ព័ត៌មានជាតិ
មានវិស័យអាទិភាពចំនួន ៣ ជាទិសដៅជំរុញការវិនិយោគខេត្តទាំង ៤ នៅភូមិភាគឦសាន
កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានដឹកនាំប្រតិភូក្រុមការងារចុះទៅខេត្តទាំង ៤ នៅភូមិភាគឦសាន (ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី) ដើម្បីជួបសំណេះសំណាល ពិភាក្សាអំពីទិសដៅ និងយន្តការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តនៅភូមិភាគឦសាន។
ក្នុងការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តនៅតំបន់ភូមិភាគឦសាន លោក ហ៊ាន សាហ៊ីប បានគូសរំលេចអំពីសារសំខាន់នៃការបំពេញបន្ថែមគ្នាទៅវិញទៅមករវាងក្រុមការងារ ក.វ.ឦសាន ជាមួយអនុគណៈកម្មការវិនិយោគរបស់ខេត្តនីមួយៗ ក្នុងការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកក៏បានចែករំលែកបទពិសោធន៍ និងទិដ្ឋភាពសំខាន់ៗនៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ដែលទទួលបានជោគជ័យលើសពីការរំពឹងទុក ដោយបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោង ប្រមាណ ៤០០ ក្នុងទំហំវិនិយោគជិត ៨ ប៊ីលានដុល្លារអាមេរិក និង បាននាំមកនូវសមិទ្ធិផលសំខាន់ៗជាច្រើន ជូនសង្គម-សេដ្ឋកិច្ចជាតិ ក៏ដូចជាសង្គម-សេដ្ឋកិច្ចក្នុងមូលដ្ឋាន។
ពាក់ព័ន្ធការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានឆ្នាំ ២០២៥-២០២៨ លោកបានលើកឡើងពីកិច្ចការអាទិភាពសម្រាប់ជំរុញការវិនិយោគផ្តោតសំខាន់លើវិស័យចំនួន ៣ រួមមាន ១). វិស័យកសិកកម្ម ដែលរួមបញ្ចូលទាំងការជំរុញការប្រើប្រាស់ដីធ្លីឱ្យអស់សក្តានុពល, ២). វិស័យកសិ-ឧស្សាហកម្ម ដែលផ្តោតលើការលើកកម្ពស់ការកែច្នៃកសិផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និង ៣). វិស័យទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ទាក់ទាញ តាមសក្តានុពលក្នុងតំបន់។
ការអនុវត្តកិច្ចការនេះ ទាមទារឱ្យមានការជ្រោមជ្រែង និង ភាពបុរេសកម្មរបស់អាជ្ញាធរខេត្តនីមួយៗ ក្នុងការចូលរួមទាក់ទាញការវិនិយោគ ប្រកួតប្រជែងនឹងប្រទេសជិតខាងនិង ខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងចំណោមខេត្តទាំងបួន នៅក្នុងភូមិភាគឦសាន ផងដែរ។ ទន្ទឹមនេះ, រដ្ឋបាលខេត្តនីមួយៗ ត្រូវត្រៀមខ្លួនទទួលបន្តការរៀបចំ ការគ្រប់គ្រង និង ការថែទាំគម្រោងវិនិយោគទាំងឡាយ ប្រកបដោយស្មារតីបុរេសកម្ម និង ទំនួលខុសត្រូវខ្ពស់ បន្ទាប់ពីកម្មវិធីពិសេសត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២៨។
ជាការឆ្លើយតប គណៈអភិបាលខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ បានបញ្ជាក់ជំហរគាំទ្រក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជំរុញការវិនិយោគនៅភូមិភាគឦសាន ឱ្យមានលទ្ធផលផ្លែផ្កា ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តនៅភូមិភាគឦសាន ក៏បានរាយការណ៍អំពីស្ថានភាពបច្ចុប្បន្ន, សក្តានុពល និង បញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ព្រមទាំងបានគូសរំលេចអំពីសមិទ្ធផលសំខាន់ៗ ដែលខេត្តសម្រេចបាននាពេលកន្លងមក និង ផែនការអភិវឌ្ឍន៍សំខាន់ៗក្នុងខេត្ត នាជំហានបន្ទាប់។



ក្នុងដំណើរទៅកាន់ខេត្តទាំងបួន លោក ហ៊ាន សាហ៊ីប ក៏បានឆ្លៀតចុះពិនិត្យស្ថានភាពវិនិយោគជាក់ស្តែងរបស់ក្រុមហ៊ុន ថាហ្រ្គី ក្រចេះ (Thagri Kratie) ដែលមានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ដែលកំពុងវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប, ដោយពិនិត្យលើប្រសិទ្ធភាពនៃខ្សែច្រវ៉ាក់ផលិតកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ស្ថានភាពប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និង ជំនាញ ស្របតាមច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា, ជាពិសេស ជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ពិសេសគឺក្នុងពេលដែលយើងកំពុងមានចលនាប្រើប្រាស់ផលិតផលក្នុងស្រុក សំដៅឈានទៅម្ចាស់ការ ដោយកម្ពុជាខ្លួនឯង នូវសមត្ថភាពផលិតក្នុងស្រុក ឱ្យបានជាអតិបរិមា ទាំងបរិមាណ គុណភាព និង ប្រភេទទំនិញ។
ជាមួយគ្នានេះដែរ លោកក៏បានចុះជួបជាមួយវិនិយោគិនក្នុងវិស័យកាហ្វេនៅខេត្តមណ្ឌលគិរី ដោយបានឈ្វែងយល់អំពីស្ថានភាពអាជីវកម្មកាហ្វេនៅក្នុងខេត្ត និង បានលើកទឹកចិត្តឱ្យវិនិយោគិនខិតខំជំរុញការអភិវឌ្ឍវិសេសភាព និង គុណភាពនៃដំណាំកាហ្វេ ដែលដាំនៅលើទឹកដីខេត្តមណ្ឌលគិរី ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកផង និង បង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផង៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


