Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរគ្រី សម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន ផ្តល់ជំនាញឌីជីថលដល់គ្រូបង្រៀន និងនិស្សិត

បានផុស

នៅ

សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរគ្រី បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន ដែលនឹងផ្តល់ជូនជំនាញឌីជីថលសំខាន់ៗ ដល់ព្រះសង្ឃ គ្រូបង្រៀន និងនិស្សិត និងរួមចំណែកលើកកម្ពស់ការផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យានៅកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធនេះ រៀបចំឡើង កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មានបង្កើតឡើងក្រោមការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ក្នុងគម្រោង ផ្តល់ផលរហ័ស។ ពិធីនេះមានការអញ្ជើញចូលរួមពី សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលជាសម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសាកលវិទ្យាធិការនៃ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរគ្រី ក៏ដូចជាវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងលោក វ៉ាន់ឡាល់វ៉ាវណា ប៊យធ្លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ព្រះថេរានុត្ថេរៈ ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ និងនិស្សិតជាច្រើនអង្គ/នាក់។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ឥណ្ឌា ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា និងពង្រឹងចំណងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ទៀតថា ព្រះពុទ្ធសាសនា អស់រយៈពេលជាច្រើនសតវត្សមកហើយ បានបម្រើជាស្ពានតភ្ជាប់ចិត្តគំនិត និងវប្បធម៌រវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា ដែលធ្វើឱ្យការសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងសាកលវិទ្យាល័យពុទ្ធសាសនាមួយមានអត្ថន័យពិសេស។

លោកបានបន្តទៀតថា មជ្ឈមណ្ឌលនេះនឹងផ្តល់ជូនជំនាញឌីជីថលសំខាន់ៗ ដល់ព្រះសង្ឃ គ្រូបង្រៀន និងនិស្សិត ដើម្បីពង្រីកលទ្ធភាពទទួលបានធនធានសិក្សាសកល និងគាំទ្រដល់ការធ្វើសមាហរណកម្មចំណេះ ជាមួយនឹងបច្ចេកវិទ្យាទំនើប។ លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកផងដែរថា ប្រទេសឥណ្ឌាធ្លាប់បានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យានៅសាកលវិទ្យាល័យពុទ្ធសាសនាសីហមុនីរាជនៅភ្នំពេញ និងបាត់ដំបង ព្រោះថាមជ្ឈមណ្ឌលសិក្សាឌីជីថលអាចជួយលើកកម្ពស់ការផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យានៅកម្ពុជាផងដែរ។

ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ប្រទេសឥណ្ឌាផ្តល់ជំនួយឥតសំណងដើម្បីអនុវត្តគម្រោងផលប៉ះពាល់រហ័សចំនួន ១០ គម្រោងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ផ្តោតលើវិស័យអាទិភាពដូចជា ការអប់រំ សុខភាព ការផ្តល់អំណាចដល់ស្ត្រី អនាម័យ និងកសិកម្ម។ រហូតមកដល់បច្ចុប្បន្ន ប្រទេសឥណ្ឌាបានផ្តល់ជំនួយឥតសំណងជាសរុបចំនួន ៦៤ គម្រោងនៅកម្ពុជាដែលក្នុងនោះ ៤៧ គម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈដែល ១៧ គម្រោងទៀតស្ថិតក្នុងការអនុវត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម