Connect with us

ព័ត៌មានជាតិ

កសិករខេត្តរតនគិរី ផ្តើមប្រមូលផលដំណាំដំឡូងមីជាមួយនឹងតម្លៃលក់ចេញ ៣០០រៀល ក្នុងមួយគីឡូ

បានផុស

នៅ

ប្រជាកសិករនៅខេត្តរតនគិរី បានចាប់ផ្តើមប្រមូលផលដំណាំដំឡូងមីស្រស់ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ តទៅ ដើម្បីលក់ឱ្យឈ្មួញក្នុងតម្លៃប្រមាណ ៣០០ រៀលក្នុងមួយគីឡូក្រាម។ នៅប្រទេសកម្ពុជា ដំណាំដំឡូងមីគឺជាដំណាំមានសារៈសំខាន់បន្ទាប់ពីដំណាំស្រូវ និងដំណាំឧស្សាហកម្មផ្សេងទៀត។ ដំណាំដំឡូងមីត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅតាមបណ្តាលខេត្តនានា ដែលជាទូទៅប្រជាកសិករនិមយដាំដើម្បីយកមើម ពីព្រោះដំណាំប្រភេទនេះងាយស្រួលដាំ និងមានភាពធន់ទ្រាំទៅនឹងភាពរាំងស្ងួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខាំតឺ កិត ជាកសិករ នៅឃុំកាចូន បានប្រាប់កម្ពុជាថ្មីថា លោកដាំដំឡូងមី ១ ហិកតា ចាប់ផ្តើមដកដំឡូងបណ្តើរហើយដើម្បីហាលឱ្យស្ងួតត្រៀមទុកលក់ទៅឱ្យឈ្មួញ។ បើតាមកសិកររូបនេះ ដំឡូងមីស្រល់លក់ចេញបានតម្លៃ ៣០០ រៀលក្នុងមួយគីឡូ ប៉ុន្តែបើហាលឱ្យស្ងួតលក់ចេញបានតម្លៃចន្លោះពី ៦០០ ទៅ ៧០០ រៀល ក្នុងមួយគីឡូក្រាម។ ដោយសារឆ្នាំនេះមានបញ្ហាអាកាសធាតុ ធ្វើឱ្យដំណាំដំឡូងមីឆ្នាំនេះមិនសូវល្អដូចបណ្តាលឆ្នាំមុនៗ ខណៈអំពាវនាវឱ្យឈ្មួញផ្តល់តម្លៃសមរម្យសម្រាប់កសិករដាំដុះ។ លោកបាននិយាយថា៖« ឆ្នាំនេះដំឡូងមី មិនសូវជាមានមើមធំៗដូចឆ្នាំមុនៗទេ ខ្ញុំសំណូមពរដល់ឈ្មួញ មន្ត្រីពាក់ព័ន្ធ ជួយទិញដំឡូងមីក្នុងតម្លៃខ្ពស់សមរម្យ ទើបបានប្រាក់ចំណេញគ្រាន់ បានទូរទាត់ថ្លៃចំណាយ ប្រេងសាំង កាត់ស្មៅ កម្លាំងពលកម្ម»។

ចំណែកកសិករមួយរូបទៀត អ្នកស្រី ភ្លន់ ជាជនជាតិដើមភាគតិច រស់នៅភូមិកាចូនលើ ក៏បានចាប់ផ្តើមប្រមូលផលដំឡូងមីជាបណ្តើរៗនៅលើផ្ទៃដីដាំដុះ ១ ហិកតា យកមកហាលឱ្យស្ងួតដើម្បីលក់បានតម្លៃខ្ពស់ជាងដំឡូងមីស្រស់។ មិនខុសពីកសិករខាងលើ អ្នកស្រីសំណូមទៅកាន់មន្រ្តីពាក់ព័ន្ធ ក៏ដូចជាឈ្មួញ សម្របសម្រួលជួញទិញដំឡូងមីស្ងួតក្នុងតម្លៃ ៨០០ ទៅ ៩០០ គីឡូក្រាម ទើបទទួលផលចំណេញ។

សូមជម្រាបថា ការប្រមូលផលដំឡូងមីសម្រាប់បម្រើការហូបចុកអាចធ្វើទៅបានចាប់តាំងពីមើមដំឡូងខ្ចីរហូតដល់ចាស់។ ប៉ុន្តែសម្រាប់បម្រើនៅក្នុងរោងចក្រឧស្សាហកម្មវិញ ត្រូវទុកមើមឱ្យចាស់គ្រប់អាយុពេញលេញទើបប្រមូល ដើម្បីបង្កើនជាតិម្សៅបានច្រើន។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ប្រមាណ ៥៧៤ លានដុល្លារ ​ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ​១៦,១៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ ២០២៤។ នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិត​ដំឡូង​មីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន គិតជាទឹក​ប្រាក់​ប្រមាណ ៧២៨ លានដុល្លារ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម