ព័ត៌មានជាតិ
តើសហគ្រាសក្នុងស្រុកទទួលបានការលើកទឹកចិត្តពន្ធអ្វីខ្លះ ពេលចុះបញ្ជីចូលក្នុងប្រព័ន្ធ?
មន្រ្តីអគ្គនាយកដ្ឋានពន្ធដារបានធ្វើការពន្យល់ពីនីតិវិធីក្នុងការចុះបញ្ជីសហគ្រាស SME ចូលក្នុងប្រព័ន្ធ រួមទាំងអត្ថប្រយោជន៍ និងការលើកទឹកចិត្តផ្នែកពន្ធដារផ្សេងៗ។
លោក ជ័យ រិទ្ធី ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា ជាទូទៅការធ្វើអាជីវកម្មឆ្លងកាត់ ៣ ដំណាក់កាលធំៗ គឺការចាប់ផ្តើមអាជីវកម្ម, ដំណើរការអាជីវកម្ម (ការអនុលោមភាពប្រចាំខែ/ឆ្នាំ), និងការបញ្ចប់អាជីវកម្ម។
ក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម លោកឆ្លើយតបការព្រួយបារម្ភពីម្ចាស់សហគ្រាសអំពីបន្ទុកពន្ធដារ និងកាតព្វកិច្ចផ្សេងៗនៅពេលចាប់ផ្តើមចុះបញ្ជីសហគ្រាសចូលទៅក្នុងប្រព័ន្ធពន្ធដារ។

លោក ជ័យ រិទ្ធី បញ្ជាក់ថា ការបារម្ភដែលថាកាលណាជម្រុញឱ្យម្ចាស់សហគ្រាសចូលក្នុងប្រព័ន្ធពន្ធដារ ខ្លាចមានការផាកពិន័យឬមានការជាប់ជំពាក់ពន្ធច្រើន ប៉ុន្តែតាមពិតទៅ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកដ្ឋានពន្ធដារ មានគោលនយោបាយនិងយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក ដោយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារយ៉ាងច្រើន។
លោកបានលើកឡើងពីវិស័យអាទិភាពចំនួន ៦ ដែលទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររួមមាន៖ កសិកម្ម, កសិ-ឧស្សាហកម្ម, កម្មន្តសាលផលិតទំនិញក្នុងស្រុក, ការកែច្នៃកាកសំណល់, ការស្រាវជ្រាវ និងនវានុវត្តន៍ (R&D) រួមទាំងសហគ្រាសដែលស្ថិតក្នុងបណ្តុំសហគ្រាស (SME Cluster)។
ការលើកទឹកចិត្តទាំងនោះរួមមាន៖
-ពន្ធលើប្រាក់ចំណូល៖ ទទួលបានការលើកលែងរយៈពេល ៣ ឆ្នាំ។ រយៈពេលលើកលែងនេះអាចពន្យាររហូតដល់ ៥ ឆ្នាំ ប្រសិនបើសហគ្រាសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើតឱកាសការងារបន្ថែម ឬស្ថិតនៅក្នុងបណ្តុំសហគ្រាស (SME Clusters)។
-ការលើកលែងពន្ធដទៃទៀត៖ ទទួលបានការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាទាំងប្រចាំខែ និងប្រចាំឆ្នាំ នៅក្នុងកំឡុងពេលទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល។
-ការអនុញ្ញាតឱ្យកាត់កងចំណាយពិសេស៖ ចំណាយលើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការបណ្ដុះបណ្ដាលគណនេយ្យ ឬការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក អាចកាត់កងចំណាយបានរហូតដល់ ២០០% នៃចំណាយជាក់ស្តែង។
–ការវិនិយោគលើម៉ាស៊ីនឬឧបករណ៍បច្ចេកវិទ្យា ក៏ទទួលបានការទទួលស្គាល់ចំណាយរហូតដល់ ១៥០%។

ការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ»
លោក ជ័យ រិទ្ធី បានបញ្ជាក់ថា គោលនយោបាយនេះមានគោលបំណងទាក់ទាញអាជីវកម្មក្រៅប្រព័ន្ធឱ្យចូលមកក្នុងប្រព័ន្ធពន្ធដារ ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤ គឺ៖ ១) ការលក់ដុំ-រាយ និងសេវាកម្ម ២) សេវាកម្មស្នាក់នៅ និងអាហារ ៣) សិប្បកម្ម និង ៤) សហគមន៍កសិកម្ម (ដែលរួមមានសកម្មភាពអាជីវកម្មរហូតដល់ ៣៩០ ប្រភេទ)។
>សហគ្រាសមីក្រូ៖
-អាជីវកម្មដែលមានផលរបរ (ចំណូល) ក្រោម ២៥០ លានរៀល ក្នុងមួយឆ្នាំ គឺមិនមានកាតព្វកិច្ចចុះបញ្ជី ឬប្រកាសបង់ពន្ធអាជីវកម្មឡើយ។
>សហគ្រាសធុនតូចដែលចុះបញ្ជីដោយស្ម័គ្រចិត្ត៖
-ទទួលបានការលើកលែងពន្ធបន្ថែម ការប្រាក់ និងទណ្ឌកម្មពន្ធដារទាំងឡាយណាដែលកើតមានឡើងមុនពេលចុះបញ្ជី។
-លើកលែងកម្រៃសេវាចុះបញ្ជី កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធប៉ាតង់។
-ទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ២ ឆ្នាំ។
>សហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តមកចុះបញ្ជីពីឆ្នាំ ២០២៤-២០២៦ ទទួលបានការលើកទឹកចិត្តរួមមាន៖
-លើកលែង៖ រាល់បំណុលពន្ធ ប្រាក់ពិន័យ និងការប្រាក់ទាំងឡាយណាដែលបានកើតឡើងមុនពេលចូលក្នុងប្រព័ន្ធពន្ធដារ។
-លើកលែង៖ កម្រៃសេវាចុះបញ្ជី និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។
-លើកលែងពន្ធប៉ាតង់៖ ឆ្នាំដំបូងនៃការចុះបញ្ជី និងរយៈពេល ២ឆ្នាំបន្ទាប់។
-លើកលែងរយៈពេល ២ ឆ្នាំ៖ ពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល, និងពន្ធអប្បបរមា។

បើតាមមន្រ្តីពន្ធដារ ដើម្បីទទួលបានការលើកទឹកចិត្តទាំងនេះ អាជីវករគ្រាន់តែចុះបញ្ជីដោយស្ម័គ្រចិត្តតាមប្រព័ន្ធអនឡាញ (CamDX) ហើយប្រព័ន្ធនឹងលោតផ្ទាំង (Pop-up) ឱ្យជ្រើសរើសយកការលើកទឹកចិត្តនេះភ្លាមៗតែម្តង។
ពាក់ព័ន្ធក្របខ័ណ្ឌគោលនយោបាយ និងច្បាប់គាំពារដល់សហគ្រាសក្នុងស្រុក លោក ជ័យ ឫទ្ធី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រធំៗ ដូចជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុទ្ធសាស្ត្រគៀងគរចំណូល និង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារក៏មានច្បាប់ស្តីពីសារពើពន្ធ និងអនុក្រឹត្យធំៗចំនួន ២ ក្នុងការលើកទឹកចិត្ត SMEs មាន៖
-អនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព។
-អនុក្រឹត្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លើសពីនេះ ពន្ធដារក៏បានធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាល ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងតម្លាភាពមាន៖
-ការចុះបញ្ជី៖ អាចធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Single Portal/CamDX) ដែលតភ្ជាប់រវាងក្រសួងពាណិជ្ជកម្ម ពន្ធដារ និងក្រសួងការងារ។
-ការដាក់លិខិតប្រកាសពន្ធ៖ សហគ្រាសធុនតូចអាចប្រើប្រាស់កម្មវិធី GDT Tax Prefiling App តាមទូរស័ព្ទដៃ។ ចំណែកសហគ្រាសមធ្យម និងធំ អាចប្រើប្រាស់ E-Filing។
-ការបង់ពន្ធ៖ អាចធ្វើតាម E-Payment ឬតាមរយៈធនាគារដៃគូចំនួន ១៤។
-ការគាំទ្រ៖ អគ្គនាយកដ្ឋានពន្ធដារបានបង្កើតវគ្គបណ្តុះបណ្តាល សិក្ខាសាលា (ទាំងផ្ទាល់ និងអនឡាញ) វីដេអូពន្យល់នៅលើ Facebook និង YouTube កម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) និងសេវា Call Center 127 ដោយឥតគិតថ្លៃ។ លើសពីនេះ ក៏មានការដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃថ្មី ដែលមានមុខងារប្រមូលផ្តុំព័ត៌មានពន្ធដារ និងប្រព័ន្ធសួរឆ្លើយ (Chatbot) ដែលគាំទ្រដោយបច្ចេកវិទ្យា AI ផងដែរ។
-ការអនុគ្រោះ៖ ដើម្បីសម្រាលបន្ទុកគណនេយ្យ សហគ្រាសធុនតូចទទួលបានការអនុគ្រោះក្នុងការកាន់បញ្ជីការគណនីសាមញ្ញ និងមិនទទួលរងការធ្វើសវនកម្មពន្ធដារឡើយ ដើម្បីកាត់បន្ថយការបារម្ភរបស់អាជីវករ។
មន្រ្តីពន្ធដារអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនមែនដើម្បីដាក់សម្ពាធនោះទេ ប៉ុន្តែគឺដើម្បីនាំអាជីវកម្មក្រៅប្រព័ន្ធឱ្យចូលមកក្នុងប្រព័ន្ធ ប្រកបដោយការលើកទឹកចិត្ត និងការគាំទ្រ ដើម្បីការរីកចម្រើនប្រកបដោយនិរន្តរភាព និងបង្កើនសមត្ថភាពប្រកួតប្រជែង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


