Connect with us

ព័ត៌មានជាតិ

កម្ពុជា ចាប់ផ្តើមដំណើរការតេស្តរកមេរោគអេដស៍ក្នុងចំណោម បុរសស្រលាញ់បុរស និងក្រុមនារីកែភេទ

បានផុស

នៅ

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគក្រោមជំនួយឧបត្ថម្ភថវិកាពីស្ថាប័នស្រាវជ្រាវបារាំង ANRS MIE បានបើកដំណើរការគម្រោងស្រាវជ្រាវទាក់ទងនឹងការធ្វើតេស្តរកមេរោគអេដស៍ក្នុងចំណោមបុរសរួមភេទនឹងបុរស និង ក្រុមបំប្លែងភេទជានារីមានភាពប្រសើរឡើងនៅទីក្រុងភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពីធីបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី២១វិច្ឆិកា លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបានមានប្រសាសន៍ថា គម្រោងសិក្សាស្រាវជ្រាវនេះ មានរយៈពេល២ឆ្នាំ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ អន្តរជាតិ និងអ្នកស្រាវជ្រាវអន្តរជាតិជាច្រើន ដែលនឹងសិក្សាអំពីលទ្ធភាពនៃការផ្តល់ឧបករណ៍ធ្វើតេស្តរកមេរោគអេដស៏ ដោយឱសថស្ថានឯកជន គួបផ្សំនិងវិធីសាស្រ្តជ្រើសរើសសំណាកគំរូតាមបណ្តាញតៗគ្នា ដើម្បីធ្វើឱ្យការធ្វើតេស្តរកមេរោគអេដស៍ក្នុងចំណោមបុរសរួមភេទនឹងបុរស និង ក្រុមបំប្លែងភេទជានារី មានភាពប្រសើរឡើងនៅទីក្រុងភ្នំពេញ– ANRS 0100s (ហៅកាត់ថាតេស្តដោយសម្ងាត់)។

លោកសាស្រ្តាចារ្យ Bruno Spire សហប្រធានគម្រោង បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការចាប់ផ្តើមគម្រោងស្រាវជ្រាវថ្មីមួយនេះ និងគូសបញ្ជាក់ពីការផ្តល់ឱកាសឱ្យក្រុមការងាររៀនសូត្របានច្រើនអំពីវិធីសាស្ត្រថ្មីៗក្នុងការស្រាវជ្រាវផ្នែកបង្ការជំងឺអេដស៍។

ចំណែកលោកវេជ្ជបណ្ឌិត សំរិត សុវណ្ណរិទ្ធ អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានគូសបញ្ជាក់ពីការគាំទ្រចំពោះការចូលរួមអនុវត្តគម្រោងដ៍មានសារ:សំខាន់នេះ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គម្រោងនេះត្រូវបានពិភាក្សានិងគ្រោងទុកតាំងពីអំឡុងឆ្នាំ ២០១៨-២០១៩មកម្ល៉េះប៉ុន្តែត្រូវបានពន្យាពេលដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាបែបបទមួយចំនួន។

ទោះបីជាមានការចាប់ផ្តើមយឺតយ៉ាវក្តី លោកបានបង្ហាញពីសុទិដ្ឋិនិយមថាយឺតនៅតែប្រសើរជាងមិនបានធ្វើសោះ ហើយបានសង្កត់ធ្ងន់ថាគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកម្ពុជាឱ្យឈានទៅសម្រេចបាននូវគោលដៅ ៩៥ ទីមួយ (ការធ្វើតេស្តរកអ្នកផ្ទុកមេរោគអេដស៍ឱ្យឃើញ ៩៥%) នៃយុទ្ធសាស្ត្រ ៩៥-៩៥-៩៥។

តាមការប៉ាន់ស្មានឆ្នាំ២០២៤ កម្ពុជាមានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤កន្លែង ចំនួន ៦៩៩៩៤ នាក់ ហើយប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ ៦០០០នាក់ ទៅ ៧០០០នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ឆ្នាំៗមានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់និងស្លាប់ប្រមាណ ១ ១០០ នាក់។

ក្នុងនោះ អ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ ៧៧% ស្ថិតក្នុងចំណោមប្រជាជនគន្លឹះ ដែលរួមមាន បុរសរួមភេទជាមួយបុរសមានអត្រាប្រវ៉ាឡង់ប្រមាណ ៤% អ្នកបំប្លែងភេទ មានអត្រាប្រវ៉ាឡង់ប្រមាណ ៩.៦% ស្ត្រីបម្រើក្នុងសេវាកំសាន្ត មានអត្រាប្រវ៉ាឡង់ប្រមាណ ៤.៩% អ្នកប្រើប្រាស់គ្រឿងញៀនមានអត្រាប្រវ៉ាឡង់ប្រមាណ ៥.៧$៕
អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម