Connect with us

ព័ត៌មានជាតិ

កូនឈើ៥០០ ដើម ត្រូវបានដាំនៅតំបន់ការពារធនធានធម្មជាតិភូមិទំព័រ សំដៅជំរុញចលនាដើម្បីភាពស្អាត ភាពបៃតង

បានផុស

នៅ

ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA)កូនឈើចំនួន៥០០ ដើម ត្រូវបានដាំ នៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិភូមិទំព័រនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញចលនាដើម្បីភាពស្អាត ភាពបៃតង នៅសហគមន៍មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី DEMI MORJARIA ប្រធានផ្នែកទំនាក់ទំនងនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ចាត់ទុកការដាំកូនឈើនាពេលនេះ ថាបង្ហាញពីការប្ដេជ្ញាចិត្តរួមក្នុងការការពារសម្បត្តិធម្មជាតិដ៏សំបូរបែបនៅកម្ពុជា និងរំពឹងថាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) តាមរយៈសកម្មភាពដាំកូនឈើនេះ សង្ឃឹមថាសិស្សានុសិស្ស ប្រជាសហគមន៍ នឹងចូលរួមថែរក្សាបរិស្ថានជុំវិញខ្លួនឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ លើកឡើងថា ការដាំកូនឈើនាពេលនេះ ពិតជាមានសារៈប្រយោជន៍ ក្នុងការជំរុញឱ្យមានការចូលរួមដើម្បីភាពស្អាត និងភាពបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ លោកបានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញសកម្មភាពដាំដើមឈើ ដើម្បីពង្រីកគម្របព្រៃឈើ ហើយក្នុងនោះដែរខេត្តពោធិ៍សាត់បាន កំពុងគាំទ្រជំរុញភាពស្អាត ភាពបៃតងដល់គ្រប់មូលដ្ឋាន។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្ននាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួមសហការនិងគាំទ្រ របស់អ្នកពាក់ព័ន្ធទាំងអស់ នៅថ្ងៃនេះ បង្ហាញការយល់ច្បាស់ និងទទួលស្គាល់ពីសារៈសំខាន់នៃភាពស្អាត ភាពបៃតងទាំងនៅតាមផ្លូវទីសាធារណៈ នៅតាមលំនៅឋាន សហគមន៍ និងតំបន់ការពារធម្មជាតិ។ ការចូលរួមគាំទ្រការដាំដើមឈើ នៅពេលនេះ បង្ហាញការចូលរួមទាំងកម្លាំងកាយ កម្លំាង ចិត្ត របស់គ្រួសារបរិស្ថាន និងសារធារណជនទាំងអស់ មិនត្រឹមតែស្របទៅនឹង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ជោគជ័យមួយនៃការអភិវឌ្ឍសហគមន៍នៅកម្ពុជា។

លោក បានបន្ថែមថា ការដាំដើមឈើ និងការស្តារព្រៃឈើឡើងវិញ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្រូបយកឧស្ម័នផ្ទះកញ្ចក់ បង្កើតខែលការពារធម្មជាតិ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លើសពីនេះ គម្រោងនេះមិនត្រឹមតែជួយដល់ប្រព័ន្ធអេកូឡូស៊ីនោះទេ ប៉ុន្តែថែមទាំងជួយបង្កើតតំបន់លំហែបៃតង និងទាក់ទាញទេសចរណ៍ ដើម្បីបង្កើនប្រាក់ចំណូលផ្ទាល់ ដល់ប្រជាសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីភាពស្អាត និងភាពបៃតងនៅតាមសហគមន៍មញលដ្ឋាន បានរៀបចំឡើងនៅខេត្តពោធិ៍សាត់ ដោយក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត និងសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ និងមានការគាំទ្រដោយរដ្ឋបានខេត្តពោធិ៍សាត់ កម្មវិធីរេដបូកភ្នំសំកុស អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអង្គភាពគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម