ព័ត៌មានជាតិ
អ្នកលក់ដូរតាមចិញ្ចើមផ្លូវ ទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ដែលត្រូវទៅលក់ដូរនៅផ្សារដើមគថ្មី នឹងទទួលបានលក្ខខណ្ឌអនុគ្រោះជាច្រើន
ប្រជាពលរដ្ឋលក់ដូរតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគរ ដែលត្រូវទៅលក់ដូរនៅផ្សារដើមគថ្មី នឹងទទួលបានលក្ខខណ្ឌអនុគ្រោះជាច្រើនដូចជា ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល ២ ឆ្នាំ ដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លើងរយៈពេល ៦ ខែ ដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។ ដោយឡែក អាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរពីផ្សារដើមគចាស់ ទៅផ្សារដើមគថ្មី នោះទេ។

លោក ឃួង ស្រេង មានប្រសាសន៍ថា អាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរពីផ្សារដើមគចាស់ ទៅផ្សារដើមគថ្មី ទេ អ្វីដែលជាគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករលក់ដូរឥតសណ្ដាប់ធ្នាប់លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះ ខណៈអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចើមផ្លូវតាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ សម្រាប់បម្រើប្រយោជន៍សាធារណៈជារួម កាលពីរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦។

ក្នុងខណៈនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ថែមទាំងបានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកលក់ដូរនៅក្នុងផ្សារដើមគ កុំព្រួយបារម្ភ នៅបន្តការលក់ដូររបស់ខ្លួនដដែលចុះ អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ចំពោះតែអ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅជុំវិញផ្សារដើមគ តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់ប្រភេទ នឹងបន្តសម្របសម្រួលជាមួយអាជីវករដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឲ្យទៅ លក់ដូរនៅផ្សារដើមគថ្មី ដោយទទួលបានលក្ខខណ្ឌអនុគ្រោះជាច្រើនរួមមាន ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល ២ ឆ្នាំ ដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លើងរយៈពេល ៦ ខែ ដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។

កាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ ការសំអាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឲ្យអាជីវករដែលធ្លាប់លក់ដូរតាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវ ជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអនាធិបតេយ្យដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ។ នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកទី ១៨ មករា ម្សិលមិញ។

អ្វីដែលអាជ្ញាធរកំពុងតែអនុវត្តជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងស្តារឡើងវិញ នូវសោភ័ណភាពជុំវិញផ្សារដើមគ នាពេលនេះ បាននិងកំពុងទទួលបានការសាទរយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស បានអំពាវនាវដោយទទូច ឲ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគ ដែលនៅមិនទាន់ទទួលយកនូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សម្រេចមកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អសោភ័ណភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗ ទាំង ២០ ជុំវិញពិភពលោក សម្រាប់ឆ្នាំ ២០២៦ នេះ។ ក្នុងការចាប់ផ្ដើមការសំអាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ នេះ នាព្រឹកនេះ ដោយមានការចូលរួមពីលោកអភិបាលរងរាជធានីភ្នំពេញជាច្រើនរូប រួមជាមួយលោកនាយករដ្ឋបាល និងលោក លោកស្រីជានាយករងរដ្ឋបាលរាជធានីភ្នំពេញ , លោកអភិបាលខណ្ឌទួលគោក អភិបាលខណ្ឌបឹងកេងកង ផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ ចិញ្ចើមផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ទៀតទេ ចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦ តទៅ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


