Connect with us

ព័ត៌មានជាតិ

ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​ ទេសចរលើកទឹកចិត្ត​ឲ្យ​ជិះ​កង់ ដើរ​​ថ្មើរជើង ជំនួស​ប្រើប្រាស់​ម៉ូតូ ឡាន ដើម្បី​ទទួល​បទពិសោធន៍​​​ជិតស្និទ្ធ​​ធម្មជាតិ ​

បានផុស

នៅ

លោក យិត ចាន់ដារដ្ឋ អគ្គនាយករង​អាជ្ញាធរជាតិ​​អប្សរា​លើក​ទឹកចិត្ត​ឱ្យភ្ញៀវទេសចរ​ដើរ​​ថ្មើរជើង​ ឬ​ជិះកង់ឱ្យបានច្រើននៅក្នុងបរិវេណ​តំបន់រមណីយដ្ឋាន​អង្គរ ជាជាងការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរផ្សេង​ទៀត ដើម្បីឱ្យភ្ញៀវ​ទេសចរ​អាច​ទទួល​បាន​បទពិសោធន៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ធម្មជាតិ។

លោក យិត ចាន់ដារដ្ឋ បានអះអាងថា នៅពេលដើរឬជិះកង់ ភ្ញៀវទេសចរអាចមានឱកាស​ឃើញ​សត្វព្រៃ​ផ្សេងៗ​ដូចជា សត្វ​ឈ្លូស ក្ងោក សត្វស្វា សត្វ​ទោច ដែលចុះមកលេងជាមួយមនុស្សក្នុងបរិយាកាសដ៏ស្រស់បំព្រង និង​ស្ងប់ស្ងាត់​។

លោក យិត ចាន់ដារដ្ឋ បាន​លើកឡើងដូច្នេះ​ថា «តាមរយៈ​ការដើរ​ថ្មើរជើង​នេះ ទេសចរ​មានឱកាសបាន​​​មើល​ឃើញ​សត្វ​ព្រៃ និង​ធម្មជាតិ​បាន​កាន់​តែ​ជិតស្និទ្ធ ដែលវានឹង​​ផ្តល់​នូវ​បទពិសោធន៍​ល្អដូច​ទៅនឹង​តំបន់​អភិរក្សនៅបរទេសដែរ»។

លោក យិត ចាន់ដារដ្ឋ មើលឃើញថា ការ​ងាក​មក​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ស្និទ្ធស្នាល​នឹង​បរិស្ថានផ្តល់ភាពវិជ្ជមានច្រើន ខណៈ​ការប្រើប្រាស់យានយន្តដូចជា​ឡាន និងម៉ូតូ ចំនួនច្រើន ​បង្កផល​ប៉ះពាល់​ទៅដល់មនុស្ស ដើមឈើ ធម្មជាតិជុំវិញ និងតួប្រាសាទផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យិត ចាន់ដារដ្ឋ អគ្គនាយករង​អាជ្ញាធរជាតិ​​អប្សរា​

ដោយឡែក​ពាក់ព័ន្ធ​កិច្ចការ​អភិរក្សនៅ​តំបន់​រមណីយដ្ឋាន​អង្គរ លោក យិត ចាន់ដារដ្ឋ​ បាន​អះអាង​ថា ​ជួបការ​លំបាក​​ច្រើន​ ដោយសារ​សកម្មភាព​របស់​មនុស្ស​។

បញ្ហា​ទាំងនោះ​មានដូចជា ការលួចដាក់អន្ទាក់ចាប់សត្វ ឬបរបាញ់សត្វព្រៃ និងបញ្ហាអនាម័យ​បរិស្ថាន ដូចជាការបន្ទោរបង់ពាសវាលពាសកាលនៅតាមព្រៃជាដើម ដែលទាមទារ​ឱ្យមាន​ការចូលរួម​ទាំងអស់គ្នា។

បើតាមមន្រ្តីអាជ្ញាធរជាតិអប្សរា វត្តមាន​នៃសត្វព្រៃ និងព្រៃឈើមិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជួយ​កាត់​បន្ថយកម្ដៅ និងបង្កើតជា​បរិយាកាស​ដ៏ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​មកកម្សាន្ត​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម