ព័ត៌មានជាតិ
អាម៉េរិកថាការបោះបង្គោលព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើតាមយន្តការទ្វេភាគី ហើយអាម៉េរិកត្រៀមជួយបើចាំបាច់
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ថាការងារខណ្ឌសីមា បោះបង្គោលព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើឡើងតាមយន្តការទ្វេភាគី ក្នុងនោះអាម៉េរិកត្រៀមខ្លួនជួយបើចាំបាច់ ប៉ុន្តែបច្ចុប្បន្នអាម៉េរិកយល់ថា យន្តការទ្វេភាគីលើការងារបោះបង្គោលព្រំដែនកម្ពុជា-ថៃ កំពុងដើរលើផ្លូវត្រូវ។

អនុរដ្ឋមន្រ្តីការប្រទេសសហរដ្ឋអាមេរិកសម្រាប់កិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក Michael George DeSombre ថ្លែងនៅថ្ងៃទី ៩ ខែមករា ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញពីទីក្រុងបាងកក ដូច្នេះ៖«វានឹងត្រូវបានដោះស្រាយដោយទ្វេភាគី រវាងថៃ និងកម្ពុជា។ យើងត្រៀមខ្លួនដើម្បីគាំទ្របើចាំបាច់ ប៉ុន្តែយើងមានទំនុកចិត្តថា ដំណើរការនេះ កំពុងដំណើរការទៅក្នុងទិសដៅដ៏ត្រឹមត្រូវ។»។

យន្តការទ្វេភាគីលើការងារបោះបង្គោលព្រំដែនគោក តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ បានជាប់គាំងជាងមួយទសវត្សរ៍ ព្រោះតែការប្រើប្រាស់ផែនទីខុសគ្នា ក្នុងនោះភាគីកម្ពុជាប្រើប្រាស់ផែនទីខ្នាត១លើ២០០ពាន់ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ចំណែកភាគីថៃ ប្រើប្រាស់ផែនទីខ្នាត១លើ៥០ពាន់ ថៃគូសជាឯកតោភាគីគ្មានការទទួលស្គាល់ជាអន្តរជាតិឡើយ។

ចំណុចខុសគ្នាលើការប្រើប្រាស់ផែនទីនេះហើយទើបបណ្ដាលការបោះបង្គោលព្រំដែនរាំងស្ទះ ហើយភាគីថៃ បានបាញ់សម្លាប់ទាហានកម្ពុជាមួយរូបនៅក្នុងទឹកដីដែលកម្ពុជាអះអាងថា ក្នុងដីខ្លួនស្របតាមផែនទីខ្នាត១លើ២០០ពាន់។ ករណីនេះ បណ្ដាលឱ្យមានការចល័តសព្វាវុធធន់ធ្ងន់ទៅកាន់ព្រំដែនជម្លោះរៀងៗខ្លួនពីសំណាក់កម្ពុជា-ថៃ។
ផ្ដើមចេញពីករណីនេះ នៅខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការដាក់ពាក្យបណ្ដឹងនាំយកតំបន់ចំនួន៤ដូចជាតំបន់ប្រាសាទតាមាន់ធំ,ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី, និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីឱ្យមានការកាត់ក្ដីឱ្យដាច់ស្រេចបញ្ចប់ជម្លោះ បញ្ចៀសការស្លាប់បាត់បង់ជីវិតមនុស្ស។ នៅពាក់កណ្ដាលខែមិថុនា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ បានជួបប្រជុំគ្នាឡើងវិញនៅរាជធានីភ្នំពេញ ក្រោយខកខានជាង១ទសវត្សរ៍ ដោយសម្រេចបានការឯកភាពចំណុចមួយចំនួន។

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ វិវត្តន៍កាន់តែអាក្រក់ទៅៗ លុះដល់ចុងខែកក្កដា ថៃបានបើកការវាយប្រហារមកលើកម្ពុជារយៈពេល៥ថ្ងៃជាប់ៗគ្នា ទើបសម្រេចបានបទឈប់បាញ់មួយក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិក និងប្រធានអាស៊ាន និងការឃ្លាំមើលពីសំណាក់ចិន។
បន្ទាប់ពីមានបទឈប់បាញ់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ បានជួបប្រជុំជាមួយគ្នានៅលើដីថៃ ក្នុងចុងខែតុលា ដោយសម្រេចបាននូវការឯកភាពបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងខេត្តស្រះកែវ និងចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងខេត្តចន្ទបូរី។ ការងារបោះបង្គោលបណ្ដោះអាសន្នសម្រេចបានតាមផែនការគ្រោងទុក ប៉ុន្តែជាអកុសលនៅថ្ងៃទី៧ ខែធ្នូ ភាគីថៃ បានបើកការវាយប្រហារមកលើកម្ពុជាបណ្ដាលឱ្យក្រុមការងារជំនាញខកខានមិនអាចបន្តការងារទៀតបានឡើយ។

ភាគីថៃបានបើកការវាយប្រហារយ៉ាងកំរោលរយៈពេល២១ថ្ងៃ បំពានច្បាប់អន្តរជាតិ រំលោភបំពានចូលមកក្នុងទឹកដីកម្ពុជា ដែលកំណត់យ៉ាងច្បាស់នៅក្នុងផែនទីខ្នាត១លើ២០០ពាន់។ ក្រោយសម្រេចបានបទឈប់បាញ់ ភាគីថៃនៅតែបំពានដោយធ្វើសកម្មភាពរាយបន្លាលួស ដាក់ទូរកុងតឺន័រ បំផ្លិចផ្លាញផ្ទះ និងរចនាសម្ព័ន្ធស៊ីវិល និងបំពានចូលមកក្នុងទឹកដីកម្ពុជាចំនួន១៤ទីតាំង នៅក្នុងខេត្តពោធិ៍សាត់, បន្ទាយមានជ័យ,ឧត្ដរមានជ័យ និងព្រះវិហារ។
១ថ្ងៃក្រោយបទឈប់បាញ់ចូលជាធរមាន គឺនៅថ្ងៃទី២៨ ខែធ្នូ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា បានស្នើទៅកាន់ភាគីថៃ ឱ្យចូលរួមកិច្ចប្រជុំជជែកលើការបោះបង្គោល និងខណ្ឌសីមាព្រំដែន ព្រមទាំងដោះស្រាយបញ្ហាដែលកម្ពុជាអះអាងថា យោធាថៃបាននិងកំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដូចជា ការរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ការឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការហាមឃាត់មិនឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញ នៅដើមខែមករា ឆ្នាំ២០២៦ ប៉ុន្តែភាគីថៃបានស្នើសុំពន្យាពេល នៅក្រោមហេតុផលត្រូវរៀបចំនីតិវិធីផ្ទៃក្នុង ខណៈយោធាថៃបន្តធ្វើសកម្មភាពបំពាន និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋកម្ពុជាឥតឈប់ឈរ។
ក្រោយមកនៅថ្ងៃទី៥ ខែមករា ភាគីកម្ពុជា បានស្នើទៅកាន់ភាគីថៃ តាមរយៈកំណត់ទូតឱ្យមកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៅសប្ដាហ៍ទី២ ឬទី៣ ខែមករា លើទឹកដីខេត្តសៀមរាប ប៉ុន្តែមកដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយថៃ មិនបានផ្សព្វផ្សាយពីការឆ្លើយតបរបស់គណៈកម្មការខណ្ឌសីមា ព្រះដែនគោកថៃ ចំពោះការចូលរួមកិច្ចប្រជុំតាមកាលបរិច្ឆេទកំណត់ដូចអ្វីដែលកម្ពុជាស្នើឡើយ ដែលនេះបង្ហាញថា យន្តការបោះបង្គោលព្រំដែនកម្ពុជា-ថៃ ទ្វេភាគី ហាក់ជាប់គាំងអន្តរកាល។
យ៉ាងណា ក្នុងកិច្ចការបោះបង្គោលព្រំដែនជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី កម្ពុជា បញ្ជាក់ថា ខ្លួនបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) និងផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ផែនទី និងឯកសារច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕
ដោយ៖ ង៉ិល ណារ៉ាត់



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


