ព័ត៌មានជាតិ
តឹកតាងបន្សល់ទុកបង្ហាញពីភាពរីកចម្រើនក្នុងខេត្តព្រះសីហនុកាលពី ៦០ ឆ្នាំមុន
បើយោងតាមឯកសារប្រវត្តិ និងការគ្រប់គ្រងដឹកនាំខេត្តព្រះសីហនុ បានបង្ហាញពីភាពរីកចម្រើននៃខេត្តព្រះសីហនុកាលពីជាង ៦០ ឆ្នាំមុន មុនពេលប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមដ៏ខ្ទេចខ្ទាំ។ តឹកតាងជាសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ខណៈសមិទ្ធផលទាំងនោះមួយចំនួននៅតែត្រូវបានប្រើប្រាស់បម្រើជាប្រយោជន៍រហូតមកដល់បច្ចុប្បន្ននេះ។
១. ផ្លូវជាតិលេខ ៤ ត្រូវបានគេស្គាល់ថាជាផ្លូវហាយវេ មិត្តភាព ខ្មែរ អាមេរិក ដែលស្ថាបនានៅអំឡុងឆ្នាំ ១៩៥៥ និងរួចរាល់នៅឆ្នាំ១៩៦០ ក្រោមជំនួយរបស់សហរដ្ឋអាមេរិក ដែលតភ្ជាប់ការធ្វើដំណើរពីកំពង់ផែកំពង់សោមកាត់តាមកំពង់ស្ពឺទៅរាជធានីភ្នំពេញ។

២. កំពង់ផែក្រុងព្រះសីហនុ ចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៩៥៦ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦០។

៣. ផ្លូវដែកពីភ្នំពេញទៅក្រុងកំពង់សោមចាប់ផ្តើមកសាងនៅអំឡុងឆ្នាំ ១៩៦០ និងបានតភ្ជាប់ទៅដល់ក្រុងកំពង់សោមនៅចុងឆ្នាំ១៩៦៩ ដែលបានបម្រើប្រយោជន៍សម្រាប់ការដឹកជញ្ជូនទំនិញបានច្រើនជាងការដឹកជញ្ជូនតាមផ្លូវថ្នល់។

៤. ព្រលានយន្តហោះកងកេង ត្រូវបានកសាងនៅក្នុងឆ្នាំ ១៩៦០ ដោយមានជំនួយពីសហភាពសូវៀតដែលអាចទទួលការចុះចតយន្តហោះធុនមធ្យម។ វាលយន្តហោះនេះត្រូវបានប្រើប្រាស់យ៉ាងមមាញឹកនាអំឡុងសម័យ លន់ លន់ ក្រោយផ្លូវជាតិលេខ ៤ ត្រូវកាត់ផ្តាច់ដោយសារសង្គ្រាម។

៥. សណ្ឋាគារឯករាជ្យ គឺជាសណ្ឋាគារប្រវត្តិសាស្ត្រមួយ ដែលបានសាងសង់នាទសវត្សឆ្នាំ ១៩៦០ ក្រោយប្រទេសកម្ពុជាទទួលបានឯករាជ្យភាពពីប្រទេសបារាំង។ មហាគ្រឹះពណ៌សដ៏ធំទើរជាប់សមុទ្រនេះ ត្រូវបានគេស្គាល់ជាសណ្ឋាគារ “ប្រាំពីរជាន់» ហើយជាអគារដែលខ្ពស់ជាងគេនាសម័យនោះ។

៦. ព្រះរាជដំណាក់ ត្រូវបានសាងសង់នៅឆ្នាំ១៩៦០ ដោយស្ថាបត្យករខ្មែរ លោក វណ្ណ មូលីវណ្ណ។

៧. ស្ថានីយអយស្ម័យយានក្រុងព្រះសីហនុ ត្រូវបានគូសប្លង់ និងស្ថាបនាដោយលោក Georges Kondracki ជាវិស្វករជនជាតិអាល្លឺម៉ង់នៅក្នុងទស្សវត្សឆ្នាំ១៩៦០ ជាផ្នែកមួយក្នុងការតភ្ជាប់ផ្លូវដែករវាងរាជធានីភ្នំពេញ-ព្រះសីហនុ។



៨. រោងចក្រចម្រាញ់ប្រេងកាតសាងសង់ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ ១៩៦៨ ដោយប្រើប្រាស់ទុនចម្រុះ (៦៥ ភាគរយរបស់រដ្ឋ និង ៣៥ ភាគរយ របស់ក្រុមហ៊ុនអែល (Eif) បារាំង)។

៩. រោងចក្រដំឡើងត្រាក់ទ័រ (ក្រុមហ៊ុនជាតិដំឡើងត្រាក់ទ័រ) ចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៦៦ ដែលគ្រប់គ្រងដោយរដ្ឋ ដែលដំឡើងត្រាក់ទ័ររបស់ឆេកូស្លូវ៉ាគី។
១០. រោងចក្រស្រាបៀរអង្គរជារោងចក្ររបស់រដ្ឋ បង្កើតចេញពីក្រុមហ៊ុនសុរាគារខ្មែរ SKD និងត្រូវបានចាប់ផ្តើមសាងសង់ ពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៦៧ ហើយត្រូវបានដាក់សម្ពោធជាផ្លូវការ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៨ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះបាទ នរោត្តម សីហនុ។ អគាររោងចក្រនេះត្រូវបានរចនាឡើង ដោយស្ថាបត្យករល្បីល្បាញរបស់កម្ពុជា លោក វណ្ណ មូលីវណ្ណ ក្នុងអំឡុងពេល “សម័យកាលមាស” នៃស្ថាបត្យកម្មថ្មីខ្មែរ។ ក្រុងព្រះសីហនុ ត្រូវបានគេជ្រើសរើសជាកន្លែងសម្រាប់ការផលិតស្រាបៀរ ដោយសារគុណភាពទឹកក្នុងតំបន់នេះ ដែលសន្មត់ថាជាទឹកដែលមានជាតិរ៉ែល្អបំផុតសម្រាប់ផលិតស្រាបៀរ។

១១. រោងចក្រផលិតទឹកកក ចាប់ដំណើរការនៅពីឆ្នាំ១៩៦៨។ ក្រៅពីនេះ នៅមានរោងចក្រអគ្គិសនី និង រដ្ឋាករទឹក ក៏បានបង្កើតឡើងនៅគ្រានោះផងដែរ។
១២. ព្រះវិហារកាតូលិក St Michael Church សាងសង់ក្នុងឆ្នាំ១៩៦០ និងសម្ពោធក្នុងឆ្នាំ ១៩៦២។ អគារព្រះវិហារនេះ ត្រូវបានរចនាឡើងដោយព្រះបិតាបូជាចារ្យកាតូលិក បារាំង លោក Ahadobery ដោយមានជំនួយពីស្ថាបត្យករកម្ពុជាដ៏ល្បីល្បាញគឺ លោក វណ្ណ មូលីវណ្ណ។

១៣. វត្តជោតញ្ញាណ (វត្តលើ) កសាងឡើងនៅឆ្នាំ១៩៥៨ ដោយសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត និងឧបត្ថម្ភដោយព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយព្រះតេជគុណ ព្រះនាម ឃឹម រាជាគណៈថ្នាក់ចត្វា និងជាអនុគណ បានកសាង កុដិ ០២ ខ្នង សាលាឆាន់ ០១ខ្នង ព្រះវិហារ ១ ធ្វើអំពីបេតុង និងបានបញ្ចុះខ័ណ្ឌសីមា តាមវិន័យបញ្ញាតិ ព្រះពុទ្ធសាសនា នៅឆ្នាំ១៩៦៨ ក្រោមអធិបតីភាព សម្តេច ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃ រាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

១៤. វត្តឥន្ទញ្ញាណ (វត្តក្រោម) ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៥៨ សម័យសង្គមរាស្ត្រនិយម ដឹកនាំ កសាងដោយ ព្រះតេជគុណ នូ សុខ ហៅតា ព្រីង រួមជាមួយពុទ្ធបរិស័ទ មន្ត្រីរាជការកំពង់ផែ ឧបត្ថម្ភថវិកា ដោយរាជរដ្ឋាភិបាល សហការជាមួយ សម្តេចសង្ឃរាជ គណៈធម្មយុត្តិកនិកាយ៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


