ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល សុំឲ្យពលរដ្ឋ មន្ត្រីរាជការ ជឿជាក់ លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា តាមវិធានការច្បាប់អន្តរជាតិ និងការទូត
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៃ គណៈអភិបាលខេត្តកណ្ដាល សូមឱ្យកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារទឹកដី ប្រជាជនរបស់យើង និងការការពារផលប្រយោជន៍ធំបំផុតសម្រាប់ប្រទេសកម្ពុជារបស់យើង។ លោក គួច ចំរើន អភិបាល មានប្រសាសន៍ដូច្នេះ នៅក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ លើកទី០៧ កាលពីនារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក អភិបាលខេត្តកណ្ដាលបានបន្តថា៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយសម្ដេចបាននាំយកបញ្ហាយោធាថៃ រំលោភឈ្លានពានទាំងកំរោលនៅលើទឹកដីកម្ពុជា ទៅផ្សព្វផ្សាយនៅទូទាំងពិភពលោក ដោយបានផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិ Reuters របស់អង់គ្លេស និងFox News របស់អាមេរិក ហើយមកដល់ពេលនេះសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក បានធ្វើការផ្សព្វផ្សាយអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជាយើង។


លោកអភិបាលខេត្ត បន្ថែមថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការគិតគូរ ដោះស្រាយបញ្ហាជាតិ និងអធិបតេយ្យជាតិ ដោយប្រកាន់យកនូវគោលជំហរផលប៉ះពាល់តូចបំផុត ជាជម្រើសដែលកម្ពុជាប្រកាន់យក ហើយកម្ពុជាប្រកាន់យកគោលការណ៍សន្តិភាព ក្នុងការដោះស្រាយដោយប្រើប្រាស់វិធានការច្បាប់អន្តរជាតិ និងការទូត។


លោកបានបន្ថែមទៀតថា៖ យើងមិនអាចប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបាននោះទេ ប៉ុន្តែប្រសិនបើយើងខិតខំដោះស្រាយដោយវិធានការច្បាប់អន្តរជាតិ និងការទូត ហើយនៅពេលដែលមានការព្រមព្រៀងបញ្ចប់សង្គ្រាម នោះយើងនឹងទទួលបានសុខសន្តិភាពជាអចិន្ត្រៃយ៍បាន សម្រាប់ប្រទេសរបស់យើង។ ដូចនេះបានជារាជរដ្ឋាភិបាលរបស់យើង បានសម្រេចយកការដោះស្រាយដោយច្បាប់អន្តរជាតិ និងការទូត ដែលសម្ដេចមហាបវរធិបតី កំពុងបន្តការដឹកនាំប្រតិភូទៅបំពេញនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន។

ដូចនេះសូមកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារទឹកដី ប្រជាជនរបស់យើង និងការការពារផលប្រយោជន៍ធំបំផុតសម្រាប់ប្រទេសកម្ពុជារបស់យើង៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


