Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងនៅប្រាសាទអង្គរវត្ត ក្នុងឱកាសខួបនៃចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ នៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងឱកាសពិធីបុណ្យរំលឹកគុណអង្គរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល “តំបន់រមណីយដ្ឋានអង្គរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៥)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបួងសួងនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា។

សូមជម្រាបដែរថា ពិធីបួងសួង នៃពិធីបុណ្យរំលឹកគុណអង្គរ ធ្វើឡើងក្នុងគោលបំណងរំលឹកគុណដល់បុព្វបុរសខ្មែរ ដែលជាអ្នកកសាងប្រាសាទអង្គរ រួមនិងប្រាសាទបុរាណជាច្រើទៀត ដែលបានបន្សល់ទុកមរតកដ៏មានតម្លៃសម្រាប់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាសុំឱ្យមានសេចក្តីសុខសន្តិភាពដល់មាតុភូមិកម្ពុជាទាំងមូល។ មិនតែប៉ុណ្ណោះ ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ពខ្មែរគ្រប់ៗជំនាន់ ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី និងជាតិមាតុភូមិ ផងដែរ។

ក្នុងនោះ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងមន្ត្រីអាជ្ញាធរអប្សរា បាននិមន្តព្រះសង្ឃស្វាធ្យាយជយន្តោ និងបង្សុកូលឧទ្ទិសចំពោះវិញ្ញាណក្ខន្ធបុព្វបុរស វីរជននៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបានទៅអុជធូបបួងសួង នៅតាមទីស័ក្តិសិទ្ធិជាច្រើនកន្លែង ក្នុងបរិវេណប្រាសាទអង្គរវត្តផងដែរ។

ក្រសួងបញ្ជាក់ទៀតថា ក្នុងឱកាសនៃការអបអរខួប នៃការដាក់បញ្ចូល “តំបន់រមណីយដ្ឋានអង្គរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះដែរ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំស្ដង់ ដើម្បីដាក់តាំងបង្ហាញសមិទ្ធិផលនានា ទាក់ទងនឹងកិច្ចការអភិរក្ស និងការថែរក្សារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរនិងមហាជនបានទស្សនាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម