Connect with us

ព័ត៌មានជាតិ

ថ្ងៃទី៥ ខែធ្នូ កម្ពុជា-វៀតណាម នឹងចាប់ដៃគ្នាសម្ពោធជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម

បានផុស

នៅ

តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ  នឹងចាប់ដៃគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម នៅខេត្តព្រៃវែងជាប់នឹងខេត្តតៃនិញរបស់វៀតណាម នៅចំខួប៥៨ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ មុននឹងកម្មវិធីមកដល់មន្ត្រីជំនាញ កងកម្លាំងសន្តិសុខនៃប្រទេសទាំងពីរ ក៏បានជួបប្រជុំគ្នាជាច្រើនលើក ដើម្បីត្រៀមលក្ខណៈរៀបចំកម្មវិធីឱ្យបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៃកម្ពុជា និងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ស្ថិតនៅក្នុងស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម ភ្ជាប់គ្នាដោយស្ពានឆ្លងទន្លេ។ ព្រំដែននៃប្រទេសទាំងពីរនៅចំណុចនេះ មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ដំបូងឡើយ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ- តឺនណាម គ្រាន់តែជាច្រករបៀងដែលប្រជាជននៃប្រទេសទាំងពីរ រស់នៅជិតគ្នាដោះដូរទំនិញ និងកសិផលទៅវិញទៅមកប៉ុណ្ណោះ។ បន្ទាប់មក នៅអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយទៅជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យ។ បន្ទាប់មកទៀតនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងច្រកនេះពីច្រកទ្វារតំបន់ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ”។

រីឯវៀតណាម ក៏បានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនតឺនណាម ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិ តឺនណាម នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧។ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ– តឺនណាម ក៏បានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកម្រិតថ្នាក់ខេត្ត គឺខេត្តព្រៃវែង ខេត្តតៃនិញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

បើតាមរបាយការណ៍ច្រកទ្វារនេះមានទំហំផ្ទៃដីសរុបជិត៩ម៉ឺនម៉ែត្រការេ ហើយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ អគារបំពេញបែបបទចេញ-ចូលបណ្តោះអាសន្ន១ខ្នង ខ្លោងទ្វាររូបប្រាសាទអង្គរវត្តប្រវែង២២,៤ម៉ែត្រ កម្ពស់១៧ម៉ែត្រ។ អគារបំពេញបែបបទចេញ-ចូលជាសំណង់រឹងមាំ២ខ្នង។

រយៈពេល១០ខែ នៃ​ឆ្នាំ ២០២៥  ​អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ឱ្យដឹងថា ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-វៀតណាម​​ជាង ​៦,៥៨ ​ពាន់​លាន​ដុល្លារ ក្នុង​នោះកម្ពុជា​​នាំទំនិញចេញ​ទៅវៀត​ណាមមាន​ទំហំ​ទឹកប្រាក់ ​៣,១៤ ពាន់លានដុល្លារ ចំណែក​វៀតណាមនាំចូល​មកវិញ​មាន​តម្លៃ ៣,៤៤ ពាន់លានដុល្លារ។ កម្ពុជា វៀតណាម ដាក់ក្ដីរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងដល់២០ពាន់លានដុល្លារ នាពេលដ៏ឆាប់ខាងមុខនេះ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាមជាផ្លូវការ  ក្លាយជាក្ដីរំពឹងថា នឹងជាចលករមួយបន្ថែមទៀត ក្នុងការជួយជំរុញឱ្យការដោះដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែមមួយកម្រិតទៀត។

សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលជួបជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាមថ្មីៗនេះ  បានគូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ គឺអំណោយផលដល់ការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។

សម្ដេច ហ៊ុន សែន ចាត់ទុកការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ« ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម» ថាជាសញ្ញាវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ ស្របពេលដែលទំនាក់ទំនងសេដ្ឋកិច្ច នយោបាយនៃប្រទេសទាំងពីរមានភាពល្អប្រសើរស្រាប់។

ការប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ រីកចម្រើន ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ គឺជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកម្ពុជា ដែលតែបញ្ជាក់ជារឿយៗ។

កម្ពុជា-វៀតណាម បានបង្កើត​ទំនាក់ទំនងការទូត​ផ្លូវការជាមួយគ្នា​នៅថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ១៩៦៧ ដែលគិតមកទល់ឆ្នាំ២០២៥ ឈានដល់វ័យ៥៨ឆ្នាំហើយ ប៉ុន្តែបើផ្អែក​តាម​ប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមាន​ទំនាក់ទំនង​​​គ្នាជាយូរលង់មកហើយ ពោលគឺ​តាំងពី​សតវត្សរ៍ទី១៥ នៃគ្រិស្តសករាជមកម្ល៉េះ។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០​គីឡូម៉ែត្រ និង​មាន​ទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ​ត្រូវបានចងភ្ជាប់ដោយ​ចំណង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម