Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រពេញព្រះហឬទ័យយ៉ាងខ្លាំងចំពោះសាមគ្គីដ៏រឹងមាំរបស់ខ្មែរប្រឆាំងសត្រូវឈ្លានពានទឹកដី

បានផុស

នៅ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពេញព្រះហឬទ័យយ៉ាងខ្លាំងចំពោះមហាសាមគ្គីដ៏ខ្លាំងក្លារបស់ពលរដ្ឋខ្មែរគ្រប់រូបប្រឆាំងទៅនឹងសត្រូវដែលឈ្លានពានទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែន។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ទ្រង់បានបង្ហាញការពេញព្រះហឬទ័យចំពោះសាមគ្គីជាតិខ្មែរបែបនេះ នៅក្នុងព្រះរាជសារ អបអរសាទរការបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាកិច្ចប្រជុំមួយកើតឡើងរយៈពេល៤ខែ បន្ទាប់ពីថៃបើកការវាយប្រហារមកលើកម្ពុជាដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ខ្ញុំព្រះករុណាខ្ញុំ ពេញព្រះហឬទ័យយ៉ាងខ្លាំង ដោយបានកត់សម្គាល់ឃើញថា  ប្រជាជាតិកម្ពុជា​ឯកភាពគ្នា សាមគ្គីដ៏រឹងមាំ ក្នុងកាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជាយើងប្រឈមនឹងការគំរាមកំហែងចំពោះអធិបតេយ្យភាព និងបូរណភាពដែនដី ពីសំណាក់សត្រូវឈ្លានពាន។»។ ព្រះមហាក្សត្រ មានព្រះរាជចំណារបែបនេះ ក្នុងព្រះរាជសារ។

ព្រះមហាក្សត្រ ក៏មានព្រះរាជចំណារកោតសរសើរចំពោះរដ្ឋសភានីតិកាលទី៧ ដែលទោះបីស្ថិតក្នុងវិស្សមកាលក៏ដោយ ក៏នៅរក្សាបាននូវប្រពៃណីរួបរួម សាមគ្គីជាធ្លុងមួយ ជាមួយប្រជាជាតិកម្ពុជាទាំងមូល ជាអាទិ៍រាជរដ្ឋាភិបាល ព្រមទាំងវីរៈកងទ័ពខេមរភូមិន្ទកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ និងសម្តេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បង្កើតបានជាកម្លាំងសរុបយ៉ាងខ្លាំងមហិមា ធានាការពារបានដោយជោគជ័យនូវបុព្វហេតុដ៏ថ្លៃថ្លានៃកម្ពុជា។

បើតាមព្រះមហាក្សត្រ រដ្ឋសភា បានចុះបំពេញការងារយ៉ាងសស្រាក់សស្រាំនៅតាមមណ្ឌលរាជធានីខេត្ត នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង អំពីវឌ្ឍនភាព បញ្ហាប្រឈម តម្រូវការ និងក្តីកង្វល់នានា របស់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត ព្រមទាំងបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុង បំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈម តាមព្រំដែនមកស្នាក់នៅទីសុវត្ថិភាព។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បានផ្ញើសេចក្តីនឹករលឹកដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រ ក៏បានកោតសរសើរចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត  ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ដើម្បីធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខ រួមទុក្ខជាមួយប្រជា ពលរដ្ឋនូវគ្រប់កាលៈទេសៈ ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាព ទឹកដី សិទ្ធិ សេរីភាព និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  ក៏មានព្រះរាជចំណារកោតសរសើរចំពោះភក្ដីភាពរបស់ពលរដ្ឋខ្មែរលើទឹកដី និងជាតិ បែបនេះ៖« ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការកោតសរសើរចំពោះស្មារតីសាមគ្គីភាព ដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាព ទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេស មួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត ។»

កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា​ កងទ័ពថៃបានបើកការវាយប្រហារឈ្លានពានទាំងកម្រោលមកលើទឹកដី និងកងទ័ព ប្រជាជនកម្ពុជា ការណ៍នេះបង្ខំឱ្យកម្ពុជា ត្រូវប្រើសិទ្ធិការពារខ្លួនស្របទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រឆាំងការឈ្លានពាន។​ ក្នុងការប្រយុទ្ធគ្នារយៈពេល៥យប់ថ្ងៃ កងទ័ពថៃ បានប្រើសព្វាវុធទំនើបៗរាប់ចាប់តាំងពីយន្តហោះចម្បាំង កាំភ្លើងធំចម្ងាយឆ្ងាយ ប្រព័ន្ធបាញ់កាំជ្រួចហ្វូង គ្រាប់បែកធុនធ្ងន់ ផ្សែងពុល គ្រាប់បែកចង្កោមដែលអន្តរជាតិហាមឃាត់ និងស្ទើរគ្រប់មធ្យោបាយមកលើកងទ័ពកម្ពុជា ដែលឈរការពារទឹកដីស្របច្បាប់។ កងទ័ពកម្ពុជា ដែលឈរការពារជាតិ និងទឹកដីបានទប់ទប់ការប្រយុទ្ធពេញទី កំដររហូតដល់មានបទឈប់បាញ់ដែលចូលជាធរមាននៅវេលាម៉ោង០០ ថ្ងៃទី២៨ ខែកក្កដា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម