Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាកម្ពុជា ហៅការឈ្លានពានទាំងកម្រោលរបស់ថៃថា ជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម

បានផុស

នៅ

ព្រឹទ្ធសភាថ្កោលទោសចំពោះការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់យោធាថៃ ដែលបើកការ ឈ្លានពានរំលោភលើដែនដីអធិបតេយ្យរបស់កម្ពុជា។ ព្រឹទ្ធសភាកម្ពុជាចាត់ទុកទង្វើឈ្លានពានរបស់ថៃនេះ ជាការរំលោភបំពានធ្ងន់ធ្ងរ និងកាន់តែកើនឡើង ប្រព្រឹត្តទៅក្រោមលេសប្រឌិត គ្មាន មូលដ្ឋានពិតប្រាកដ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹទ្ធសភាកម្ពុជា សង្កត់ធ្ងន់ថា៖«សកម្មភាពឈ្លានពានរបស់ថៃបានកើតមានឡើងនៅចំណុចជាច្រើនតាមបណ្តោយព្រំដែនរវាង រដ្ឋទាំងពីរ ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ នៅក្នុងតំបន់ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយមិនអាចប្រកែកបាន ស្របតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ និង ១៩០៧ ផែនទី ឧបសម្ព័ន្ធទី១ និងការបកស្រាយជាផ្លូវការដោយតុលាការយុត្តិធម៌អន្តរជាតិ ដែលទាំងអស់នេះបាន បញ្ជាក់រួមគ្នាអំពីអធិបតេយ្យរបស់កម្ពុជាលើតំបន់អស់ទាំងនេះ។ »។

ព្រឹទ្ធសភាវាយតម្លៃថា សកម្មភាពរបស់ថៃ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស មាត្រា២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់យ៉ាងច្បាស់លាស់មិនឱ្យមានការគំរាម កំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យនយោបាយរបស់រដ្ឋណាមួយឡើយ។ ការជ្រៀតចូលដោយចេតនា និងដោយប្រដាប់អាវុធចូលក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានលើ កាតព្វកិច្ចរបស់ថៃក្រោមអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ ស្តីពីការវាស់វែង និងកំណត់ព្រំដែន គោក, សេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥, ធម្មនុញ្ញអាស៊ាន, និង សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ផងដែរ។

ព្រឹទ្ធសភាថា សកម្មភាពយោធាឈ្លានពានជាឯកតោភាគីបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខ ក្នុងតំបន់ និងជាការបដិសេធការប្តេជ្ញាចិត្តជាឧឡារិករបស់ថៃដែលបានធ្វើឡើងដោយសេរី ក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ។ ទង្វើអស់ទាំងនេះធ្វើឱ្យខូចខាតដល់គោលការណ៍សំខាន់ៗនៃការរួមរស់ដោយ សន្តិសហវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក និងការគោរពខ្សែព្រំដែនទទួលស្គាល់ជាអន្តរជាតិ ដែល ជាគោលការណ៍មូលដ្ឋានគ្រឹះនៃសាមគ្គីភាពអាស៊ាន និងសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ។

ព្រឹទ្ធសភាកម្ពុជា អំពាវនាវដល់រដ្ឋសមាជិកអាស៊ាន អង្គការសហប្រជា ជាតិ និងសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ចំពោះការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនេះ និងជំរុញប្រទេសថៃឱ្យគោរពគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។

ព្រឹទ្ធសភាសូមអះអាងឱឡារិកជាថ្មី អំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមយ៉ាងហ្នឹងម៉ាត់តាមធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមិនអាច ហើយ នឹងមិនអត់ឱនចំពោះការរំលោភបំពានលើអធិបតេយ្យរបស់ខ្លួនជាបន្តបន្ទាប់នោះឡើយ។ អាស្រ័យ ហេតុនេះ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទាំងអស់របស់ខ្លួនយ៉ាងច្បាស់លាស់ក្រោមច្បាប់អន្តរជាតិ រួមទាំងសិទ្ធិការពារខ្លួនដែលមិនអាចកាត់ផ្តាច់បាន ប្រសិនបើប្រទេសថៃនៅតែបន្តសកម្មភាពខុសច្បាប់ និងបង្កហេតុរបស់ខ្លួន។

ព្រឹទ្ធសភាបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការការទូត ច្បាប់ និងវិធានការ សមស្របផ្សេងទៀតចាំបាច់ទាំងអស់ ដើម្បីការពារបូរណភាពទឹកដី ការពារប្រជាជន និងលើកតម្កើង កិត្តិយស និងអធិបតេយ្យជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម