ព័ត៌មានជាតិ
បទយកការណ៍៖ ជំងឺមហារីកលើកុមារជារឿងគួរឱ្យព្រួយបារម្ភដែលឪពុកម្ដាយគួរយកចិត្តទុកដាក់
«ដំបូងខ្ញុំក៏អត់ដឹងដែរ ឃើញកូនចេះតែក្ដៅខ្លួន ហើមមុខ ហើមក ពេលយកមកពេទ្យកុមារអង្គរ អ្នកគ្រូថាកូនកើតមហារីកគ្រាប់ឈាម»។ នេះជាការលើកឡើងរបស់លោក គៀល រ៉េន មកពីខេត្តព្រះវិហារដែលបាននាំកូនមកព្យាបាលជំងឺមហារីកគ្រាប់ឈាមនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លោកថាពេលដែលពេទ្យរកឃើញថាកូនគាត់កើតជំងឺមហារីកគាត់ស្ទើរតែមិនអាចទទួលយកបាន និងអស់សង្ឃឹម។

លោកបន្ថែមថា៖ «ខ្ញុំទទួលអត់ចង់បានទេមុនដំបូង ភ័យដែរ។ ដល់ទៅ២ទៅ៣ថ្ងៃទើបខ្ញុំធ្វើចិត្តបាន»។
វេជ្ជបណ្ឌិតឯកទេសមហារីកកុមារនៃមន្ទីរពេទ្យកុមារអង្គរកញ្ញា ប៊ុន សេរីលក្ខណ៍ បានឱ្យថា៖ «ជំងឺមហារីកកុមារគឺជាជំងឺមហារីកមួយដែលកោសិកាធម្មតាវាផលិតលើសចំនួនរូបរាងហើយវាធ្វើឱ្យមានជំងឺមហារីកនេះ»។
វេជ្ជបណ្ឌិត សេរីល័ក្ខណ៍ បានឱ្យដឹងទៀតថាជំងឺមហារីកលើកុមារភាគច្រើនដែលមកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរគឺទាក់ទងនឹងជំងឺមហារីកគ្រាប់ឈាម មហារីកបាតភ្នែក មហារីកកូនកណ្ដុរ និងមហារីកជាដុំសាច់។ ខណៈការព្យាបាលគឺអាស្រ័យទៅលើប្រភេទជំងឺផងដែរ។
កញ្ញាបន្ថែមថា៖ «អាស្រ័យថាជំងឺមហារីកនេះជាប្រភេទអីគេ? ជាក់ស្ដែងដូចមហារីកបាតភ្នែកបើសិនជាកម្រិតទាបៗមកដំបូងអីអញ្ចឹងការជាសឹងតែ៨០ទៅ៩០ភាគរយអីអ៊ីចឹងទៅ។ បើមហារីកគ្រាប់ឈាមអាស្រ័យតាមប្រភេទដូចគ្នាដែរវាអាចចន្លោះពី៣០%ឡើងទៅ»។

នៅក្នុងសាលមហារីកនៃមន្ទីរពេទ្យកុមារអង្គរមានកុមារតូចៗជាច្រើនដែលកើតជំងឺមហារីកកំពុងនៅសម្រាកព្យាបាលខណៈឪពុកម្ដាយក៏កំពុងមើលថែកូនៗជាទីស្រលាញ់របស់ពួកគេដោយយកចិត្តទុកដាក់ផងដែរ។
អ្នកស្រី ហួន ស្រីនិច្ច ដែលកូនកើតមហារីកគ្រាប់ឈាមធ្ងន់ធ្ងរមកពីខេត្តបន្ទាយមានជ័យថាពេលដឹងដំណឹងដំបូងគឺអ្នកស្រីយំរហូតអាណិតដល់កូនដែលមិននឹងស្មានថាកូនរបស់អ្នកស្រីកើតជំងឺកាចសាហាវបែបនេះសោះ។
អ្នកស្រីថា៖ «អាការៈគាត់យើងទុកគាត់ជ្រុលពេល។ លោកគ្រូពេទ្យគាត់ព្យាយាមព្យាបាលចឹងទៅទើបគាត់(កូន) រាងគ្រាន់អ៊ីចឹងទៅណាបង។ ដល់អ៊ីចឹងទើបខ្ញុំអាចសប្បាយចិត្តបានខ្លះ។ ពីមុនខ្ញុំឱ្យតែឃើញកូនខ្ញុំយំរាល់ថ្ងៃ»។
ក្រោយពីទទួលបានការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរកូនរបស់អ្នកស្រីបានធូរស្រាលច្រើនដែលអ្នកស្រីថាជាក្ដីសង្ឃឹមមួយរបស់អ្នកស្រីឡើងវិញ។
នៅគ្រែក្បែរនោះដែរអ្នកស្រី ថន ដាលីន អាយុ២៥ឆ្នាំមកពីខេត្តកណ្ដាលថាអ្នកស្រីមិនដឹងថាកូនអ្នកស្រី ដែលមានអាយុទីតែ១ឆ្នាំ៥ខែកើតជំងឺមហារីកបាតភ្នែកសោះរហូតដល់ពេលមួយដែលអ្នកស្រីយកកូនពិនិត្យភ្នែកទើបដឹង។
អ្នកស្រី ដាលីន៖ «ដំបូងខ្ញុំអត់ដឹងទេ! ដល់ពេលមួយខ្ញុំមកជាមួយបងខ្ញុំដែលគាត់យកកូនគាត់មកកាត់វ៉ែនតា ហើយពេលហ្នឹងខ្ញុំក៏យកកូនខ្ញុំកាត់វ៉ែនតាដែរទៅក៏ពេទ្យពិនិត្យឃើញថាមានដុំសាច់។ ដំបូងឡើយគឺខ្ញុំអត់ដឹងទេ»។

អ្នកស្រីថានេះជាលើកទី៣ហើយដែលអ្នកស្រីយកកូនមកតាមដាន និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរបន្ទាប់ពីដឹងថាកូនមានមហារីកបាតភ្នែក។ អ្នកស្រីថ្លែងអំណរគុណចំពោះពេទ្យសប្បុរសធម៌មួយនេះចំពោះការព្យាបាលកូនអ្នកស្រីតាំងពីដំបូងរហូតមកដល់ពេលនេះដោយមិនគិតថ្លៃនិងយកចិត្តទុកដាក់រហូតកូនអ្នកស្រីមានសុខភាពល្អប្រសើរឡើងវិញដូចពេលនេះ។
បើតាមវេជ្ជបណ្ឌិត ប៊ុន សេរីលក្ខណ៍ រោគសញ្ញាដែលសង្ស័យថាជាជំងឺមហារីកគ្រាប់ឈាមមានដូចជា ក្ដៅខ្លួន ព្យាបាលដោយថ្នាំមិនបាត់ ស្លេកស្លាំងអស់កម្លាំង កុមារមានឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ក្អួតឈាម បន្ទោបង់ចេញលាមកមកខ្មៅ ឡើងកូនកណ្ដុរ ប៉ោងគ្រាប់ភ្នែក មានដុំក្នុងពោះឬសួត និងឈឺដៃជើង។ កញ្ញាបញ្ជាក់ថាអាការៈទាំងនេះអាស្រ័យកុមារដែរ ដែលកុមារខ្លះគ្រាន់តែមានអាការៈក្ដៅខ្លួនប៉ុណ្ណោះដែលត្រូវធ្វើការតាមដានជាមួយគ្រូពេទ្យ។ ដោយឡែកអាការៈជំងឺមហារីកបាតភ្នែក អាចកត់សម្គាល់បានតាមភ្នែករបស់កូនដែលឡើងសដូចភ្នែកឆ្មា តែត្រូវយកមកពិនិត្យដោយពេទ្យភ្នែកទើបអាចដឹងបាន។

យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកុមារអង្គរជំងឺមហារីកកុមារ គឺជាជំងឺលាក់មុខនៅកម្ពុជា។៨០% នៃជំងឺមហារីកកុមារ អាចព្យាបាលបានជាសះស្បើយប្រសិនបើពួកគេទទួលការព្យាបាលដែលមានគុណភាព និងទាន់ពេលវេលា។
វេជ្ជបណ្ឌិត ប៊ុន សេរីលក្ខណ៍ ថាតាមរយៈបទពិសោធន៍ជាង១០ឆ្នាំរបស់មន្ទីរពេទ្យកុមារអង្គរ និងកិច្ចសហការជាមួយដៃគូរមន្ទីរពេទ្យការព្យាបាលនៅមន្ទីរពេទ្យគឺមានស្តង់ដារគុណភាពដែលអាចធានាដល់ការព្យាបាលបាន។ តែទោះជាយ៉ាងណាកញ្ញាថាមន្ទីរពេទ្យក៏ជួបប្រទះការខ្វះខាតមួយចំនួនដូចជាសម្ភារៈឧបករណ៍ ថ្នាំសង្កូវ និងបុគ្គលិកផងដែរ។
ក្នុងមួយឆ្នាំមន្ទីរពេទ្យកុមារអង្គរត្រូវការចំណាយប្រមាណ៦លានដុល្លារដើម្បីទទួលព្យាបាលកុមារដោយឥតគិតថ្លៃដែលថវិកាទាំងនេះបានពីសប្បុរសជនក្រៅប្រទេសប្រមាណពី៥០ទៅ៥៦% និងសប្បុរសជនក្នុងស្រុកប្រមាណ២៨% ដែលត្រូវការចូលរួមបន្ថែមពីសប្បុរសជនលើការងារមនុស្សធម៌នេះ។ ក្នុងឆ្នាំ ២០២៥ មន្ទីរពេទ្យបានរៀបចំយុទ្ធនាការរៃអង្គាសថវិកាមួយដែលមានឈ្មោះថា រួមគ្នាសង្គ្រោះកុមារមានជំងឺមហារីក ដែលពលរដ្ឋខ្មែរគ្រប់រូបអាចចូលរួមបរិច្ចាគបានពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៥នេះ។

ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជានៃមន្ទីរពេទ្យកុមារអង្គរលោកស្រី ស៊ិនកេត អរុណ អំពាវនាវដល់សប្បុរសជនទាំងអស់សូមគាំទ្រដល់យុទ្ធនាការនេះ ក៏ដូចជាការងាររបស់មន្ទីរពេទ្យដើម្បីប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។
លោកស្រី ស៊ិនកេត អរុណ៖ «ការជួយរបស់បងប្អូនទាំងអស់គ្នាគឺបង្ហាញពីវប្បធម៌សាមគ្គីគ្នារួបរួមគ្នាខ្មែរជួយខ្មែរទោះបីជាថវិកាតិចក្ដីច្រើនក្ដីគឺជាការលើកទឹកចិត្តនិងជាការជំរុញធ្វើឱ្យមន្ទីរពេទ្យកុមារអង្គរអាចបន្តធ្វើដំណើរទៅមុខទៅទាំងឆ្នាំនេះនិងឆ្នាំក្រោយៗទៀតបានដោយរលូន។ ហើយខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នានឹងចូលរួមជាមួយនឹងពួកយើងធ្វើឱ្យកិច្ចការនេះបានជោគជ័យទាំងអស់គ្នា»។

ចាប់តាំងពីទទួលព្យាបាលជំងឺមហារីកពីឆ្នាំ២០១៣មកមន្ទីរពេទ្យកុមារអង្គរបានព្យាបាលកុមារដែលមានជំងឺមហារីកបានជាង១០០នាក់ហើយ។ កុមារី លន ម៉ីយាន ជាកុមារម្នាក់ក្នុងចំណោមកុមារដែលទទួលបានការព្យាបាលជំងឺមហារីកដោយមន្ទីរពេទ្យកុមារអង្គរ ពេលនេះម៉ីយាន បានជាសះស្បើយត្រលប់ទៅផ្ទះ និងសាលារៀនរបស់គាត់វិញដោយក្ដីរីករាយ។ ម៉ីយាន បានអរគុណដល់មន្ទីរពេទ្យកុមារអង្គរដែលបានជួយសង្គ្រោះជីវិតរបស់គេដែលធ្វើឱ្យនាងនិងក្រុមគ្រួសារមានក្ដីសង្ឃឹមឡើងវិញ។
ក្នុងវីដេអូដែលផ្សព្វផ្សាយដោយមន្ទីរពេទ្យកុមារអង្គរ ម៉ីយាន និងម្ដាយរបស់នាងបាននិយាយថា៖ «មន្ទីរពេទ្យកុមារអង្គរគឺជាអ្នកមានគុណដែលជួយជីវិតខ្ញុំឱ្យរស់ ខ្ញុំចូលចិត្តទៅរៀន ចូលចិត្តគូរគំនូរលេង ឬក៏លេងជាមួយមិត្តភ័ក្ដិ។ ពេលធំឡើងខ្ញុំចង់ក្លាយជាគ្រូបង្រៀន។ សម្រាប់បងប្អូនដែលមើលវីដេអូនេះសូមជួយដល់មន្ទីរពេទ្យផង»៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍


-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


