Connect with us

ព័ត៌មានជាតិ

គ្រាប់កាហ្វេមណ្ឌលគិរីមានទីផ្សារល្អ! កសិករជាច្រើនបន្តពង្រីកផ្ទៃដីដាំដុះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

បានផុស

នៅ

ដំណាំកាហ្វេកំពុងក្លាយជាដំណាំសេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៅខេត្តមណ្ឌលគិរី ខណៈដែលទីផ្សារក្រាប់កាហ្វេកំពុងមានស្ថិរភាពល្អ និងទទួលបានការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់ទាំងក្នុង ក្រុមហ៊ុន និងក្រៅប្រទេស។ កត្តានេះបានជំរុញឱ្យកសិករជាច្រើនសម្រេចចិត្តពង្រីកផ្ទៃដីដាំដុះបន្ថែម ដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី នៀន កសិករដាំកាហ្វេក្នុងសហគមន៍កសិកម្ម «កាហ្វេប៊ូស្រា» ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៧ ខែកក្កដានេះថា ដំណាំកាហ្វេសមស្របយ៉ាងខ្លាំងជាមួយអាកាសធាតុត្រជាក់ និងដីមានជីជាតិនៅក្នុងខេត្តនេះដែលធ្វើឱ្យគ្រាប់កាហ្វេមានគុណភាពល្អ រសជាតិឈ្ងុយឆ្ងាញ់ និងកាន់តែមានការពេញនិយមនៅលើទីផ្សារ។

អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នមានចម្ការកាហ្វេពូជ រ៉ូបូស្តា (Robusta) ទំហំ ២,៥ ហិកតា ដែលចាប់ផ្តើមដាំតាំងពីចុងឆ្នាំ២០២០។ បច្ចុប្បន្ន កាហ្វេបានផ្តល់ទិន្នផលជាមធ្យមប្រមាណ ១០ តោនគ្រាប់ស្រស់ក្នុងមួយហិកតា ឬប្រហែល ១៦០ បេ ក្នុងមួយហិកតា។ អ្នកស្រីបន្តថា តម្លៃគ្រាប់កាហ្វេស្រស់បច្ចុប្បន្នស្ថិតនៅចន្លោះ ៤,០០០ ទៅ ៤,៣០០ រៀលក្នុងមួយគីឡូក្រាម ដោយលក់ឱ្យក្រុមហ៊ុន «កូហ្វី» នៅស្រុកពេជ្រាដា ដែលបានចុះកិច្ចសន្យាទិញផលិតផលពីកសិករក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្នកស្រីរំលឹកថា នៅពេលចាប់ផ្តើមប្រមូលផលដំបូងក្នុងឆ្នាំ២០២២-២០២៣ មុនពេលមានកិច្ចសន្យាជាមួយក្រុមហ៊ុន និងទីផ្សារមិនទាន់មានស្ថិរភាព គ្រាប់កាហ្វេស្រស់ត្រូវបានឈ្មួញទិញក្នុងតម្លៃត្រឹមជាង ១,០០០ ទៅជាង ២,០០០ រៀលក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយពីផលិតផលកាហ្វេកម្ពុជាទទួលបានការគាំទ្រកាន់តែច្រើន និងចាប់ផ្តើមមានការទទួលស្គាល់នៅទីផ្សារអន្តរជាតិ តម្លៃកាហ្វេបានកើនឡើងជាបន្តបន្ទាប់ ដែលជួយឱ្យជីវភាពកសិករប្រសើរឡើង។

ដោយមើលឃើញសក្ដានុពលទីផ្សារ អ្នកស្រីបានសម្រេចពង្រីកផ្ទៃដីដាំកាហ្វេបន្ថែម ៣,៥ ហិកតា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។ អ្នកស្រីក៏បានឱ្យដឹងដែរថា ក្នុងអំឡុងពេលដាំដុះ អ្នកស្រីទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងអង្គការ WWF ដែលជួយឱ្យកសិករអនុវត្តការដាំដុះតាមស្តង់ដារបច្ចេកទេស បង្កើនគុណភាព និងទិន្នផល។

ជាមួយគ្នានេះ អ្នកស្រីក៏បានលើកទឹកចិត្តដល់កសិករដទៃទៀត ដែលរស់នៅតំបន់ដែលដីមានជីជាតិ អាកាសធាតុសមស្រប និងប្រភពទឹកគ្រប់គ្រាន់ ឱ្យងាកមកដាំដំណាំកាហ្វេ ព្រោះជាដំណាំដែលអាចផ្តល់ប្រាក់ចំណូលល្អ និងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។

បើតាមលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បច្ចុប្បន្នខេត្តមណ្ឌលគិរីមានផ្ទៃដីដាំកាហ្វេសរុប ៦២៧ ហិកតា ហើយកសិករនិយមដាំពូជ រ៉ូបូស្តា (Robusta) ច្រើនជាងគេ។

លោកបញ្ជាក់ថា ការកើនឡើងនៃតម្រូវការកាហ្វេ និងការរីកចម្រើននៃវិស័យកែច្នៃក្នុងស្រុក គឺជាកត្តាសំខាន់ដែលជំរុញឱ្យកសិករបន្តវិនិយោគលើដំណាំនេះ។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម និងមន្ត្រីជំនាញក៏កំពុងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាពផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កាហ្វេមណ្ឌលគិរីនៅលើទីផ្សារ។ មន្ត្រីជំនាញរំពឹងថា ជាមួយនឹងស្ថិរភាពទីផ្សារ និងការគាំទ្រពីវិស័យឯកជន ដំណាំកាហ្វេនឹងបន្តក្លាយជាដំណាំសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តមណ្ឌលគិរីនាពេលអនាគត៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម