Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​ពិព័រណ៍​ធំៗ​ចំនួន ៣ កើត​ឡើង​ចុង​សប្តាហ៍​នេះ នឹង​នាំ​ការ​ជួបជុំ​​​មនុស្ស​រាប់​ម៉ឺន​នាក់​​ចូល​ទស្សនា​

បានផុស

នៅ

នៅ​ចុង​សប្តាហ៍​នេះ នឹង​មាន​ព្រឹត្តិការណ៍​ដ៏​ធំ​ចំនួន ៣ កើត​ឡើង ដែលក្នុង​នោះមាន​ការ​រៀបចំ​ពិព័រណ៍​​បង្ហាញ​ពី​ផលិតផល​ប្រើប្រាស់ និងគ្រឿង​​បរិក្ខារសំណង់​​ រួមទាំង​វេទិកាបច្ចេកវិទ្យា​ ដែល​រំពឹង​នឹង​ទាក់ទាញ​ការ​ចូលរួម​ពី​មនុស្ស​រាប់​ម៉ឺននាក់។

«វេទិកា​រដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ»

«វេទិកា​រដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ» នៅ​ចុងសប្តាហ៍នេះធ្វើឡើង​ក្នុង​គោល​​បំណង​ផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះ​ស្ថាន​អប់រំ សង្គម​ស៊ីវិល និង​សហគមន៍​បច្ចេកវិទ្យា ជួប​ពិភាក្សា​អំពីគោលនយោបាយ ពាក់ព័ន្ធ​នឹង​អ៊ីនធឺណិត​ថ្នាក់​ជាតិ និង​ជំរុញ​ការចាប់​យក​ឧត្តមានុវត្តន៍​ពី​វេទិកា​អភិបាល​កិច្ចអ៊ីនធឺណិត​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក​។

វេទិកា​រដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ឆ្នាំនេះ​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ៖ ការពន្លឿន​អនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល។

គោលដៅ​ជាអត្ថប្រយោជន៍​សំខាន់ៗសម្រាប់​ការ​ចូលរួម៖

– ស្វែងយល់ពីដំណើរឆ្ពោះទៅបរិវត្តិកម្មឌីជីថលនៅកម្ពុជា
– ព្រឹត្តការណ៍អមធំៗកម្រិតជាតិ និងអន្តរជាតិ ដែលនឹង​មានការ​ចូលរួមពីវាគ្មិនល្បីៗ
– ស្វែងយល់ពី​បច្ចេកវិទ្យាឌីជីថលថ្មីៗរបស់កម្ពុជា និងសមិទ្ធផលថ្មីៗក្នុងវិស័យឌីជីថល
– ការតាំងពិព័រណ៍​បង្ហាញអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗផ្លាស់ប្ដូរចំណេះដឹង​ និង​បទពិសោធន៍​ពាក់ព័ន្ធ​បច្ចេកវិទ្យាឌីជីថល​
– ពង្រីកឱកាសអាជីវកម្ម ឱកាសការងារ និងបង្កើតភាពជាដៃគូជាមួយភាគីពាក់ព័ន្ធជាតិ និង​អន្តរជាតិ

វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នឹង​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​៥-៦-៧ ខែ​ធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)»

«ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជា (CTExpo)» ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំ​ប្រចាំឆ្នាំ​ ដែល​រៀបចំ​ក្នុង​គោល​បំណង​តាំង​បង្ហាញផលិតផល ដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញ​នាំចេញ-នាំចូល​សំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់​បណ្តា​អ្នកផ្គត់ផ្គង់​ជុំវិញ​ពិភពលោក។

«ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៥ នឹងមានការ​ដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន ផលិតផលសម្រាប់​ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ នេះ ​រៀបចំឡើងក្រោម​មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាព​ផលិតផល​ក្នុងស្រុក» ដែលប្រព្រឹត្តិទៅពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ ស្តង់ ដែលក្នុងនោះ ៦០% គឺជា​ផលិត​ផលខ្មែរ។

ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​-អន្តរជាតិ

ពិព័រណ៍​ឧស្សាហកម្ម​សំណង់កម្ពុជា-អន្តរជាតិ​ឆ្នាំ២០២៥ នឹង​ត្រូវធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ ដល់ថ្ងៃទី៧ ខែ​ធ្នូ ឆ្នាំ២០២៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ។

ពិព័រណ៍នេះ នឹង​ផ្តល់ឱកាស​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ម្ចាស់​រោងចក្រ ឬអ្នក​នាំចូល​សម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់ អាចចូលរួម​ដាក់តាំង​បង្ហាញ​ផលិតផល​​ផ្សេងៗ។

ឆ្នាំ ២០២៥ នេះ គឺជាលើកទី ១៥ ដែលសមាគមអ្នកសាងសង់កម្ពុជារៀបចំ ​«ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា-អន្តរជាតិ» ដែលកម្មវិធីនេះ​នឹង​ផ្តល់ឱកាសឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិ ក្រៅពី​បង្ហាញ​ពី​​ផលិតផលនានា​ ក៏​ដើម្បី​ជំរុញ​ឲ្យមានការ​សហការគ្នា​ជាដៃគូ​​អាជីវកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម