្ពុជា លោក វ៉ា រុតសាន បានលើកឡើងពីការខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកការនាំចេញទំនិញកម្ពុជាទៅទីផ្សារប្រទេសផ្សេងទៀត។ ជាក់ស្តែងថ្មីៗនេះកម្ពុជាបានពង្រីកទីផ្សារនាំចេញទៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រទេស ទួរគី ប្រទេស បារាំង និងអង់គ្លេស ជាដើម។
ក្រៅពីខិតខិស្វែងរកទីផ្សារថ្មីៗ ក្រសួងបានខិតខំធ្វើពិពិធកម្មលើមុខទំនិញយុទ្ធសាស្រ្តផ្នែកឧស្សាហកម្ម ដោយមានការគាំទ្រពី CDC បន្ថែមការជំរុញការធ្វើពិពិធកម្មលើមុខទំនិញកសិកម្មមានសក្ដានុពលដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និងមៀនប៉ៃលិនជាដើម។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ប្រទេសកម្ពុជាបានចេញផុតពីស្ថានភាពខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងអាហារពីបរទេស មកធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងស្រុក ជាពិសេសក្នុងកាលៈទេសៈនៃការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃអស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែលបង្ហាញពីចំណុចខ្លាំង និងភាពធន់នៃវិស័យកសិកម្មកម្ពុជាក្នុងពេលជួបវិបត្តិ។

ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មរាប់លានតោនជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។
ខណៈដែលវិស័យកសិកម្មប្រទេសកម្ពុជាបានបោះជំហានមកដល់ដំណាក់កាលថ្មី លោក ប្រាក់ ដាវីដ ទទួលស្គាល់ថា កសិកម្មប្រទេសកម្ពុជាក៏កំពុងជួបប្រទះបញ្ហាប្រឈមថ្មីមួយចំនួន ជាពិសេសលើបញ្ហានិរន្តរភាពនៃផលិតកម្ម តម្រូវការទីផ្សារ ថ្លៃដើមផលិតខ្ពស់ ទីផ្សារនិងការកែច្នៃកសិផលនៅមានកម្រិត និងការប្រែប្រួលមិនអាចស្មានទុកជាមុនបាននៃតម្លៃ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសហការ និងគាំទ្រកាន់តែសកម្ម ក្នុងគោលបំណងបន្តរួមគ្នាដោះស្រាយ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករដែលកំពុងខិតខំប្រឹងប្រែងផលិត ដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារផង និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ទិន្នន័យពីក្រសួងកសិកម្មបង្ហាញថា នៅឆ្នាំ ២០២៤ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក។
ដោយឡែកក្នុងរយៈពេល ៩ ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១ លានតោន កើនឡើងប្រមាណ ៣០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


