Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថានបណ្ដុះផ្នត់គំនិតភាពបៃតងដល់យុវជន

បានផុស

នៅ

ក្រសួងបរិស្ថាន បណ្ដុះផ្នត់គំនិត “ភាពស្អាត ភាពបៃតង” ដល់យុវជន ដោយជំរុញឱ្យមានការចូលរួមដាំកូនឈើ មិនប្រើប្រាស់សំណល់ប្លាស្ទិក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្វៃ​ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការសហការពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីឧទ្យានុរក្ស ចុះដាំកូនឈើ កូនឈើហូបផ្លែ និងបន្លែ នៅថ្នាលបណ្ដុះកូនឈើភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក ខ្វៃ អាទិត្យា បានថ្លែងថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពដាំកូនឈើពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលជាស្មារតីដើម្បីជំរុញការបណ្ដុះគំនិតដល់យុវជនឱ្យស្រលាញ់ភាពបៃតង ស្របតាមយុទ្ធសាស្ត្រចក្រា របស់ក្រសួងបរិស្ថាន ផ្ដោតលើភាពស្អាត ភាពបៃតង និងចីរភាព។

លោក ខ្វៃ អាទិត្យា បានលើកទឹកឱ្យយុវជនចូលរួមដាំកូនឈើ ជាពិសេសកូនឈើហូបផ្លែនៅតាមបរិវេណផ្ទះ ដោយលោក គូសបញ្ជាក់ថា ភាពបៃតង តាមរយៈការដាំកូនឈើ នឹងជួយទាំងបរិស្ថាន និងទាំងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។

នៅពេលមានភាពស្អាត និងភាពបៃតង លោក ថា ការរស់នៅរបស់ប្រជាជននឹងប្រកបដោយចីរភាព ដោយពុំមានការបំពុលបរិស្ថាន ពោលគឺមានសុខភាពល្អ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានអំពាវនាវឱ្យមានការបន្តរួមគ្នាអនុវត្តនូវយុទ្ធនាការទាំងឡាយរបស់ក្រសួង ដែលបានដាក់ចេញ ជាអាទិ៍យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក៕ ដោយ៖ ធឿន​ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម