Connect with us

ព័ត៌មានជាតិ

៣ថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិកើនឡើង

បានផុស

នៅ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តមណ្ឌលគិរីបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសរុបចំនួន ២៣,២៥៣ នាក់។ ក្នុងចំណោមនេះ មានភ្ញៀវទេសចរជាតិចំនួន ២២,៤១៤ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៨៣៩ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើធៀបនឹងឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចររួមមានការថយចុះ ៦.៦៥ ភាគរយ ខណៈភ្ញៀវទេសចរជាតិថយចុះ ៧.០៦ ភាគរយ។ ទោះជាយ៉ាងណា ភ្ញៀវទេសចរបរទេសវិញមានការកើនឡើង ៥.៦៦ ភាគរយ ដែលបង្ហាញពីការចាប់អារម្មណ៍កើនឡើងរបស់ភ្ញៀវអន្តរជាតិចំពោះគោលដៅទេសចរណ៍ធម្មជាតិនៅក្នុងខេត្តនេះ។

ក្នុងអំឡុងពេលបុណ្យ ភ្ញៀវទេសចរភាគច្រើនបានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋានសំខាន់ៗជាច្រើន ដូចជា ទឹកជ្រោះប៊ូស្រា ភ្នំថ្មណាមលៀ សមុទ្រឈើ អូរផ្លាយ មណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ទឹកជ្រោះដំណាក់ស្តេច ទំនប់អូរតេធិបតី ចំការស្រល់ និងតំបន់កម្សាន្តផ្សេងៗទៀត។

ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មី២០២៦នេះ រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីពិសេសជាច្រើន។ នៅថ្ងៃបើកសង្ក្រាន្ត (ថ្ងៃទី១) មានការដង្ហែព្យុហយាត្រាពីវិមានឯករាជ ឆ្ពោះទៅសួនច្បារដំរីដែក ដោយមានការចូលរួមពីមន្ត្រីរាជការ ចំនួន ២០ ក្រុម និងប្រជាពលរដ្ឋប្រមាណ ១០០០ នាក់ ដើម្បីរំលឹកដឹងគុណដល់វីរភាពកងទ័ព ដែលបានពលីក្នុងការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងអបអរសាទរឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងកម្មវិធីនេះ ក៏មានការលេង​ល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងបោះអង្គុញ ព្រមទាំងល្បែងកម្សាន្តផ្សេងៗជាច្រើនទៀត។

លើសពីនេះទៅទៀត ក្រុមការងារបានរៀបចំសាងសង់ផ្ទះវប្បធម៌ជនជាតិដើមភាគតិច នៅក្បែរង្វង់មូលគោព្រៃ ដើម្បីបង្ហាញជូនភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្តក្នុងខេត្ត ឲ្យបានស្គាល់អំពីវប្បធម៌ ប្រពៃណី និងរបៀបរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិច ដែលមានប្រវត្តិយូរអង្វែងរាប់ពាន់ឆ្នាំ។

ក្នុងដំណើរកម្សាន្តនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ បានចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានយ៉ាងល្អប្រសើរ ដោយធានាបានសុវត្ថិភាព ១០០ ភាគរយ។ ជាពិសេស ក៏មានការរៀបចំ និងសម្រួលចរាចរណ៍តាមដងផ្លូវជាតិ និងតំបន់ទីប្រជុំជនសំខាន់ៗ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម