ព័ត៌មានជាតិ
ជនភៀសសឹកស្នាក់នៅតាមបណ្ដាវត្ត ក្នុងក្រុងសៀមរាប ទទួលបានអំណោយពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងអាជ្ញាធរខេត្តសៀមរាប
កាលពីរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ម្សិលមិញ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ និង លោក លី សារី អភិបាលរងខេត្តសៀមរាប បាននិមន្ត និងអញ្ជើញចុះជួបសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់ជនភៀសសឹកមកពីតំបន់មានជម្លោះដែលមកស្នាក់នៅក្នុងវត្តប្រាសាទគោកចក វត្តចន្លោង និងវត្តអារញ្ញសាគរ និងតាមផ្ទះប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។


ក្នុងឱកាសនោះ លោក លី សារី អភិបាលរងខេត្ត បានសម្តែងនូវក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមេត្តាធម៌ និងការលះបង់ដ៏ថ្លៃថ្លារបស់ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្តទាំងអស់ ព្រមទាំងគណៈកម្មការអាចារ្យវត្ត ដែលបានបើកទ្វារវត្តអារាម ផ្តល់ទីជម្រកដ៏កក់ក្តៅ និងផ្តល់អាហារប្រចាំថ្ងៃជូនដល់ជនភៀសសឹកដែលបានភៀសខ្លួនមកពីតំបន់មានជម្លោះដោយសារសង្គ្រាម។ លោកថា សកម្មភាពដ៏ប្រពៃនេះ ពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគំរូវីរភាពមនុស្សធម៌ តាមគន្លងព្រះពុទ្ធសាសនា ដែលតែងតែបណ្ដុះនូវសេចក្ដីស្រឡាញ់ ការអាណិតអាសូរ និងការជួយសង្គ្រោះដល់អ្នកដែលកំពុងជួបទុក្ខលំបាក។

លោក លី សារី មានប្រសាសន៍ថា វត្តអារាម មិនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ តែបានក្លាយជា “ផ្ទះទីពីរ” ឬ ទីជម្រកសុវត្ថិភាព” សម្រាប់ពលរដ្ឋដែលកំពុងរងទុក្ខវេទនាទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការសម្រេចព្រះទ័យរបស់ព្រះតេជគុណគ្រប់ព្រះអង្គ ក្នុងការលះបង់ និងផ្តល់ជំនួយទាន់ពេលវេលានេះ បានជួយឱ្យជនភៀសសឹកជាច្រើនមានកម្លាំងចិត្ត និងក្ដីសង្ឃឹមឡើងវិញ។ លោកក៏បានណែនាំដល់អាជ្ញាធរទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃ និងគ្រប់ភាគីពាក់ព័ន្ធ ធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព និងការផ្គត់ផ្គង់ចាំបាច់នានា ដល់ជនភៀសសឹកឱ្យបានសមរម្យ និងថ្លៃថ្នូរ។ លោកបន្ថែមថា «យើងទាំងអស់គ្នា នឹងខិតខំប្រឹងប្រែងរហូតដល់ស្ថានការណ៍មានលក្ខណៈល្អប្រសើរឡើងវិញ»។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានមានថេរដីកាថា ស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាលើកឡើងថា សង្គ្រាមមិនដែលផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ គឺសង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ។ ស្របនឹងស្ថានការណ៍នេះ វត្តអារាម គឺជារបស់យើងទាំងអស់គ្នា ហើយនៅទីនេះគឺជាទីស្នាក់អាស្រ័យ នៃសេចក្ដីស្ងប់ ជាទីដែលយើងបានរស់នៅដោយផ្អែកលើធម៌មេត្តា និង ធម៌ករុណារបស់ព្រះសង្ឃ។ ព្រះអង្គ សូមសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះការបាត់បង់ និងការឈឺចាប់ទាំងឡាយដែលពលរដ្ឋបានជួបប្រទះ។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ជនភៀសសឹកដែលបានមកស្នាក់នៅក្នុងវត្តប្រាសាទគោកចក មានចំនួន ១៥៣ គ្រួសារ ស្មើចំនួន ៤៩៩ នាក់ , វត្តចន្លោង មានចំនួន ៧០ គ្រួសារ ស្មើនឹង ៣០០ នាក់ , វត្តអារញ្ញសាគរ មានចំនួន ១៤៧ គ្រួសារ ស្មើនឹង ៥៤០ នាក់ និងជនភៀសសឹកដែលបានមកស្នាក់តាមផ្ទះពលរដ្ឋនៅក្នុងសង្កាត់សាលាកំរើក មានចំនួន ១៤២ គ្រួសារ ស្មើនឹង ៤៦២ នាក់៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


