Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការទ័ពម៉ាឡេស៊ី នឹងធ្វើទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃ ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ

បានផុស

នៅ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ ម៉ាលេក រ៉ាសាក់ ស៊ុយឡាយម៉ាន នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិដែលមានកន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន។

រូបថត៖ News Strait Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេលនៃដំណើរទស្សនកិច្ច អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចូលជួបសម្តែងការគួរសមចំពោះប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា និងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

អគ្គមេបញ្ជាការទ័ពម៉ាឡេស៊ី ម៉ាលេក រ៉ាសាក់ ស៊ុយឡាយម៉ាន  នឹងជួបជាមួយសមភាគីរបស់លោក គឺ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដើម្បីសំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងទៅ រវាង កងទ័ពនៃប្រទេសទាំងពីរ។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទចាត់ទុកថា ៖«ដំណើរទស្សនកិច្ចនេះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀតដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ។»។

កម្ពុជា-ម៉ាឡេស៊ី បានចងភ្ជាប់ចំណងការទូតផ្លូវការជាមួយគ្នានៅក្នុងឆ្នាំ១៩៥៧ គិតមកទល់ពេលនេះ ទំនាក់ទំនងទ្វេភាគីនេះមានវ័យ៦៩ឆ្នាំហើយ។ ទំនាក់ទំនងនេះ ផ្ដល់ជាប្រយោជន៍រួមឱ្យគ្នាលើវិស័យសេដ្ឋកិច្ច នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌។

កាលពីឆ្នាំ២០២៥ ក្នុងពេលកម្ពុជារងការឈ្លានពានពីសំណាក់ភាគីថៃ ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្ដូរវេន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំការចរចា និងសម្របសម្រួលរហូតសម្រេចបានបទឈប់បាញ់បន្ទាន់មួយនៅខែចុងខែកក្កដា និងបង្កើតជាក្រុមអ្នកសង្កេតការណ៍អាស៊ាន។ ក្នុងពេលកម្ពុជា ជួបគ្រោះ និងតាមរយៈការជួយជ្រោមជ្រែងរបស់ម៉ាឡេស៊ី ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរត្រូវបានកត់សម្គាល់ឃើញថាមានការរីកចម្រើន មានភាពល្អូកល្អឺន និងស្អិតរមួតជាងមុនបន្ថែមទៀតមួយកម្រិតទាំងវិស័យនយោបាយ  សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងវិស័យការពារជាតិ។

អតីតមេបញ្ជាការកងទ័ពម៉ាឡេស៊ី Mohd Nizam Jaffar  ដែលចូលនិវត្តកាលពីខែមករា ឆ្នាំ២០២៦ បានបំពេញទស្សនកិច្ចនៅកម្ពុជា ២លើក ក្នុងនោះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បំពេញទស្សនកិច្ចការងារ ដើម្បីបង្កើតអ្នកសង្កេតការណ៍អាស៊ានបណ្ដោះអាសន្ន សម្របសម្រួលបញ្ហាជម្លោះកម្ពុជា ថៃ និងលើកទី២ គឺជាដំណើរទស្សនកិច្ចផ្លូវការ រៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

នៅខែតុលា ឆ្នាំ២០២៥ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ក៏បានបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី និងថែមទាំងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីលើវិស័យការពារជាតិទៀតផង ដែលនោះគឺជាការចុះហត្ថលេខាចុះហត្ថលេខារួមគ្នារវាងកងទ័ពជើងគោកកម្ពុជា ជាមួយ កងទ័ពជើងគោក ម៉ាឡេស៊ី លើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការ (TOR) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់ ដោយផ្តោតលើការផ្លាស់ប្តូរទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍រួម៕

ដោយ​៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម