Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ សហការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ស្វែងរក​គណនីឆបោក

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ដើម្បីបង្កើនការជឿជាក់របស់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់ឌីជីលប្រកបដោយសុវត្ថិភាព។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះអនុស្សរណៈនាឱកាសនោះដែរ លោកស្រី ជា សិរី បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់អត្ថប្រយោជន៍​សម្រាប់ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករផ្តល់សេវាទូរសព័្ទចល័ត ក្នុងការគ្រប់គ្រងអតិថិជនរបស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន។ លោកស្រីបញ្ជាក់ថា «បន្ទាប់ពីដាក់ចេញនូវយន្តការខាងលើនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងការស្វែងរកអត្តសញ្ញាណជនខិលខូចនៅពេលដែលមានករណីបន្លំ ឆបោកកើតឡើង ហើយជាមួយគ្នានេះក៏ជួយពង្រឹងជំនឿទុកចិត្តរបស់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់ឌីជីលប្រកបដោយសុវត្ថិភាព»។

កាលពីខែមេសា ឆ្នាំ២០២១ ស្ថាប័នទាំងពីរនេះ ក៏បានចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការចែករំលែកចំណេះដឹង និងព័ត៌មាន ពាក់ព័ន្ធនឹងនវានុវត្តន៍ និងបច្ចេកវិទ្យា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យកាន់តែប្រសើរឡើង និងជាថ្នាលពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និង នវានុវត្តន៍របស់មន្ត្រីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ ក្នុងការអនុវត្តការងារពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើននៃបច្ចេកវិទ្យា។

ទន្ទឹមនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់, ការប្រើប្រាស់សេវាទូទាត់សងប្រាក់ជាឌីជីថល  ក៏សង្កេតឃើញថា នៅក្នុងការចុះឈ្មោះបើកគណនីធនាគារ និងគណនីទូទាត់សងប្រាក់ (អ៊ីវ៉ាឡេត) លេខទូរស័ព្ទត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើ។ ក៏ប៉ុន្តែ ជាក់ស្តែងលេខទូរស័ព្ទមួយចំនួនមិនមានចុះឈ្មោះត្រឹមត្រូវ ហើយត្រូវបានយកទៅប្រើប្រាស់សម្រាប់គោលដៅមិនច្បាស់លាស់ (បោកប្រាស់) ដែលទាំងនេះ ជាហេតុបង្កឱ្យមានហានិភ័យផ្សេងៗកើតឡើងដូចជា ម្ចាស់គណនីលក់គណនីធនាគារ និងគណនីទូទាត់សងប្រាក់ទៅឱ្យជនអនាមិក ឬការបន្លំលួចប្រើប្រាស់គណនីដោយជនខិលខូច ដើម្បីចូលទៅគ្រប់គ្រងគណនីនិងធ្វើការបន្លំឆបោក។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី បានពន្យល់បន្ថែមថា ក្រោមអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរសហការគ្នាលើផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់ របស់អ្នកប្រើប្រាស់។ លោកបញ្ជាក់ថា កិច្ចសហការនេះផ្តល់ការគាំទ្រគ្នាទៅវិញទៅមកលើការជំរុញបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនិងឌីជីថលក្នុងវិស័យធនាគារ។

លោកបញ្ជាក់ថា ក្នុងការអនុវត្តការងារនេះ ក្រសួង និងធនាគារជាតិ ត្រូវសហការគ្នាដោយប្រុងប្រយ័ត្នពិសេសលើការសម្អាតស៊ីមកាតដោយមិនត្រូវប៉ះពាល់ដល់គណនីធនាគារនោះទេ ពោលគឺត្រូវដំណើរគោរពតាមគោលការណ៍៣ដំណាក់កាល។ ដំណាក់កាលទី១ ការផ្ទៀងងផ្ទាត់ទិន្នន័យ ដំណាក់កាល២ ការដោះស្រាយ និងរៀបចំទិន្នន័យ និងដំណាក់កាលទី៣ ការបិទស៊ីមកាត ត្រូវមានអ្នកទទួលខុសត្រូវគឺជារឿងចាំបាច់បំផុតហើយត្រូវធ្វើដោយប្រុងប្រយ័ត្នដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុតទៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្តុ ដែលការងារនេះទាមទាររយៈពេល៦ខែមុននឹងបិទមិនឱ្យដំណើរការ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម