ព័ត៌មានជាតិ
ថ្ងៃនេះលោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកា ដើម្បីជួយកុមារកម្ពុជា
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ បានចាប់ផ្តើមហើយ ដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ បន្តទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប និងបន្តជិះកង់ឆ្លងកាត់ប្រទេសចំនួន២៥ រាប់ពីប្រទេសកម្ពុជារហូតដល់ទ្វីបអឺរ៉ុប ក្នុងចម្ងាយសរុប២០ ០០០គីឡូម៉ែត្រ ដើម្បីអង្គាសប្រាក់ឱ្យបានប្រមាណ២៥ម៉ឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី០៦ នេះ លោក ទីវ តារារិទ្ធិ បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពក្នុងការចាប់ផ្តើមដំណើរជិះកង់ ពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការការព្យាបាលនៅមន្ទីរពេទ្យ២ នៅខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣។ ក្នុងនាមជាអ្នកស្រឡាញ់ ការជិះកង់តាំងពីឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា លោក ទីវ តារារិទ្ធិ បានរៀនសូត្រ និងឃើញទិដ្ឋភាពសង្គមជាច្រើន នៅតំបន់ដាច់ស្រយាល ដែលមានភាពខ្វះខាត ក្នុងជីវភាពរស់នៅ តំបន់ខ្លះខ្វះគ្រូពេទ្យ និងថ្នាំសង្កូវជាដើម។ ការណ៍នេះហើយ ដែលជំរុញទឹកចិត្ត របស់លោកក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ចង់បង្កើតកម្មវិធីមួយដែលអាចជួយដល់សង្គមបាន។
ឆ្នាំមុន យុវជន ទីវ តារារិទ្ធិ បានសម្រេចក្ដីស្រមៃលើកទី១របស់លោក ដោយបានបង្កើត កម្មវិធី ជិះកង់ជុំវិញប្រទេសនៅតំបន់អាស៊ានចំនួន៦ប្រទេស ដោយបានរៃអង្គាសថវិកាជិត៦ម៉ឺនដុល្លារ អាមេរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ។

កម្មវិធីនៅពេលនោះ លោកត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ៩ពាន់គីឡូម៉ែត្រ និងប្រើរយៈពេល៣ខែ។ ចំណែកលើកទី២ទៅកាន់តំបន់អឺរ៉ុបនេះវិញ ជាការធ្វើដំណើរវែងឆ្ងាយ និងប្រើរយៈពេលពេញមួយឆ្នាំ ដោយឆ្លងកាត់ប្រទេសចំនួន២៥ លើចម្ងាយផ្លូវលើសពី២ម៉ឺនគីឡូម៉ែត្រ។ ប្រទេសដែលលោក ទីវ តារារិទ្ធិ នឹងឆ្លងកាត់មុនគេ គឺចេញពីកម្ពុជាឆ្លងចូលប្រទេសឡាវ ថៃ បន្តទៅបង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌា ចូលតំបន់អាស៊ីកណ្ដាល មជ្ឈឹមបូព៌ា និងរហូតដល់ទ្វីបអឺរ៉ុប ទៅដល់អឺរ៉ុប យុវជនរូបនេះរំពឹងថា នឹងអាចជិះបានច្រើនប្រទេស ពិសេសគោលដៅទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានមុនកម្មវិធីជិះកង់នៅមន្ទីរពេទ្យកុមារអង្គរ លោក ទីវ តារារិទ្ធី លើកឡើងដូច្នេះថា៖« ខ្ញុំគ្រាន់តែជាយុវជនខ្មែរម្នាក់ដែលស្រឡាញ់ការធ្វើដំណើរ មានក្ដីស្រម៉ៃ ហើយតំណាង ឱ្យយុវជនខ្មែរ បានដាក់ទង់ជាតិកម្ពុជាធ្វើដំណើរទៅកន្លែងជាច្រើន ហើយកន្លងទៅ មានការគាំទ្រពីសំណាក់ប្រជាជាតិ អាស៊ានយើង ហើយឆ្នាំនេះខ្ញុំនៅតែមានមោទនភាព ដែលតំណាង ឱ្យយុវជនខ្មែរ នាំទង់ជាតិខ្មែរ ឆ្លងកាត់ប្រទេសជាច្រើន ហើយបង្ហាញឱ្យគេឃើញពីភាពខ្លាំងរបស់យើង ឱ្យគេឃើញពីភាពអស្ចារ្យថាយុវជនយើងគឺមានភាពខ្លាំង ហើយយកចិត្តទុកដាក់លើសង្គមទៀត»។

លោក ទីវ តារារិទ្ធិ ក៏រំពឹងថា លោកនឹងអាចធ្វើជាគម្រូដល់យុវជនផ្សេងទៀតក្នុងការបង្កើត កម្មវិធីសប្បុរសធម៌ផ្សេងៗដើម្បីជួយសង្គម។ លោកចង់ឱ្យយុវជនជឿលើឆន្ទះរបស់ខ្លួនឯង ក្នុងការធ្វើអ្វីដើម្បីបុព្វហេតុសង្គមជាតិ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរ បង្ហាញការយល់ឃើញថា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតពិតជារីករាយណាស់ ដែលលោក ទីវ តារារិទ្ធិ ធ្វើសម្រាប់សង្គមជាតិ ក៏ដូចជាបានរួមចំណែករកមូលនិធិជួយព្យាបាលកុមារខ្វះខាតនៅប្រទេសកម្ពុជា។ លោកបន្ថែមថា កិច្ចការងារដែលលោក ទីវ តារារិទ្ធិ កំពុងធ្វើនេះ ក៏កំពុងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ខ្មែរក្នុងការគាំទ្រកម្មវិធីសប្បុរសធម៌ និងជាការផ្តួចផ្តើមជួយមន្ទីរពេទ្យ២ដែលកំពុងជួយព្យាបាលកុមារ ដោយឥតគិតថ្លៃ នោះគឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧។

លោក ងួនច័ន្ទភក្រ្តា យល់ថា គម្រូវីរៈភាពរបស់លោក ទីវ តារារិទ្ធិ ក៏កំពុងផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពរបស់ ប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិផងដែរ តាមរយៈការជិះកង់កាត់តាមប្រទេសជាច្រើន។
លោក ងួន ច័ន្ទភាក្រ្តា លើកឡើងដូច្នេះ៖« នេះលើកទី២ដែលជាបេសកម្មវែងឆ្ងាយ និងការលះបង់ខ្លាំង និងរំពឹងថា លោក ទីវ តារារិទ្ធិ នឹងរៃអង្គាសបានថវិកាច្រើន ដើម្បីជួយកុមារកម្ពុជា ហើយស្របពេលមន្ទីរពេទ្យកុមារអង្គរប្រារព្ធខួប២៥ឆ្នាំផង ដែលគាត់ចង់ចូលរួមអបអរខួបនេះដែរ ដើម្បីបរិច្ចាគជួយមន្ទីរពេទ្យ ជួយកុមារកម្ពុជា និងសង្ឃឹមថា ថវិកាទាំងនោះនឹងរួមចំណែកជួយ កុមារ ជាច្រើនដែលកំពុងខ្វះខាត។ នេះជាការលះបង់ដ៏អស្ចារ្យមែនទែនសម្រាប់យុជន ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមជូនពរលោក តារារិទ្ធិ ប្រកបដោយជោគជ័យ ហើយសុខភាពល្អ ធ្វើដំណើរទៅប្រកបដោយសុវត្ថិភាព ទាំងកំឡុងពេលបេសកកម្ម និងត្រឡប់មកវិញ»៕
ដោយ៖ជុន កុសល
ចុចអាន៖ លោក ទីវ តារារិទ្ធិ នឹងជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបឆ្លងកាត់ប្រទេស២៥ ដើម្បីអង្គាសប្រាក់ជួយព្យាបាលកុមារ







-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


