ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២៥ ក្រសួងអប់រំ ផ្តល់ស្បៀងអាហារដល់សិស្សជាង ៣០ ម៉ឺននាក់ ជួយលើកកម្ពស់អាហារូបត្ថម្ភកាន់តែប្រសើរ
គិតត្រឹមឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ស្បៀងអាហារដល់សាលារៀនជាង ១ ពាន់សាលា ដែលមានសិស្សជាង ៣០ ម៉ឺននាក់ នៅតាមបណ្ដាខេត្តចំនួន ១០ ដែលបានជួយលើកកម្ពស់អាហារូបត្ថម្ភដល់សិស្សឲ្យទទួលបានសុខភាពល្អ កម្លាំងមាំមួន និងមានបញ្ញាស្មារតីល្អពិសេសចូលរួមកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សានុសិស្សផងដែរ។

ថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ ២០២៥ ក្រសួងបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផល ក្នុងសហគមន៍នៅតាមសាលារៀនចំនួន ១.១១៤ នៅខេត្តចំនួន ១០ ក្នុងនោះគាំទ្រដោយ កម្មវិធីស្បៀងអាហារពិភពលោកមានចំនួន ៤២៨សាលា និងគាំទ្រដោយរាជរដ្ឋាភិបាល មានចំនួន ៦៨៦សាលា ក្នុងនោះសាលារៀនអនុវត្តកម្មវិធីអាហារថ្ងៃត្រង់មានចំនួន ៣សាលា និង អាហារព្រឹក ៦៨៣សាលា ដែលមានអ្នកទទួលផលពីកម្មវិធី រួមមានសិស្សចំនួន ៣០៧.៥៥៩នាក់ ស្រី ១៤៩.៨៤៧នាក់ និងចុងភៅ ២.៨៩៣នាក់ ស្រី ២.០៩៥នាក់។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងការផ្តល់អាហារដល់សិស្សនេះដែរ រាជរដ្ឋាភិបាលបានបង្កើន របបអាហារសិស្សពី ៧៨០រៀល ក្នុង១នាក់ ទៅ ៨២០រៀល ក្នុង ១នាក់ សម្រាប់អាហារ ពេលព្រឹក និង ១.៣០០រៀល ក្នុងសិស្ស ១នាក់ សម្រាប់អាហារថ្ងៃត្រង់។

ការផ្ដល់ស្បៀងអាហារនេះគឺតម្រូវឲ្យសាលានីមួយៗដែលទទួលបានថវិកា និងអង្ករពីក្រសួងអប់រំ ត្រូវរៀបចំកន្លែងចុងភៅធ្វើម្ហូបសម្រាប់ឲ្យសិស្សបរិភោគជារៀងរាល់ព្រឹក ដើម្បីឲ្យពួកគេទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមករៀនបានទៀងទាត់និងតម្រូវឲ្យសាលារៀននីមួយៗ ត្រូវទិញកសិផលតាមសហគមន៍ផ្ទាល់តែម្ដងដូចជា ៖ អង្ករ បន្លែ ត្រី សាច់ គ្រឿងផ្សំទាំងអស់ ដែលនឹងជួយធ្វើឲ្យកម្រិតអាហារូបត្ថម្ភច្រើនជាងមុន និងឆ្ងាញ់ជាងមុន ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត ខណៈកាលពីមុនសាលាត្រូវទិញពីខាងក្រៅ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ការផ្តល់អាហារូបត្ថម្ភនៅតាមសាលារៀននេះពិតជាមានសារសំខាន់ណាស់សម្រាប់ផ្នែកសុខភាព ការអប់រំ ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់កម្ពុជាដូចជាជួយបង្កើនអត្រាសិស្សចុះឈ្មោះចូលរៀន អត្រាសិស្សរៀនឡើងថ្នាក់ និងបានកាត់បន្ថយអត្រាសិស្សបោះបង់ចោលការសិក្សាឲ្យនៅកម្រិតទាបផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តគោលនយោបាយជាតិស្តីពី ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមហើយគិតចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ២០២៥ កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន ១០ និងមានសិស្សទទួលផលប្រមាណជាង៣០ម៉ឺននាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


