Connect with us

ព័ត៌មានជាតិ

ផ្លូវថ្មីមួយ​ខ្សែ​បាន​ឈូសទម្លុះ​ តភ្ជាប់​​ពី​តំបន់ទេសចរណ៍​ជីផាតទៅដល់តំបន់​​អារ៉ែង ​​មានចម្ងាយជាង ៣០ គីឡូម៉ែត្រ

បានផុស

នៅ

ផ្លូវថ្មី​មួយ​ខ្សែ​ត្រូវ​បាន​អាជ្ញាធរ​ឈូស​សម្រួល​​តភ្ជាប់​ការធ្វើដំណើរពី​តំបន់អេកូទេសចរណ៍ជីផាត ​ទៅដល់​តំបន់អេកូទេសចរណ៍​អារ៉ែងក្នុងស្រុក​ថ្មបាំង​ខេត្ត​កោះកុង។

លោក អៀង ដារ៉ាវុធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​​ជនបទ​ខេត្ត​កោះកុង​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ផ្លូវ​​​ដែល​អាជ្ញាធរ​បាន​ឈូសសម្រួល​នេះ​​មាន​ប្រវែង​ជាង ៣០ គីឡូម៉ែត្រ ដែល​តភ្ជាប់ពី​តំបន់ទេសចរណ៍​ជីផាតទៅ​ដល់តំបន់អេកូ​ទេសចរណ៍អារ៉ែងក្នុងស្រុកថ្មបាំង​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ផ្លូវដែលឈូសសម្រួល​នេះ​អាចធ្វើដំណើរ​បានតែ​​នៅ​​រដូវ​ប្រាំង នៅ​​រដូវវស្សា​អាច​ប្រឈម​ការ​ដាច់ខ្លះៗ​ដែល​បង្ក​ការ​លំបាក​សម្រាប់​យានយន្តធ្វើដំណើរ​ឆ្លង​កាត់​។

ក្រៅពីផ្លូវថ្មី​ដែលអាជ្ញាធរ​បាន​ឈូសសម្រួលធ្វើដំណើរ​បណ្តោះអាសន្ន ផ្លូវ​ទៅ​អារ៉ែងក្នុងស្រុកថ្មបាំង​ក៏​កំពុង​ត្រូវ​បាន​ស្ថាបនា​ជាផ្លូវកៅស៊ូនិង​បេតុង​​ចេញពីផ្លូវជាតិលេខ ៤៨ ដោយ​ប្រើប្រាស់​មូលនិធិ​ពី​ដៃគូអភិវឌ្ឍ។

លោក​ អៀង ដារ៉ាវុធ បាន​បញ្ជាក់​ថា ផ្លូវ​ដែល​កំពុង​ស្ថាបនា​ទៅ​តំបន់អារ៉ែង​គឺ​បំបែក​ចេញពី​ផ្លូវជាតិលេខ ៤៨ ត្រង់​គីឡូម៉ែត្រ​លេខ ១១៥។ ផ្លូវនេះ​សាងសង់​ចែកចេញ​ជា ៣ កំណាត់​ ដោយ​កំណាត់​ទី ១ ប្រវែង ២៦ គីឡូម៉ែត្រ ​ជា​គម្រោង​របស់ AIB​​ សម្រេច​ការស្ថាបនាបាន​​​ប្រហែល ៩០% និង​កំណាត់​ទីពីរ​ពី​​ស្រុក​ថ្ម​បាំងដល់​ស្ទឹងអារ៉ែង​ប្រវែង​ ១៦ គីឡូម៉ែត្រ​​ជា​គម្រោង​របស់ CSLEP ដែល​ទើប​បើកការដ្ឋាន​ដែល​​គ្រោង​ចំណាយ​ពេលសាងសង់​ប្រហែល ១ ឆ្នាំ ខណៈ​កំណាត់​​ផ្លូវ​ប្រវែង​ជាង ១០ គីឡូម៉ែត្រ​ក្នុង​ទីរួមស្រុក​ថ្មបាំង ​ដែល​ជា​គម្រោង​របស់​រដ្ឋាភិបាល​តាម​រយៈក្រសួង​អភិវឌ្ឍ​ន៍ជនបទ​ បាន​​ស្ថាបនា​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់។

ផ្លូវ​ដែលកំពុង​សាងសង់​ទៅស្ទឹង​អារ៉ែង​​ជា​ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ ដែល​​រាប់សិបឆ្នាំមកហើយ​មិន​មានផ្លូវ​ធ្វើ​ដំណើរ​ទៅ​​មក​ងាយស្រួល​នោះ​ទេ។ បើតាម​មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង ​​​ថ្ងៃ​ខាងមុខ​ផ្លូវមួយ​ខ្សែ​នេះ​ក៏​នឹង​​​អាច​តភ្ជាប់​ជាមួយខ្សែ​ផ្លូវ​ដែល​គ្រោង​សាងសង់​ចេញ​ពី​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​​តភ្ជាប់​ទៅ​បណ្ដា​ខេត្ត​ផ្សេងៗ​​ទៀត​នៅ​តំបន់​​ភូមិ​ភាគ​កណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម