ព័ត៌មានជាតិ
ក្នុងអំឡុងពេលបិទខ្ទប់ ម្ចាស់រោងចក្រ សហគ្រាស ត្រូវបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត
នេះជាការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងសេចក្តីណែនាំមួយ ចុះថ្ងៃទី១៩ ខែមេសា នេះ ដោយលោករដ្ឋមន្ត្រីបានធ្វើការណែនាំដល់ ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុង ពេលបិទខ្ទប់ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ត្រូវបើកប្រាក់ឈ្នួល ដើមខែមេសា និងប្រាក់ឧបត្ថម្ភផ្សេងៗជូនកម្មករនិយោជិត។
លោករដ្ឋមន្ត្រីបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីការងារ ការផ្អាកសកម្មភាព អាជីវកម្មរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដោយសារ ការអនុវត្តវិធានការ បិទខ្ទប់ជាបណ្ដោះអាសន្ន នូវភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល នាំឲ្យមានការ ព្យួរកិច្ចសន្យាការងាររបស់កម្មករនិយោជិត ហើយដើម្បីធានាផលប្រយោជន៍ របស់កម្មករនិយោជិត អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេលបិទខ្ទប់ត្រូវ៖
ទី១-ត្រូវរក្សាប៉ុស្តិ៍ការងារ និងរក្សាអតីតភាព ការងារជូនកម្មករនិយោជិត របស់ខ្លួនក្នុងអំឡុងពេលបិទខ្ទប់នេះ។
ទី២-ត្រូវបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា (ប្រាក់ឈ្នួលសម្រាប់ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១) ជូនកម្មករនិយោជិតរបស់ខ្លួន ប្រសិនជាមិនទាន់បាន បើកផ្តល់នាពេលកន្លងមក។ ការបើកផ្តល់នេះសូមធ្វើនៅក្រោយពេលចប់ វិធានការបិទខ្ទប់។
ទី៣-ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូន ដល់កម្មករនិយោជិតរបស់ខ្លួន ទៅតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌ សាមគ្គីភាព និងទំនួលខុសត្រូវសង្គម នៅក្នុងគ្រាលំបាករួមនេះ។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះក៏សូមធ្វើនៅក្រោយ ពេលចប់វិធានការបិទខ្ទប់។
លោក អ៊ិត សំហេង ក៏បានបញ្ជាក់ដែរថា ដើម្បីសម្រួលដល់ការលំបាករបស់ កម្មករ និយោជិត ដែលកំពុងរស់នៅជាក់ស្ដែង នៅតាមបន្ទប់ជួល នៃតំបន់បិទខ្ទប់ រាជរដ្ឋាភិបាលបាន និងកំពុងផ្ដល់ជំនួយសង្គមផ្សេងៗ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាលផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែវិធានការនេះ ក៏មានការលើកលែងករណីមួយចំនួនផងដែរ ហើយវិធានការនេះ តម្រូវឲ្យរោងចក្រ សហគ្រាសមួយចំនួន ដែលមានទីតាំងនៅក្នុងតំបន់បិទខ្ទប់ គឺរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវផ្អាកសកម្មភាពរបស់ខ្លួនផងដែរ លើកលែងតែរោងចក្រ សហគ្រាស ដែលផលិតចំណីអាហារប៉ុណ្ណោះ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


