Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុងអាមេប្រវែង ១០០០ម៉ែត្រ នៅភូមិលេខ២សង្កាត់ស្វាយរលំ ក្រុងតាខ្មៅត្រូវបានបើកការដ្ឋានសាងសង់

បានផុស

នៅ

ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ទទឹង ១០ម៉ែត្រកម្រាស់ ០.២ម៉ែត្រ រួចនឹងបន្តអ៊ុតកៅស៊ូAC កម្រាស់ ០.០៥ម៉ែត្រពីលើទៀត ស្ថិតនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតី លោកស្រី អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា លោក ឈៀង ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និង ប្រជាពលរដ្ឋជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្តែងនូវកាត្រេកអរ សប្បាយរីករាយ ជាមួយប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយជំរុញឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ផ្លូវមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្ទាល់ និងជុំវិញតំបន់នេះផងដែរ នៅពេលផ្លូវនេះបានស្ថាបនារួចរាល់ជាស្ថាពរ នឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់នេះ កាន់តែរីកចម្រើនបានមួយកម្រិតថែមទៀត ទាក់ទាញអ្នកវិនិយោគ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផ្សេងៗ បង្កើតឱ្យមានសុខដុមរូបនីយកម្មកាន់តែល្អប្រសើរឡើងថែមទៀត។

បន្ថែមពិនិត្យលើនេះ លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ ត្រូវចុះមកត្រួតពិនិត្យបន្ថែមទៀតដើម្បីសិក្សាអំពីគម្រោងធ្វើផ្លូវក្នុងតំបន់នេះ ឱ្យកាន់តែច្រើនខ្វាត់ខ្វែងថែមទៀត ពីព្រោះផ្លូវកាន់តែច្រើនគឺកាន់តែល្អ ដើម្បីជួយជំរុញដល់សេដ្ឋកិច្ចផង ជួយកាត់បន្ថយពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើង បញ្ជៀសការកកស្ទះ ជាពិសេសជួយសម្រួលក្នុងករណីមានគ្រោះអាសន្នផ្សេងៗ ដូចជាគ្រោះអគ្គីភ័យជាដើម។

លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល

នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណី scam online ជាពិសេសប្រជាពលរដ្ឋដែលមានផ្ទះជួលអគារជួលផ្សេងៗ មុនពេលដាក់ជួលសូមពិនិត្យឯកសារបានត្រឹមត្រូវត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចឱ្យបានដឹងឮ ចៀសវាងជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើស scam online ដោយមិនដឹងខ្លួន មួយវិញទៀតសូមឧស្សាទៅត្រួតពិនិត្យអំពីស្ថានភាពកន្លែងដែលជួល ករណីសង្ស័យត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម