Connect with us

ព័ត៌មានជាតិ

លោក គឹម កែវរស្មី ក្រើនរម្លឹកម្ចាស់សហគ្រាសឱ្យបំពេញកាតព្វកិច្ចចុះបញ្ជីបុគ្គលិកក្នុងរបបសន្តិសុខសង្គម

បានផុស

នៅ

លោក គឹម កែវរស្មី អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានក្រើនរំលឹកដល់ម្ចាស់សហគ្រាសឱ្យបំពេញកាតព្វកិច្ចចុះបញ្ជីបុគ្គលិកក្នុងរបបសន្តិសុខសង្គម ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍កម្មករនិយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការចូលរួមពីម្ចាស់ ឬតំណាង ក្រុមហ៊ុន រោងចក្រ សហគ្រាស ប្រមាណជា ៣០០នាក់។

លោក គឹម កែវរស្មី បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗដែលនិយោជក និងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសត្រូវដឹង និងអនុវត្តឱ្យខានតែបាន ដែលមានន័យថា រាល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ទាំងអស់ដែលមានប្រើប្រាស់កម្លាំងពលកម្ម (បុគ្គលិក) ចាប់ពី ១នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ខ្លួននៅ ប.ស.ស. ក្នុងរយៈពេលយ៉ាងយូរ ៤៥ថ្ងៃ ក្រោយបើកដំណើរការ។

អគ្គនាយករងរូបនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីបានចុះបញ្ជីក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ខ្លួននៅ ប.ស.ស. រួចរាល់ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវបញ្ជូនបុគ្គលិករបស់ខ្លួន មកចុះបញ្ជីចូលក្នុងប្រព័ន្ធ ប.ស.ស. ដើម្បីទទួលបានប័ណ្ណសមាជិក។ លើសពីនេះ និយោជក ឬម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ក៏ត្រូវមានភារកិច្ច បង់ភាគទានប្រចាំខែឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមកាលកំណត់ជូនបុគ្គលិករបស់ខ្លួន ដើម្បីធានាថាបុគ្គលិកមិនបាត់បង់សិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស. ស្របទៅតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម។

លោកបានបន្តទៀតថា ការចូលរួមក្នុងរបបសន្តិសុខសង្គម មិនមែនជាបន្ទុកនោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើសុខុមាលភាពធនធានមនុស្ស ដែលកម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ធំៗចំនួន ៣ដែលរួមមាន៖ (១)- ផ្នែកហានិភ័យការងារ ៖ ទទួលបានការសម្រាកព្យាបាល និងប្រាក់ឧបត្ថម្ភផ្សេងៗ នៅពេលមានគ្រោះថ្នាក់ការងារ (រួមទាំងគ្រោះថ្នាក់ពេលធ្វើដំណើរ) ឬជំងឺវិជ្ជាជីវៈ។ (២)- ផ្នែកថែទាំសុខភាព ៖ ទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភមាតុភាពសម្រាប់ស្ត្រីសម្រាលកូន។ (៣)- ផ្នែកប្រាក់សោធន (សោធននិវត្តន៍) ៖ ធានាឱ្យមានប្រាក់ចំណូលទៀងទាត់ប្រចាំខែនៅពេលដល់អាយុចូលនិវត្តន៍ ដើម្បីរស់នៅដោយសមរម្យ និងមានសេចក្ដីថ្លៃថ្នូរ។

លើសពីនេះ លោកថាការចូលរួមអនុវត្តកាតព្វកិច្ច មិនត្រឹមតែជាការគោរពច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់និយោជក ចំពោះសុវត្ថិភាព និងស្ថិរភាពជីវភាពរបស់បុគ្គលិក ដែលជាកម្លាំងចលករស្នូលនៃក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម