Connect with us

ព័ត៌មានជាតិ

កសិករខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលផ្លែប៊័រធម្មជាតិជាបណ្តើរៗក្នុងខែមេសានេះ

បានផុស

នៅ

កសិករនៅខេត្តមណ្ឌលគិរី បានចាប់ផ្តើមប្រមូលផលផ្លែប៊័រធម្មជាតិជាបណ្តើរៗ ចាប់ពីពាក់កណ្ដាលខែមេសា ឆ្នាំនេះ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្នុងមូលដ្ឋាន និងក្រៅតំបន់ ខណៈតម្លៃនៅដើមរដូវនៅតែស្ថិតក្នុងកម្រិតសមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វណ្ណា អាយុ ២៩ ឆ្នាំ អាជីវករលក់ផ្លែឈើនៅក្រុងសែនមនោរម្យ បានឱ្យដឹងថា លោកទទួលទិញផ្លែប៊័រពីកសិករជារៀងរាល់ថ្ងៃ ក្នុងបរិមាណប្រហែលពី ១០០ ទៅ ២០០ គីឡូក្រាម។ ផ្លែប៊័រទាំងនេះត្រូវបានផ្គត់ផ្គង់បន្តទៅអតិថិជននៅតាមបណ្ដារាជធានីខេត្តផ្សេងៗ ជាពិសេសរាជធានីភ្នំពេញ ដែលមានតម្រូវការខ្ពស់។

លោកបន្តថា សម្រាប់តម្លៃនៅដើមរដូវ ផ្លែប៊័រលក់ចេញក្នុងតម្លៃចន្លោះពី ៦,០០០ ទៅ ៨,០០០ រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅលើគុណភាព។ ប៉ុន្តែតម្លៃនេះអាចនឹងធ្លាក់ចុះនៅចុងខែមេសា នៅពេលដែលប្រមូលផលបានច្រើន អាចធ្វើឱ្យតម្លៃធ្លាក់ចុះមកប្រហែល ៥ ០០០ រៀលក្នុងមួយគីឡូក្រាម។

ទន្ទឹមនឹងនេះ អាជីវករបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅកម្សាន្តនៅខេត្តមណ្ឌលគិរី ជួយគាំទ្រផលិតផលកសិកម្មក្នុងស្រុក ជាពិសេសផ្លែប៊័រធម្មជាតិ ដែលដាំដោយកសិករមូលដ្ឋាន និងមិនប្រើសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាព។ ការគាំទ្រនេះក៏ជួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងជំរុញការផលិតក្នុងស្រុកឱ្យកាន់តែរីកចម្រើនផងដែរ៕

អត្ថប៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម