Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋសុំកិច្ចអន្តរាគមន៍បន្ថែមទប់ស្កាត់ការទន្ទ្រានព្រៃលិចទឹកក្នុងស្រុកមោងឫស្សី ខណៈជនខិលខូចនៅតែមាន

បានផុស

នៅ

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋទទូចសុំកិច្ចអន្តរាគមន៍បន្ថែម និងមានប្រសិទ្ធិភាពពីអាជ្ញាធរខេត្តដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងស្រុកមោងឫស្សី ខណៈការកាប់ទន្ទ្រានពីជនខិលខូចនៅតែបន្តឥតឈប់ឈរអស់រាប់រយហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់២ និងតំបន់៣គឺជាព្រៃលិចទឹកដែលរដ្ឋត្រូវកំណត់ជាតំបន់ហាមឃាត់ទុកអភិរក្សសម្រាប់ជាជម្រកមច្ឆាចម្រុះពងកូនដែលតំន់ខាងលើនេះឋិតក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង។ តំបន់នេះត្រូវបានបំផ្លាញពីឈ្មួញមួយចំនួនជាបន្តបន្ទាប់យកជាកម្មសិទ្ធិអស់រាប់រយហិកតា កំពុងរងការកាប់បំផ្លាញឥតឈប់ឈរទាំងខែប្រាំង និងខែវស្សា បើទោះបីកន្លងមក អភិបាលខេត្តបាត់ដំបង បានដាក់វិធានការទប់ស្កាត់ជាញឹកញាប់ទៅហើយក្ដី។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជិតតំបន់ខាងលើ ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី បានលើកឡើងប្រហាក់ប្រហែលគ្នាថា ឈ្មួញជាជនខិលខូចមួយចំនួនបានប្រើប្រាស់គ្រឿងចក្រត្រាក់ទ័រធ្វើការឈូសឆាយជាហូរហែរនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាយប់មិនថាថ្ងៃដោយពួកគេប្រើប្រាស់សកម្មភាពបំភាន់ភ្នែកអាជ្ញាធរតាមរូបភាពផ្សេងៗនៅក្នុងតំបន់នេះដើម្បីផលប្រយោជន៍រៀងៗខ្លួន ដោយមិនខ្វល់ពីសម្បត្តិរួម និងវិធានការហាមឃាត់ពីរាជរដ្ឋាភិបាល។

ប្រភពដដែលបន្តដោយបញ្ជាក់ថា រូបភាពបំភាន់ភ្នែករបស់ជនខិលខូចនោះគឺពួកគេបានធ្វើការឈូសឆាយភ្ជួររាស់ដីព្រៃបណ្ដើរ ហើយធ្វើការព្រួសស្រូវបណ្ដើរ ធ្វើដូចជាខ្លួនបានអាស្រ័យផលលើដីនោះជាច្រើនឆ្នាំមកហើយ តែការពិតគឺជាដីព្រៃថ្មី ដែលពួកគេទើបចាប់ផ្តើមទន្ទ្រានមិនធ្លាប់អាស្រ័យផលប៉ុណ្ណោះ។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា តំបន់ដែលត្រូវជនខិលខូចទាំងអស់នោះកំពុងកាប់ទន្ទ្រានជាបន្តបន្ទាប់រួមមាន នៅបឹងកំភ្លាញក្នុងបឹងកំភ្លាញ ក្រៅអូរចុងតាចាន់ ខ្ទមតូចរាងអង្ក្រង បឹងបណ្ដែតគល់ បឹងទឹកល្អក់ បឹងទឹកថ្លាជាដើមដែលចំណុចទាំងនោះខ្លះស្ថិតក្នុងភូមិអង្ក្រង និងខ្លះនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី។

ពាក់ព័ន្ធករណីខាងលើបើតាមប្រភពពីមន្ត្រីសាលាស្រុកមោងឫស្សីបានទទួលស្គាល់ថា ករណីឈ្មួញខិលខូចពិតជាបានកាប់ទន្ទ្រាននៅភូមិសាស្ត្រឃុំជ្រៃនេះពិតមែន ដោយពេលខ្លះអាជ្ញាធរក៏ចាប់គ្រឿងចក្រដែលកំពុងឈូសឆាយបានជាបន្តបន្ទាប់ និងបានបញ្ជូនកសាងសំណុំរឿងទៅតុលាការផងដែរ។

មន្ត្រីដដែលបានបញ្ជាក់ទៀតថា ចំពោះករណីខ្លះពេលអាជ្ញាធរចុះទៅបង្ក្រាប ជនខិលខូចបានដឹងមុនក៏បើកគ្រឿងចក្ររត់គេច ឬយកទៅលាក់ក្នុងព្រៃបន្សល់ទុកតែដានប្រព្រឹត្តប៉ុណ្ណោះ ពេលខ្លះពួកគេបានធ្វើសកម្មភាពកាប់ទន្ទ្រាននៅពេលយប់ក៏មាន ធ្វើឱ្យអាជ្ញាធរមានការពិបាក ព្រោះមានកម្លាំងតិច ដោយក្រៅពីនៅឃុំជ្រៃនេះ ក៏មានឃុំមួយចំនួនទៀត កំពុងរងការកាប់ទន្ទ្រានព្រៃលិចទឹក ក្នុងនោះមានដូចជាឃុំព្រៃតូច និងឃុំឫស្សីក្រាំងជាដើម។

ជុំវិញបញ្ហាកាប់ទន្ទ្រានព្រៃលិចទឹកនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា បញ្ហាដែលនៅបន្តលួចកាប់ទន្ទ្រាននេះដោយសារមានភាពមិនច្បាស់លាស់ដូចជាមានការដាំបង្គោលនៅរង្វើលឆ្ងាយៗ ខណៈខេត្តបាត់ដំបងមានដីព្រៃលិចទឹកប្រមាណ៤០គីឡូម៉ែត្រដាំបង្គោលបានតែជាង១០០ដើម ដោយបញ្ហានេះហើយទើបពលរដ្ឋឆ្លៀតឱកាសកាប់ឈូសឆាយព្រៃលិចទឹកយកដីធ្វើស្រែតែម្តង។

លោកអភិបាលបន្តថា ចំពោះការទប់ស្កាត់នេះសម្រាប់អាជ្ញាធរខេត្តមានអំណាចបានត្រឹមយន្តការអប់រំ និងការសម្រេចយ៉ាងណាលើក្រសួងស្ថាប័នជំនាញ ហើយមានករណីខ្លះដីដែលកាប់ទន្ទ្រានរួចហើយនោះ ពលរដ្ឋក៏បានសុំអាស្រ័យផលបន្តដោយពួកគាត់និយាយថាពេលរដ្ឋត្រូវការពេលណា អាចដកហូតពីពួកគាត់វិញដោយគ្មានលក្ខខណ្ឌ។គួរបញ្ជាក់ថា ករណីលួចកាប់ទន្ទ្រានដីព្រៃលិចទឹកដែលជាតំបន់ហាមឃាត់ដូចខាងលើនេះមិនមែនកើតមានតែនៅស្រុកមោងឫស្សីនោះទេ គឺកើតឡើងនៅគ្រប់តាមស្រុកជាប់ព្រំប្រទល់គ្នាមានដូចជាស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោលជាដើម ហើយដើម្បីទប់ស្កាត់នូវបញ្ហានេះនៅតំបន់ខ្លះរដ្ឋបាលខេត្តក៏បានដាក់ប៉ុស្តិ៍ដើម្បីត្រួតពិនិត្យរាល់បទល្មើសពាក់ព័ន្ធមួយចំនួនផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម