Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ»

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ លោកស្រី បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន អម​ដំណើរ​ដោយ​មន្ត្រី​ជំនាញ និង​ក្រុមការងារ បាន​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាព​ការ​ស្ថាបនា «​សួន​ប៉ៃលិន​មរតក​តេ​ជោ​» នៅ​អម​សងខាង​ដងស្ទឹង​ប៉ៃលិន ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​សាធារណៈ​ក្នុង​ខេត្ត ជាពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត មក​លេង​កម្សាន្ត ដែល​ជា​កត្តា​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី គឺ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យមាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​ដូចជា ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ បច្ចុប្បន្ន រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា រួម​ទាំង​ការ​ដាំ​ដើមឈើ ការ​ដាំ​ផ្កា​លំអ​បន្ថែម និង​ការ​ថែទាំ ព្រម​ទាំង​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ សួន​ពុះ​ចែក​ទ្រូងផ្លូវ ឱ្យ​បាន​កាន់តែ​ល្អ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន និង​សុខភាព ក៏​ដូចជា​បន្ថែម​ក្រវាត់​ពណ៌​បៃតង​ក្នុង​ទីក្រុង ប្រកប​ដោយ​សោភ័ណភាព​ស្រស់បំព្រង ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​កាន់តែ​ច្រើន​ឡើង ដែល​ជា​កត្តា​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជីវភាព​ពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង។

លោកស្រី​អភិបាល​ខេត្ត បញ្ជាក់​ថា ការ​ស្ថាបនា​សួនច្បារ​ដាក់​ឈ្មោះ​សួន«​ប៉ៃលិន​មរតក​តេ​ជោ​» គឺ​ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​កតញ្ញូ សម្ដែង​នូវ​ការ​ដឹងគុណ និង​ការ​ចងចាំ​រំឭក​ដល់​វីរភាព ស្នាដៃ និង​ភាព​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ក្នុង​ការ​ស្វែងរក​សុខ​សន្តិភាព ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព ព្រមទាំង​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាតិ និង​បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្វែងយល់​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​ប៉ៃលិន ដែល​ជា​ចំណុច​ឈ្នួន​ផ្ទុះ​សន្តិភាព និង​សមត្ថភាព ចំណេះដឹង​ពិតប្រាកដ នៃ​មគ្គុទ្ទេសក៍​អ្នក​ដឹកនាំ​កម្ពុជា។

លោកស្រី បាន ស្រីមុំ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះថា​ការ​ស្ថាបនា និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ក្នុង​នោះ​អ្នក​ដែល​រស់​នៅ​តាម​ដងស្ទឹង​ប៉ៃលិន សូម​មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ផល​ប៉ះពាល់ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​សមិទ្ធផល​ថ្មី​នេះ​សម្រេច​បាន​ទៅ​តាម​ការ​គ្រោងទុក និង​ឆាប់​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ទាំងអស់​គ្នា។

សូម​បញ្ជាក់​ថា សួន«​ប៉ៃលិន​មរតក​តេ​ជោ​» ដែល​កំពុង​ស្ថាបនា​នា​ពេលនេះ មាន​ប្រវែង ១៨០០ ម៉ែត្រ នៅ​អម​សងខាង​ដងស្ទឹង​ប៉ៃលិន ចាប់ពី​ចំណុច​ស្ពាន​សន្តិភាព ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​មក​ដល់​ស្ពាន​អូរ​ច្រា ស្ថិត​ក្នុង​ភូមិ​ទួល​ល្វា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម