ព័ត៌មានជាតិ
រដ្ឋដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល ដើម្បីផ្ដល់សេវាសុខាភិបាលឲ្យបានល្អ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងសុខាភិបាល (ក.ស.ប.) នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) ដើម្បីឲ្យការផ្ដល់សេវាសុខាភិបាលសាធារណៈមានភាពល្អប្រសើរជាងមុន។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក.ប.ទ. និង ក.ស.ប. សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព តំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាល រាជធានី ខេត្ត និងតំណាងអង្គការសុខភាពពិភពលោក (WHO) អង្គការយូនីសេហ្វ (UNICEF) អង្គការ CHAI អង្គការ GAVI និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួនប្រមាណ ៣៦០នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទ (កម្មវិធី Zoom) ប្រមាណជាង ៣ ០០០នាក់។

បើតាមសេចក្ដីប្រកាសព័ត៌មានរួម កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាលន ធ្លាប់បានសហការគ្នាអភិវឌ្ឍប្រព័ន្ធចាក់វ៉ាក់សាំង (vaccine.gov.kh) ដែល បានជួយសម្រួលដល់ការគ្រប់គ្រង និងកត់ត្រាប្រវត្តិនៃការចាក់វ៉ាក់សាំង ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយ ប្រព័ន្ធនេះមានភាពធន់សាយប័រនិងមាត្រសម្បទា (Scalability) ដែលត្រូវបានប្រើប្រាស់ដោយវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យ ប្រមាណជាង ៨ ០០០នាក់ និងបានកត់ត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រហូតដល់ប្រមាណជិត ១៥លាននាក់។ ជាមួយគ្នានេះ ដោយមានតម្រូវការបន្ថែមក្នុងការគ្រប់គ្រងនិងកត់ត្រាប្រវត្តិនៃការចាក់ថ្នាំបង្ការផ្សេងទៀត ក.ស.ប. និង ក.ប.ទ.ក៏បានពិភាក្សា និងយល់ឃើញថាប្រព័ន្ធចាក់វ៉ាក់សាំងដែលមានស្រាប់មានភាពសក្តិសមបំផុតក្នុងការយកទៅពង្រីកវិសាលភាពប្រើប្រាស់ ក្នុងកម្រិតជាតិ ដោយគ្រាន់តែយកមកធ្វើការអភិវឌ្ឍបន្ថែមនិងពង្រីកសមត្ថភាពឱ្យក្លាយទៅជាប្រព័ន្ធថ្មីមួយទៀត ដែលមាន ឈ្មោះថា ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (Electronic Immunization Registry/EIR) ដែលមានភាពធន់សាយប័រ និងសមត្ថភាពខ្ពស់ជាងមុន ព្រមទាំងអាចធ្វើអន្តរប្រតិបត្តិការ។

សេចក្ដីប្រកាសព័ត៌មានរួមអះអាងទៀតថា បន្ទាប់ពីបានអភិវឌ្ឍនិងធ្វើការវាយតម្លៃអំពីភាពធន់សាយប័រនិងភាពរួចរាល់នៃបច្ចេកទេសរួចមក ប្រព័ន្ធ EIR ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសុខភាពចំនួន ២ទីតាំង គឹមណ្ឌលសុខភាព សំរោងក្រោម និងមណ្ឌលសុខភាពជ្រោយចង្វារ និងនៅខែមករា ឆ្នាំ២០២៥ បានដាក់ឱ្យដំណើរការសាកល្បង ១ទីតាំង បន្ថែមទៀត គីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ព្រមទាំងបានបន្តបណ្តុះបណ្តាលបុគ្គលិកពេទ្យនិងដាក់ឱ្យដំណើរការ សាកល្បងនៅតាមបណ្តាស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលផ្សេងទៀត។ ជាលទ្ធផលគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ប្រព័ន្ធ EIR ត្រូវបានប្រើប្រាស់នៅមូលដ្ឋានសុខាភិបាលចំនួន ១,៤៤៣ ទីតាំង បុគ្គលិកប្រើប្រាស់ចំនួន ២,៦៥៤ នាក់ ទិន្នន័យ ប្រជាពលរដ្ឋបានចុះក្នុងប្រព័ន្ធចំនួន ១៧៤,៦៨៨ នាក់ និងកំណត់ត្រាវ៉ាក់សាំងចំនួន ១,១០០,១៤៩។ ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេលជាងមួយឆ្នាំកន្លងមក ប្រព័ន្ធ EIR ទទួលបានការសាទរជាច្រើន ដែលឈានដល់ការ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍ សុខភាព នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅក៏អាចពិនិត្យមើលប្រវត្តិនៃការទទួលថ្នាំបង្ការនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពរបស់រដ្ឋ តាមរយៈកម្មវិធី MyHealth ដែលជាកូនកម្មវិធី (Mini-App) នៅក្នុងកម្មវិធី DGSuperApp ផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

គួរឱ្យដឹងថា ប្រព័ន្ធ EIR គឺជាផ្ទាលឌីជីថលដែលមានសុវត្ថិភាព អន្តរប្រតិបត្តិការ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាម្ចាស់ឌីជីថលជំនួសឱ្យការកត់ត្រាប្រវត្តិនៃការចាក់ថ្នាំបង្ការដោយដៃនិងប្រើក្រដាស ទៅជាការកត់ត្រាតាមប្រព័ន្ធ ឌីជីថលដោយស្វ័យប្រវត្តិ ដែលក្នុងនោះរួមមាន (១) កាលវិភាគផ្តល់ថ្នាំបង្ការសម្រាប់ទារកអាយុក្រោម ២ឆ្នាំ (Routine Vaccination) (២) ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV Vaccines) សម្រាប់កុមារីអាយុ ៩ឆ្នាំ (៣) ការផ្តល់វ៉ាក់សាំង តេតាណូស និងខាន់ស្លាក់សម្រាប់ស្ត្រីក្នុងវ័យបន្តពូជអាយុចាប់ពី១៥ឆ្នាំ ដល់ ៤៤ឆ្នាំ និង(៤) វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋ ទូទៅ ដូចជាវ៉ាក់សាំងកូវីដ-១៩ ជាដើម។
ប្រព័ន្ធ EIR មានមុខងារសំខាន់ៗ ដូចជា (១) បង្កើតគណនីនៃការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋ និងអាចស្វែងរក ព័ត៌មាននៃការចាក់ថ្នាំបង្ការបានយ៉ាងងាយស្រួលនិងឆាប់រហ័ស (២) កត់ត្រាប្រវត្តិនៃការទទួលថ្នាំបង្ការរបស់ទារក កុមារ និង ប្រជាពលរដ្ឋទូទៅ និងកាលវិភាគដែលនឹងត្រូវទទួលថ្នាំបង្ការបន្ទាប់ (៣) តាមដាននិងផ្ទៀងផ្ទាត់ប្រវត្តិនៃការទទួលថ្នាំបង្ការ គ្រប់ប្រភេទដោយស្វ័យប្រវត្តិ ដើម្បីជំនួសឱ្យការកត់ត្រាក្នុងទម្រង់ជាក្រដាស និង (៤) អាចចូលទៅពិនិត្យមើល និងទាញ យករបាយការណ៍ប្រចាំខែអំពីទិន្នន័យអ្នកទទួលថ្នាំបង្ការ ដើម្បីជាមូលដ្ឋានក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
ដោយឡែក ប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណង ដូចជា (១) មើលទីតាំងនៃមូលដ្ឋានសុខាភិបាលឯកជនទូទាំងប្រទេសកម្ពុជា (២) ស្វែងយល់ពីទំហំ និងប្រភេទនៃមូលដ្ឋាន សុខាភិបាលឯកជននីមួយៗ (ចំនួននិងប្រភេទបុគ្គលិក ប្រភេទនៃមូលដ្ឋានសុខាភិបាល និងប្រភេទសេវា) និង (៣) តាមដាន ស្ថានភាព និងភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជន។ប្រព័ន្ធ HFMIS នេះ មានមុខងារសំខាន់ៗ ដូចជា (១) បច្ចុប្បន្នភាពទិន្នន័យមូលដ្ឋានសុខាភិបាល (២) ស្ថិតិនៃ ស្ថានភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជននីមួយៗ រួមមាន អាជ្ញាបណ្ណកំពុងមានសុពលភាព អាជ្ញាបណ្ណជិត ផុតសុពលភាព (រយៈពេលយ៉ាងតិចជាង៩០ថ្ងៃ) និងអាជ្ញាបណ្ណផុតសុពលភាព (៣) ផ្ទាំងសម្រាប់បែងចែងប្រភេទមូលដ្ឋាន សុខាភិបាល (៤) ផ្ទាំងសម្រាប់បែងចែកតាមខេត្ត-ស្រុក (៥) បញ្ជីឈ្មោះមូលដ្ឋានសុខាភិបាល និង (៦) ស្វែងរកទីតាំង នៅលើ Google Map។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល អះអាងថា នឹងបន្តសហការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានាបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


