Connect with us

ព័ត៌មានជាតិ

កម្ពុជាបានប្ដូរទិសពីការទប់ស្កាត់អំពើឆបោកតាមអនឡាញទៅជាការលុបបំបាត់ឱ្យអស់ត្រឹមខែមេសាឆ្នាំ ២០២៦ ដើម្បីបង្កើនបរិយាកាសវិនិយោគ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អះអាងថា កម្ពុជា បានប្ដូរទិសដៅពីការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញទៅជាការលុបបំបាត់ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ដើម្បីបង្កើនបរិយាកាសវិនិយោគ។ សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ជាសាធារណៈដូច្នេះ នាព្រឹកថ្ងៃទី៤ ខែមីនា ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ នៅចំពោះបណ្ដាអង្គទូតបរទេសប្រចាំនៅកម្ពុជា និងបណ្ដាធុរជនបរទេស ជារាប់រយនាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖«រដ្ឋាភិបាលបានសម្រេចផ្លាស់ប្ដូរយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយជាតិ ពីការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុងលើមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦  ដើម្បីពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀតនូវសុច្ចរិតភាព ក្នុងបរិយាកាសវិនិយោគ។»។

រាជរដ្ឋាភិបាលកម្ពុជានិតីកាលទី៧ បានបង្កើនល្បឿនក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយក្នុងនោះ នៅចុងខែកុម្ភៈ ឆ្នាំ២០២៥ បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត ផ្ទាល់ ដោយបានបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មបានយ៉ាងច្រើន សង្គ្រោះជនរងគ្រោះរាប់ពាន់នាក់ និងបានចាប់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់។


តាមរយៈប្រតិបត្តិការទប់ស្កាត់ និងការចុះបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានជនបរទេសជាង២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា និងប្រមាណជាង៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។

ក្នុងបទសម្ភាសន៍ជាមួយ AFP កាលពីចុងខែកុម្ភៈ សម្ដេច ហ៊ុន ម៉ាណែត លើកឡើងថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ បានបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ច វិស័យទេសចរណ៍ ដែលកម្ពុជាត្រូវតែបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញឱ្យអស់។

នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប ថ្មីៗនេះ ប្រមុខការទូតរបស់កម្ពុជា លោក ប្រាក់ សុខុន លើកឡើងថា ការឆបោកតាមប្រព័ន្ធអនឡាញ ជាបញ្ហាសាកលដែលកំពុងបំផ្លាញសិទ្ធិមនុស្សដែលគ្មានព្រំដែន។ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំធេងនេះ កម្ពុជាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងក្នុងកម្រិតជាតិ កម្រិតទ្វេភាគី និងពហុភាគី។

រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបង្កើតច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលស្របទៅតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខាពីពេលកន្លងមក  ដើម្បីបង្កើតឱ្យបាននូវក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នៅវេទិការបស់អង្គការសហប្រជាជាតិ ប្រមុខការទូតរបស់កម្ពុជា ក៏បានប្រាប់អន្តរជាតិថា ការបង្កើតច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺសបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសនេះ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​ ក៏ធ្លាប់បានប្រកាសថា  កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់​អ្នកដែលចង់មកប្រព្រឹត្តបទល្មើសឆបោកអន​ឡាញឡើយ ប៉ុន្តែកម្ពុជា​ជាឋាននរកសម្រាប់អ្នកទាំងឡាយណា​ដែលប៉ងចង់យកកម្ពុជាធ្វើជាទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម