រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្ដោះអាសន្ន គ្រប់រាល់ការជួបជុំ និងការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាទាំងអស់ ក្នុងរយៈពេល២សប្តាហ៍នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ខណៈដែលជំងឺនេះ បានបន្តការឆ្លងរាលដាល ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកានៅរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះថា ដោយសារនៅរាជធានីភ្នំពេញ បានកើតឡើងនូវព្រឹត្តិការណ៍ ០៣វិច្ឆិកា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពតាមដានដោយយកចិត្តទុកដាក់បំផុត។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ កុំឲ្យចូលសហគមន៍ក្នុងទ្រង់ទ្រាយធំរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្ដោះអាសន្ន រាល់ការជួបជុំ ការរៀបចំកិច្ចប្រជុំនិងការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញទាំងអស់ ក្នុងរយៈពេល២សប្តាហ៍ជាប់គ្នានេះ។
ក្នុងស្ថានភាពបែបនេះ នៅសាលារាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវការទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពិនិត្យ ការវាស់កម្ដៅ ការបាញ់អាកុលលាងសម្អាតដៃ ខ្លួនប្រាណ ជាមួយនឹងការពាក់ម៉ាស់និងមានវិធានការផ្សេងៗមួយចំនួនទៀតទៀត ផងដែរ មុននឹងអនុញ្ញាតឲ្យមន្ត្រីដូចជា ភ្ញៀវចេញចូលសាលារាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ៣វិច្ឆិកា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ មានការភ័យខ្លាចយ៉ាងខ្លាំងនៅការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បានបន្តរាលដាលនៅរាជធានីភ្នំពេញ ដោយបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់ពីររូប និងមន្ត្រីពីររូបទៀត បានឆ្លងនូវជំងឺកូវីដ-១៩នេះ។ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញជាវិធានការយ៉ាងច្រើន ពិសេសការធ្វើចត្តាឡីស័ក ចំពោះអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកានេះតែម្តង ហើយចំពោះអ្នកប៉ះពាល់ដោយប្រយោល ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ដើម្បីធ្វើយ៉ាងណាកុំឲ្យរីករាលដាលចូលដល់សហគមន៍៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ខេត្តកំពត ប្រកាសត្រៀមសម្ភារៈនិងយន្តការ ឆ្លើយតបការជួយសង្គ្រោះ