Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ៧មករា ដេញថ្លៃគម្រោងមូលនិធិសង្កាត់ឆ្នាំ ២០២៦ ប្រកបដោយតម្លាភាព

បានផុស

នៅ

រដ្ឋបាលខណ្ឌ៧មករា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋានសង្កាត់ទាំង៨ ក្នុងខណ្ឌ៧មករា ក្រោមអធិបតីភាពលោស្រី តិមា វិឆ្ឆិកាល អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ អាជ្ញាធរសង្កាត់ តំណាងក្រុមហ៊ុនដេញថ្លៃ និងភាគីពាក់ព័ន្ធជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក ថេង សុថុល បានមានប្រសាសន៍ថា ការរៀបចំពិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន តាមរយៈយន្តការប្រកួតប្រជែងដោយស្មើភាព និងតម្លាភាព។

លោកបានបញ្ជាក់ថា ការដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ គឺជាឱកាសមួយសម្រាប់ក្រុមហ៊ុនឯកជនក្នុងការចូលរួមកសាងសមិទ្ធផលនៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោកបានសង្កត់ធ្ងន់ថា គុណភាពការងារ ការអនុវត្តតាមបទដ្ឋានបច្ចេកទេស សោភ័ណភាពនៃសំណង់ និង តម្លៃសមស្រប គឺជាកត្តាសំខាន់ដែលក្រុមហ៊ុនឈ្នះការដេញថ្លៃ និងម្ចាស់គម្រោងដែលជាក្រុមប្រឹក្សាសង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថាគម្រោងទាំងអស់មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាបាននូវតម្លាភាព គណនេយ្យភាព និងភាពអាចជឿទុកចិត្តបាន ក្នុងដំណើរការដេញថ្លៃ ដោយបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងនីតិវិធីដែលបានកំណត់។

បន្ទាប់មក លោកស្រី តិមា វិឆ្ឆិកាល បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់លោក លោកស្រី ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងសមាជិកនៃអង្គពិធីទាំងមូល។

លោកស្រីបានមានប្រសាសន៍ថា ដំណើរការអភិវឌ្ឍន៍សង្កាត់ត្រូវអនុវត្តតាមនីតិវិធីសំខាន់ៗចំនួន៥ ដើម្បីធានាបាននូវប្រសិទ្ធភាព និងការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកស្រី តិមា វិឆ្ឆិកាល អភិបាលរងរាជធានីភ្នំពេញ

ជំហានទី១ គឺការកំណត់តម្រូវការរបស់ប្រជាពលរដ្ឋ តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ ឬតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ ដូចជាក្រុមតេឡេក្រាមរបស់សង្កាត់។

ជំហានទី២ គឺការរៀបចំផែនការអភិវឌ្ឍន៍ ដែលរួមមានផែនការអភិវឌ្ឍន៍សង្កាត់រយៈពេល៥ឆ្នាំ និងផែនការវិនិយោគអភិវឌ្ឍន៍រយៈពេល៣ឆ្នាំរំកិល ដើម្បីកំណត់ទិសដៅ និងអាទិភាពនៃការអភិវឌ្ឍ។

ជំហានទី៣ គឺការប្រជុំអនុម័ត និងបែងចែកថវិកាទៅតាមសង្កាត់នីមួយៗ ដោយផ្អែកលើអាទិភាពនៃគម្រោង និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ លោកជំទាវបានបញ្ជាក់ថា ការបែងចែកថវិការបស់រដ្ឋមានពីរផ្នែកសំខាន់ៗ គឺថវិកាថេរ និងថវិកាដែលបែងចែកទៅតាមទំហំសង្គម-សេដ្ឋកិច្ច និងស្ថានភាពជាក់ស្តែងរបស់សង្កាត់នីមួយៗ។

ជំហានទី៤ គឺការអនុវត្តគម្រោង និងការរៀបចំដេញថ្លៃគ្រប់គម្រោង ដោយធានាបាននូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព។

ចំណែកជំហានទី៥ គឺការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោង ដើម្បីធានាថាការអភិវឌ្ឍន៍សម្រេចបានតាមគោលដៅ និងផ្តល់ប្រយោជន៍ខ្ពស់បំផុតដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ របស់រដ្ឋបាលខណ្ឌ៧មករា លើកនេះ មានការចូលរួមពីក្រុមហ៊ុនឯកជនចំនួន១៤ ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងដេញថ្លៃលើគម្រោងអភិវឌ្ឍន៍នានា នៅក្នុងសង្កាត់ទាំង៨ នៃខណ្ឌ៧មករា៕ អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម