Connect with us

ព័ត៌មានជាតិ

ស្ពាន​ឆ្លង​ទន្លេ​ធំៗ​ចំនួន ៦ ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា ​និង​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​បន្តបន្ទាប់

បានផុស

នៅ

ស្ពាន​ឆ្លង​ទន្លេ​ចំនួន ៦ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា ដែល​នឹង​អាច​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​ជា​បន្ត​បន្ទាប់​នៅ​ពេល​ខាងមុខ។

ស្ពាន​អរិយក្សត្រ

គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ទៅ​ក្រុង​អរិ​យ​ក្សត្រ បាន​លេច​ឮ​ព័ត៌មាន​ជា​យូរ​ឆ្នាំ​មក​ហើយ​និង​បាន​ក្លាយ​ជា​ការ​ទន្ទឹងរង់ចាំ​យ៉ាងអន្ទះអន្ទែង​សម្រាប់​ពលរដ្ឋ​រស់នៅ​​ក្រុង​អរិយក្សត្រ។

ក្រោយ​សិក្សា​ជា​ច្រើន​ឆ្នាំ ប្រភព​ពី​មន្រ្តី​រដ្ឋាភិបាល​បាន​អះអាង​ថា ស្ពាន​ឆ្លង​ទៅ​អរិយក្សត្រ​គ្រោង​នឹង​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ ២០២៦។

គម្រោងសាងសង់ស្ពាន​ឆ្លង​ទៅ​ក្រុង​​អរិយក្សត្រ​ ទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលប្រទេសកូរ៉េ ​ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ​ជិត ៣០០ លាន​ដុល្លារ។ តាម​គម្រូ​​ប្លង់​ស្ពាន​មិត្ដភាពកម្ពុជា-កូរ៉េ ​ត្រូវសាងសង់ចំនួន ២ ដោយទី១​ តភ្ជាប់​ពីខាង​មុខ​ផ្សារ​រាត្រី​ឆ្លងកាត់​ទន្លេ​សាប​​ទៅកាន់​តំបន់​ជ្រោយចង្វារ និង​ទី២ តភ្ជាប់​ពីជ្រោយចង្វារឆ្លង​កាត់​ទន្លេ​មេគង្គ​ទៅ​អរិយក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​ក្តី​តាកុយ

នៅក្នុង​ពិធី​បើកការដ្ឋានសាងសង់​ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ១ នៅកំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ២០២៣ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​បាន​ស្នើ​ដល់រដ្ឋាភិបា​លជប៉ុន​ពិនិត្យលទ្ធភាព​​ជួយ​សាងសង់​ស្ពានឆ្លង​ទន្លេមេគង្គពីក្តី​តាកុយ​ទៅ​តំបន់​អរិយក្សត្រ​​។

តាមរយៈ​អនុរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន អំឡុងធ្វើ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ជប៉ុន​គឺជា​មិត្ត​ដ៏សំខាន់​ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពីអតីតកាល បច្ចុប្បន្នកាល និង​ទៅ​អនាគត។

នៅក្នុងក្របខណ្ឌការ​អភិវឌ្ឍ​វិស័យសាធារណការ និងដឹកជញ្ជូន សម្តេច​លើកសំណើ​ដល់​រដ្ឋាភិបាល​ជប៉ុន​បន្ត​ជួយ​គាំទ្រដល់​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពានរបស់ប្រទេស​កម្ពុជា​ដូចជា​គម្រោង​ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ១ ទៅដល់ស្ពានអ្នកលឿង និង​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ ក្តីតាកុយ​ទៅតំបន់​អរិយក្សត្រ។

ស្ពាន​ឆ្លង​ទន្លេ​ពី​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ

ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) បានចេញរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព គម្រោង​សាង​សង់ស្ពានឆ្លងកាត់ទន្លេសា​បដែលមាន​ប្រវែងជាង ៣ គីឡូម៉ែត្រ តភ្ជាប់ពី​ខេត្តកំពង់​ឆ្នាំង​ទៅខេត្តកំពង់ធំ​ រួម​ទាំង​ផ្លូវ​តភ្ជាប់​​ដោយ​រង់ចាំ​ការ​ពិនិត្យ​សម្រេច​ការផ្តល់​ឥណទានសម្បទានពី​រដ្ឋាភិបាល​ចិន។

គម្រោង​សាងសង់​ស្ពាន​និង​ផ្លូវតភ្ជាប់ពី​ខេត្តកំពង់ឆ្នាំង ទៅកាន់​ខេត្តកំពង់ធំ​គ្រោងចំណាយថវិកាប្រមាណ ២៥០ លានដុល្លារ។

ការ​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ចែកចេញជាពីរផ្នែក ក្នុងនោះត្រូវ​សាងសង់​ស្ពាន​ឆ្លងកាត់ទន្លេសាប ប្រវែង ៣.២៤០ ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ និងផ្លូវ ៥០C ប្រវែង​ផ្លូវសរុប ៥៨,២០៨ គីឡូម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) ទទឹង ១០ម៉ែត្រ លើទទឹងតួផ្លូវ ១១​ម៉ែត្រ។

ស្ពាន​ឆ្លង​ទន្លេ​រ​ពៅ

កម្ពុជា​មានផែនការសាងសង់ស្ពាន​ទន្លេរពៅ​ឆ្លងកាត់​​ព្រំដែន​តភ្ជាប់​រវាង​ខេត្តព្រះវិហារ និង​ខេត្តចម្ប៉ាសាក់ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិស័យ​ទេសចរណ៍។

មន្រ្តី​ក្រសួងសាធារការបានបញ្ជាក់​ថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេឆ្លងកាត់ព្រំដែន​​ នឹង​ក្លាយ​ជាច្រកដ៏​សំខាន់មួយទៀត ក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូន កាត់បន្ថយរយៈចម្ងាយធ្វើដំណើរពីខេត្តចម្ប៉ាសាក់របស់ប្រទេស​ឡាវ​មកកាន់​ខេត្ត​ព្រះវិហារ​របស់ប្រតេស​​កម្ពុជា ព្រមទាំងពង្រឹងការអភិវឌ្ឍនៅតំបន់ព្រំដែន លើ​ការ​ជំរុញការធ្វើ​​ពាណិជ្ជកម្ម​ទ្វេ​ភាគី និង​ទេសចរណ៍។

ស្ពាន​ឆ្លង​ទន្លេ​បាសាក់​នៅ​ក្រុង​សំពៅពូន

ស្ពាន​​ឆ្លងកាត់​ទន្លេ​បាសាក់នៅក្រុង​សំពៅពូន​ ក៏​កំពុង​ត្រូវបាន​សិក្សា​ដើម្បី​តភ្ជាប់​សង្កាត់​ចំនួន​ពីរ​ក្នុង​ក្រុង​សំពៅពូន​ជាប់​ព្រំដែនជាមួយ​ប្រទេស​​វៀតណាម។

លោក អេង សុវិចិត្ត អភិបាល​ក្រុង​សំពៅពូន​បាន​បញ្ជាក់​ថា ​គម្រោង​សាងសង់​ស្ពាន​នេះ​ស្ថិត​នៅក្នុង​ដំណាក់​កាល​សិក្សា​នៅឡើយ។

លោកថា សង្កាត់​សំពៅពូន​និង​សង្កាត់​ជ្រៃធំ​ខណ្ឌ​ចែក​ដោយ​ទន្លេ ហើយ​ការ​ធ្វើ​ដំណើរ​​​​កន្លងទៅ​ត្រូវ​ប្រើ​ទូក​ដ​ចម្លង ឬ​ត្រូវ​ធ្វើដំណើរ​វាង​តាម​ស្ពាន​កោះធំ​ដែល​មាន​ចម្ងាយ​ឆ្ងាយ។

ខណៈ​គម្រោង​សាងសង់​ស្ពាន​នេះ​ស្ថិត​នៅក្នុង​ដំណាក់កាល​សិក្សា​ លោកអភិបាលក្រុងសំពៅពូន​​រំពឹង​ថា បើ​សិន​ស្ពាននេះ​​ត្រូវ​បាន​កសាង​ឡើង​​ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​និង​ការ​ដឹកជញ្ជូន រួម​ទាំង​​​ផ្តល់ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ខណៈ​តំបន់​នេះ​ក៏ជា​​ច្រក​ព្រំដែន​ដ៏​សំខាន់​សម្រាប់​ការ​​ធ្វើ​ពាណិជ្ជកម្ម​​រវាង​​​ប្រទេស​កម្ពុជា​​និង​ប្រទេស​វៀតណាម។

ស្ពាន​កោះនរា អរិយក្សត្រ

កន្លងទៅ​ថ្មីៗនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ដឹកនាំកិច្ចប្រជុំដើម្បី​ពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីកោះនរា ទៅតំបន់អភិវឌ្ឍ​ក្រុងរណបមេគង្គឃីនៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ខណៈ​គម្រោង​ស្ពាន​នេះជាគម្រោង​វិនិយោគ​ដោយ​វិស័យ​ឯកជន មិនមានការ​បញ្ជាក់ពីទំហំនៃការចំណាយ និងពេលវេលា​នឹង​ចាប់ផ្ដើមសាង​សង់​នៅពេលណានោះទេ។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ការ​សាងសង់ស្ពាន​នេះ​ក្រៅពី​សម្រួល​ការ​ធ្វើដំណើរ ក៏​នឹង​បើក​ឱកាស​សម្រាប់ការអភិវឌ្ឍ​ថ្មីៗ​បន្ថែមទៀត​​នៅពេលអនាគត​នៅតំបន់នោះ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម