ព័ត៌មានជាតិ
ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ អំពាវនាវដល់សប្បុរសជនឱ្យបន្តផ្តល់ក្តីស្រឡាញ់ និងការគាំទ្រ ដើម្បីកុមារកម្ពុជា
លោក ខេនរ៉ូ អ៉ីស៊ុ (Kenro Izu) ស្ថាបនិកមន្ទីរពទ្យកុមារអង្គរ បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឱ្យបន្តផ្តល់ក្តីស្រឡាញ់តាមរយៈការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យដើម្បីដំណើរការព្យាបាលកុមារដោយមិនគិតថ្លៃ។ លោក ខេនរ៉ូ អ៉ីស៊ុ (Kenro Izu) អំពាវនាវដូច្នេះនៅក្នុងកម្មវិធីសប្បុរសជនជួបជាមួយនឹងស្ថាបនិកមន្ទីរពេទ្យកុមារអង្គរដែលបានប្រព្រឹត្តទៅនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១២ខែកុម្ភៈ ឆ្នាំ២០២៦ នៅអគារ Fairfield by Marriott រាជធានីភ្នំពេញ។

កម្មវិធីសប្បុរសជនជួបជាមួយនឹងស្ថាបនិកមន្ទីរពេទ្យកុមារអង្គរនេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ ទាង អេង ទៀ សីហា ភរិយាលោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ថ្នាក់ដឹកនាំ-បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងសប្បុរសជន និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។ នៅក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា បាននាំយកអំណោយជាថវិកាមួយចំនួនជូនលោក ខេនរ៉ូ អ៉ីស៊ុ (Kenro Izu) ស្ថាបនិកមន្ទីរពទ្យកុមារអង្គរ ខណៈសប្បុរសជនដទៃៗទៀត ក៏បានចូលរួមឧបត្ថម្ភតាមលទ្ធភាពនៅក្នុងរាត្រីដ៏ត្រកាលនោះផងដែរ។ ក្នុងនាមជាស្ថាបនិកមន្ទីរពទ្យកុមារអង្គរ លោក ខេនរ៉ូ អ៉ីស៊ុ (Kenro Izu) បានថ្លែងអំណរគុណដល់លោកជំទាវ ទាង អេង ទៀ សីហា និងសប្បុរសជនដទៃដែលបានបន្តផ្តល់ក្តីស្រឡាញ់ដល់កុមារកម្ពុជាតាមរយៈការជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ។

លោក ខេនរ៉ូ អ៉ីស៊ុ (Kenro Izu) គឺជាស្ថាបនិកដែលផ្តួចផ្តើមបង្កើតមន្ទីរពេទ្យកុមារអង្គរ។ លោកបានមកដល់ប្រទេសកម្ពុជា លើទឹកដីសៀមរាបអង្គរកាលពីឆ្នាំ១៩៩៣-១៩៩៤ ដែលកាលណោះ លោក គឺជាជាងថតរូប។ ដោយសារក្តីស្រឡាញ់និងមនោសញ្ចេតនាខ្ពស់ចំពោះកុមារតូចៗនៅកម្ពុជា បានជំរុញឱ្យលោកបង្កើតមន្ទីរពេទ្យកុមារអង្គរនេះឡើង ដើម្បីផ្តល់សេវាព្យាបាលឥតគិតថ្លៃ និងប្រកបដោយគុណភាពជូនកុមារកម្ពុជា។

លោក ខេនរ៉ូ អ៉ីស៊ុ បានលើកឡើងថា «ក្តីស្រឡាញ់អាចព្យាបាលអ្វីៗទាំងអស់បានទាំងផ្លូវកាយ និងផ្លូវចិត្ត» ហើយក្នុងរយៈពេលជាង២៧ឆ្នាំមកនេះ មន្ទីរពេទ្យកុមារអង្គរ បានអនុវត្តតាមគោលការណ៍នេះយ៉ាងខ្ជាប់ខ្ជួន។ លោកតែងតែបានផ្តាំផ្ញើ និងក្រើនរំលឹកទៅដល់ក្រុមគ្រូពេទ្យជិត៤០០នាក់នៅមន្ទីរពេទ្យកុមារអង្គរ ឱ្យយកចិត្តទុកដាក់ព្យាបាលកុមារឱ្យដូចកូនៗរបស់ខ្លួន ដោយក្តីមេត្តាករុណា និងវិជ្ជាជីវៈខ្ពស់ក្នុងនាមជាគ្រូពេទ្យព្យាបាល និងជួយសង្រ្គោះជីវិតមនុស្ស។

ស្ថាបនិកមន្ទីរពេទ្យកុមារអង្គររូបនេះបានបញ្ជាក់ថា សម្រាប់លោក ការជួយព្យាបាលកុមារកម្ពុជា គឺជាក្តីសុខ និងសុភមង្គលដ៏ធំបំផុតក្នុងជីវិត។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីឱ្យមន្ទីរពេទ្យនេះអាចបន្តផ្តល់សេវាព្យាបាលដល់កុមារកម្ពុជាដោយឥតគិតថ្លៃ ប៉ុន្តែ ប្រកបដោយប្រសិទ្ធភាព គុណភាព និងពោរពេញដោយក្តីមេត្តាករុណា។ លោកបានលើកឡើងថា «កុមារ គឺជាធនធាន និងជាទំពាំងឬស្សីរបស់ប្រទេសជាតិ» ដោយសង្ឃឹមថា ក្តីស្រឡាញ់ និងការគាំទ្ររបស់សប្បុរសជន នឹងជួយឱ្យមន្ទីរពេទ្យកុមារអង្គរ បន្តដំណើរទៅមុខក្នុងការថែរក្សាសុខុមាលភាព និងអនាគតកុមារកម្ពុជា។

មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ដែលមកដល់ពេលនេះ មានរយៈពេល២៧ឆ្នាំហើយ។ នៅក្នុងរយៈពេល២៧ឆ្នាំមកនេះ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការព្យាបាលជំងឺដល់កុមារប្រមាណជាង៣លានករណី ដោយក្នុងមួយថ្ងៃៗ មន្ទីរពេទ្យបានទទួលព្យាបាលប្រមាណ៣៥០នាក់។ នេះបើតាមការអះអាងឱ្យដឹងរបស់លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គ។ លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ មន្ទីរពេទ្យកុមារអង្គរបានព្យាបាលជួយសង្រ្គោះជីវិតកុមារកម្ពុជាប្រមាណជិត១២ម៉ឺននាក់ហើយក្នុង១ឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ ត្រូវការចំណាយថវិកាប្រមាណ៦លានដុល្លារ។ ថវិកាចំនួន៥០ដុលារ អាចជួយកុមារម្នាក់ឱ្យទទួលបានការពិនិត្យ និងព្យាបាល៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


