Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ១១លានដុល្លារដល់កម្ពុជាសម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន៣

បានផុស

នៅ

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១ លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោសសម្អាតមីនក្នុងដំណាក់កាលទី៣ នៅក្នុងខេត្តគោលដៅចំនួន៣រួមមាន ខេត្តបាត់ដំបង​ ពោធិ៍សាត់​ និងខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន​ ដំណាក់កាលទី៣​ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១២​ខែមករា ឆ្នាំ ២០២៦ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ហិរញ្ញប្បទាននេះ ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ (CMAC) ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាមេរិក។ គម្រោងនេះ សម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាពCMAC នៅខេត្តគោលដៅចំនួន៣​ គឺខេត្តបាត់ដំបង​ ពោធិ៍សាត់​ និងខេត្តកោះកុង​ ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ​ ខែមករា ២០២៦-១៥​ មករា​ ២០២៨។

លោក ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បានបញ្ជាក់ថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ លោកថា៖«ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMACត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។ បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត​ ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ»។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោក ប្រាក់ សុខុន ដែលបានគាំទ្រក្នុងការស្នើសុំជំនួយនេះ ជាពិសេសថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រលើការបោសសម្អាតមីនមនុស្សធម៌ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងសម្ភារបច្ចេកទេសជាដើម។

គួរជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបមានចំនួន ១ ៦៩៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៤៦៩ គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៤៧ គីឡូម៉ែត្រក្រឡា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម