ព័ត៌មានជាតិ
កម្ពុជា-ប្រេស៊ីល បង្កើតក្រុមការងាររួមមួយក្នុងការពិភាក្សាលើបញ្ហាពាក់ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍
ក្រុមការងាររួមមួយរវាងកម្ពុជា និងប្រេស៊ីល ត្រូវបានបង្កើតឡើងដើម្បីជំរុញនូវការពិភាក្សាបន្ថែមទៀតទៅលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

ការបង្កើតក្រុមការងាររួមនេះ គឺបានធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសកម្ពុជា និងប្រេស៊ីល ដោយសហប្រធានដឹកនាំកិច្ចប្រជុំ បានឯកភាពគ្នាក្នុងការបង្កើតក្រុមការងាររួមមួយនេះឡើង។
គួរឱ្យដឹងថា កិច្ចពិគ្រោះយោបល់ទ្វេភាគីនេះបានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅភ្នំពេញ ដោយភាគីកម្ពុជា ដឹកនាំដោយលោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស ធ្វើជាសហប្រធានដឹកនាំជាមួយលោកស្រី ស៊ូសាន ក្លេប៊ែង អនុរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក។

ក្រសួងការបរទេសនៃកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២០ ខែមីនា បានឱ្យដឹងថា ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់នេះ និងបានរម្លឹកឡើងវិញអំពីលទ្ធផលដ៏ល្អនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅទីក្រុងប្រាស៊ីលីយ៉ា កាលពីខែធ្នូ ឆ្នាំ២០២២។ សហប្រធានទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាពង្រឹងទំនាក់ទំនងទ្វេភាគី និងពូនជ្រុំកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ឱ្យកាន់តែប្រសើរបន្ថែមទៀត និងការបន្តស្វះស្វែងប្រើប្រាស់សក្តានុពលដែលមានឱ្យអស់លទ្ធភាព។

ភាគីទាំងពីរបានពិភាក្សាពីការរិះរកវិធីបង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម ថាមពលកកើតឡើងវិញ ការកែច្នៃកសិផល នវានុវត្តន៍ អប់រំ ការដោះមីន និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងរដ្ឋសភានៃប្រទេសទាំងពីរ។
តាមសេចក្ដីប្រកាសដដែល ភាគីទាំងពីរ ក៏បានលើកឡើងពីការជំរុញឱ្យមានការពន្លឿនការអនុវត្តលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងវិស័យអប់រំផងដែរ ជាពិសេសតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យនៃប្រទេសទាំងពីរ។

ចំពោះក្របខ័ណ្ឌពហុភាគី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ។ ភាគី ទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួម រួមទាំងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានប្តេជ្ញាចិត្តជាថ្មីក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពក្នុងតំបន់ និងពិភពលោក ក៏ដូចជាការគោរពច្បាប់អន្តរជាតិ និងការរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើមូលដ្ឋានច្បាប់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


