ព័ត៌មានជាតិ
បារាំងប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ថា “សួនច្បារ នរោត្តម សីហនុ”
ប្រទេសបារាំងបានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ក្នុងខេត្ត Aisne ថា “សួនច្បារ នរោត្តម សីហនុ” ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងចេញនៅថ្ងៃទី២២ ខែធ្នូ។

Fère-en-Tardenois ជាទីក្រុងប្រវត្តិសាស្ត្រនៃជំនួបចរចាជាលើកដំបូងរវាងព្រះករុណា ព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៨៧ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។

ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំងចាត់ទុកថា៖«ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។»។

ស្ថានទូតកម្ពុជាប្រចាំនៅបារាំង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានមោទនភាព ក្រៃលែងដែលឃើញការចងចាំចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងប្រវត្តិសាស្ត្រសន្តិភាពរបស់ កម្ពុជា ត្រូវបានតម្កល់តម្លៃយ៉ាងខ្ពង់ខ្ពស់នៅលើទឹកដីបារាំង។

តាមការគ្រោងទុកពិធីសម្ពោធសួនច្បារនេះជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ ខាងមុន នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ នាឱកាសនោះ។

សូមរម្លឹកថា ផ្តើមចេញពីរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមលោកសេនាប្រមុខ លន់ នល់ ដោយមានអាមេរិកជាបង្អែក កម្ពុជាក៏បានរអិលជើងធ្លាក់ក្នុងវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារបំផុត។ កម្ពុជាត្រូវចំណាយពេលជិត៣ទសវត្សរ៍នៅក្នុងជម្លោះ និងភ្លើងសង្គ្រាមនេះ រហូតដល់ចុងឆ្នាំ១៩៨៧ ទើបមានជំនួបជាលើកដំបូងរវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅប្រទេសបារាំង ដើម្បីបើកការជជែកគ្នារកដំណោះស្រាយលើជម្លោះទាំងនេះ។

តាមរយៈជំនួបលើកទី១នេះ ក៏បានបើកផ្លូវទៅជំនួបជជែកជាបន្តបន្ទាប់រវាងខ្មែរគ្រប់ភាគីជាពិសេស គឺសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួលពីប្រទេសជាមិត្តផងនោះ ក៏ឈានដល់ជំនួបចុងក្រោយ និងឈានទៅការចុះកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមរបស់កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅប្រទេសបារាំង។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលហត្ថលេខាដោយភាគីជម្លោះរបស់ខ្មែរទាំង៤ ដូចជាក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន និងមានការចូលរួមចុះហត្ថលេខាដឹងឮពីបណ្តាប្រទេសចំនួន១៧ផ្សេងទៀតរួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន, ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលីផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


