Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សាបឹង​ទន្លេសាប និងកាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ច​

បានផុស

នៅ

​ការអំពាវនាវ​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង បរិស្ថាន បាន​ធ្វើឡើង​នៅក្នុង​ទិវា​អនាម័យ​បរិស្ថាន (២៣ វិច្ឆិកា ) និង​ពិធីបុណ្យ​ទន្លេសាប​នា​រដូវ​ទឹក​សម្រក​ប្រចាំ​ឆ្នាំ​២០២០ ដែល​ធ្វើឡើង​នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ដោយ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប និង​បងប្អូន​ប្រជា​ពលរដ្ឋ​ រស់នៅ​តាម​សហគមន៍​នានា​ នៅ​លើ​បឹង​ទន្លេសាប​រួមគ្នា​ការពារ និង​អភិរក្ស​បឹង​ទន្លេសាប ដែល​ជា​បឹង​ទឹកសាប​ធំ​ជាង​គេ លើ​ពិភពលោក​ពី​ការ​បំពុល​ដោយ​ប្លាស្ទិ​ក​។ លោក​បញ្ជាក់​ថា “​ក្នុងនាម​រាជ រដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន​សូម​ជំរុញ​និង​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​ទាំងអស់ កុំ​ដុត​សំណល់​សំរាម និង​កុំ​បោះចោល​សំណល់​ផ្ដេសផ្ដាស​ជាពិសេស​សំណល់​ប្លា​ស្ទិ​ក​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​​ល្អ​ប្រសើរ ជីវចម្រុះ​គ្រប់​ប្រភេទ​ នៅ​បឹង​ទន្លេសាប​ ត្រូវ​បាន​ការពារ មិន​បំពុល​ដោយ​មីក្រូ​ប្លា​ស្ទិ​ក​ដែល​កើត​ពី​ការ​រលាយ​សារធាតុ​ប្លា​ស្ទិ​ក​ក្នុង​ទឹក​ហើយ​ការពារ​បាន​នូវ​ទេសភាព​ដ៏​ល្អ​នៃ​បឹង​ទន្លេសាប​”​។​

​បើ​តាម​លោក នេត្រ ភក្ត្រា ពិធីបុណ្យ​ទន្លេសាប​នា​រដូវ​ទឹក​សម្រក​ប្រចាំ​ឆ្នាំនេះ ក្រោម​ប្រធានបទ “​អនាម័យ​បរិស្ថាន​ល្អ សុខភាព​សហគមន៍​ល្អ​”​។ លោក​ថា នេះ គឺជា​ការ​ប្រារព្ធ​ពិធី​មួយ​ថ្ងៃមុន​ការ​ប្រារព្ធ​ជា​ផ្លូវការ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​រៀង​រាល់​ឆ្នាំ​។ ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៤៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​១៩៩៥ ក្នុង​គោលបំណង​បំផុស​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ សិស្ស​និស្សិត​គ្រប់​ភូមិ​សិក្សា ឲ្យ​ចូល​រួម​ធ្វើ​អនាម័យ កែលម្អ​សោភ័ណភាព​​ទីក្រុង ទីប្រជុំជន ជនបទ ភូមិ​ស្ថាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និង​ទីផ្សារ សំដៅ​រួមចំណែក​កសាង​សង្គម​កម្ពុ​ជាមាន​បរិស្ថាន​ល្អ​ស្អាត និង​មាន​ភាព​ស្រស់​បំព្រង​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា ទន្លេសាប​ត្រូវ​បាន​បំពុល​ ដោយ​ថង់​ប្លា​ស្ទិ​ក​ ដែល​ទាំង​សហគមន៍​ដែល​រស់​នៅ​លើ​បឹង​ទន្លេសាប​នេះ​ផង និង​ការ​ហូរ​នាំ​យក​ប្លា​ស្ទិ​ក ដែល​បងប្អូន​ប្រជាពលរដ្ឋ​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់​តាម​ព្រែក តាម​ស្ទឹង​នានា​ចាក់​ចូល​មក​ក្នុង​បឹង​ទន្លេសាប​។ ហេតុផល​ដែល​ថា ​ថង់​ប្លា​ស្ទិ​ក​ ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​ការ​បំពុល​ដល់​បរិស្ថាន ព្រោះថា វា​ត្រូវការ​ពេលវេលា​ជាច្រើន​រយ​ឆ្នាំ ដើម្បី​ធ្វើការ​បំបែក​សារធាតុ មានន័យ ថា សំណល់​ប្លា​ស្ទិ​ក​ គឺ​សារធាតុ ​ដែល​មិន​ងាយ​នឹង​ពុក​ផុយ ឬ​រលួយ​បាន​ដោយ​ងាយ​ឡើយ​។ សំណល់​ថង់​ប្លា​ស្ទិ​ក​បាន​ផ្តល់​ផល​ប៉ះពាល់​ដល់​សង្គម សុខភាព និង​គុណភាព​បរិស្ថាន​ដូចជា ការ​ធ្វើ​ឲ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹក​លូ​ ដែល​បង្ក​ឲ្យ​មាន​ទឹកជំនន់​នៅ​រដូវភ្លៀង​ធ្លាក់ ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង​និង​ទីប្រជុំជន នៅ​ពេល​គេ​បោះចោល​ថង់​ប្លា​ស្ទិ​ក​ នៅ​ក្នុង​បរិស្ថាន វា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ជាពិសេស​ជីវចម្រុះ​ នៅ​ក្នុង​ទឹកជា​ពិសេស​មច្ឆជាតិ អាច​ទទួលរង​ពី​ការ​ធ្វើ​ឲ្យ​ស្លាប់ ​ដោយសារតែ​ពួកគេ​គិត​ថា​ ជា​ចំណី​ហើយ​បាន​ស៊ី​ថង់​ប្លា​ស្ទិ​ក​ទាំងនោះ​, ជា​ជម្រក​ភ្នាក់ងារ​ចម្លង​ជំងឺ​មួយ​ចំនួនធំ និង​មួយ​ផ្នែក​ទៀត ​ផ្ទុក​ដោយសារ​ធាតុគីមី​ពុល​ អាច​ជ្រាបចូល​ទៅ​ក្នុង​ដី និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ដី ទឹក និង​ទឹក​ក្រោម​ដី ធ្វើ​ឲ្យ​មាន​ការ​បំពុល​ទឹក និង​ដី នៅ​ពេល​ដែល​ថង់​ប្លា​ស្ទិ​ក​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ច្រក ឬ​ខ្ចប់​ម្ហូបអាហារ​ជាពិសេស​អាហារ​ក្តៅៗ អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ ដោយសារ​តែ​សារ​ធាតុគីមី ​ដែល​មាន​ផ្ទុក​ក្នុង​ថង់​ប្លា​ស្ទិ​ក​។​

​តាម​លោក នេត្រ ភក្ត្រា ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា នេះ ក៏​ជា​ការ​ចាប់ផ្តើម​បើក​យុទ្ធនាការ​ប្រមូល​យក​សំរាម​ប្លា​ស្ទិ​កនា​រដូវ​ទឹក​សម្រក​បឹង​ទន្លេសាប​ឆ្នាំ​២០២០ ដែល​ជា​ការ ចូលរួម​សហការ​រៀប​ចំ​រវាង​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប រដ្ឋបាល​ខេត្ត​សៀមរាប និង​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី (NGO2 BambooShoot Foundation) ជាមួយ​ដៃគូ​ម្ចាស់​ជំនួយ​អង្គការ​អន្តរជាតិ​សម្ព័ន្ធ​ភាព​ស្តារ​មហាសមុទ្រ (Ocean Recovery Alliance)​។ យុទ្ធនាការ​នេះ​នឹង​មាន​ប្រជា​សហគមន៍​ចូលរួម​សរុប​ជិត ៥,០០០​នាក់ នៅ​តាម​សហគមន៍​ចំនួន​ប្រាំ ដែល​នៅ​ជាប់​មាត់បឹង​ទន្លេសាប និង​ដងស្ទឹង​សៀមរាប​ផ្នែក​ខាងក្រោម ដែល​ក្នុង​នោះ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន​រួមគ្នា​សរុប​ចំនួន ២,៤៥០​នាក់ និង​សម្អាត​តាម​មុខ​ផ្ទះ​រៀងៗ​ខ្លួន​ចំនួន​ប្រមាណ ២,៥០០​គ្រួសារ​ផ្សេងទៀត​។​

​ក្នុងនាម​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាង​ថា កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​សំណល់​ប្លា​ស្ទិ​កជាង ៤០០០ កា​រ៉ុង (​ទម្ងន់​ប្រមាណ​ជិត​២០០ តោន​) ត្រូវ​បាន​ប្រមូល​ចេញពី​ទន្លេសាប​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​សៀមរាប ហើយ​នៅ​ឆ្នាំ​២០២០​នេះ សំណល់​ប្លា​ស្ទិ​ក​ប្រមាណ​ជាង ៥០០០​ថង់ (​ប្រមាណ​ជិត ២៥០​តោន​) ត្រូវ​បាន​ប្រមូល​យក​ទៅ​កែច្នៃ​ធ្វើជា​ឥដ្ឋ​បរិស្ថាន​។ លោក​រដ្ឋលេខាធិការ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាលខេត្ត សៀមរាប​រួម​នឹង​មន្ទីរ​បរិស្ថាន និង​អង្គការ​ដៃគូ​ ដែល​បាន​សហការ​គ្នា ដើម្បី​សម្អាត​អនាម័យ​បរិស្ថាន នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ និង​ជាពិសេស​ការ​ផ្តួចផ្តើម​គំនិត​និង​ចលនា​ប្រជាពលរដ្ឋ​ចូលរួម ​ក្នុង​ការ​ប្រមូល​សំណល់​ប្លា​ស្ទិ​កចេញ​ពី​ទន្លេសាប និង​ការទប់ស្កាត់​មិន​ឲ្យ​ប្លា​ស្ទិ​ក​ហូរ​ចូល​ទន្លេសាប​តាម រយៈ​ការ​ស្ទាក់​ចាប់​តាម​ប្រភព​ទឹក​នានា​រួមមាន​ស្ទឹង​ព្រែក​នានា​។

​លោក​រដ្ឋលេខាធិការ​ បាន​អំពាវនាវ​ដល់​ប្រជា​សហគមន៍​រស់នៅ​លើ​បឹង​ទន្លេសាប​ទាំង​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប និង​ខេត្ត​ដទៃ​ទៀត​រួមមាន កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង​ចូលរួម​សម្អាត​បរិស្ថាន ​ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​សំដៅ​ទប់ស្កាត់​ការ​បំពុល​ប្រព័ន្ធ​អេកូឡូស៊ី​និង​ជីវចម្រុះ​នៅ​ទន្លេសាប​ជា​បឹង​ ដែល​ពិភពលោក​ទទួល​ស្គាល់​ថា ​សម្បូណ៌​ត្រី​ច្រើន​ជាង​គេ​។ លោ​កថា​បឹង​ទន្លេសាប​មាន​ទេសភាព​ស្អាត​សម្បូណ៌ ​ដោយ​ជីវចម្រុះ​ជាពិសេស​មច្ឆជាតិ​ជាច្រើន​ប្រភេទ មាន​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ចាំបាច់​ត្រូវតែ​ទប់ស្កាត់​ កុំ​ឲ្យ​មានការ​បំពុល​ដោយ​ប្លា​ស្ទិ​ក រក្សា​គុណភាព​ទឹក​ឲ្យ​បានល្អ សោភ័ណភាព​ស្រស់ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ​កា​ន់តែច្រើន​។ យើង​ត្រូវ​អនុវត្ត​នូវ​ទិស​ស្លោក យើង​ស្អាត សហគមន៍​យើង​ស្អាត ទន្លេសាប​ស្អាត ដោយ​គ្មាន​ប្លា​ស្ទិ​ក​។​

​លោក នេត្រ ភក្ត្រា ថ្លែង​ទៀត​ថា ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​ពិធីបុណ្យ​ទន្លេសាប​រដូវ​ទឹក​សម្រក​នៅ​ថ្ងៃ​នេះ ដើម្បី​បំផុស​ចលនា​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ចោល សំរាម​ក្នុង​ទន្លេសាប និង​ឈប់​ឲ្យ​បឹង​ទន្លេសាប​ទទួលរង​នូវ​ការ​បំពុល​ ដោយ​សំរាម​ជាពិសេស​សំណល់​ប្លា​ស្ទិ​ក​តទៅទៀត​។ លោក​បន្ត​ថា ការអប់រំ និង​ផ្សព្វផ្សាយ ​លើ​ផល​ប៉ះពាល់​ពី​សំណល់​ប្លា​ស្ទិ​ក​ពិត​ជា​មាន​សារៈសំខាន់​និង​ត្រូវ​ធ្វើ​ជាប្រចាំ​ ហើយ​ជា​មួយគ្នា​នេះ​ ត្រូវ​មាន​ការចូលរួម​អនុវត្ត​ជាប្រចាំ រួម​នឹង​បង្កើត​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ ដើម្បី​ប្រសិទ្ធភាព​នៃ​ការកាត់បន្ថយ​ការ​បំពុល ​ដោយ​ប្លា​ស្ទិ​ក​ក្នុង​បឹង​ទន្លេ​សាប។

​បើ​តាម​ការ​ឲ្យ​ដឹង​រប​ស់​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ស្ថានភាព​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន របស់​ខេត្ត​សៀមរាប សម្រាប់​ឆ្នាំ​២០២០៖ បរិមាណ​បង្កើត​សំណល់​ប្រមាណ ៥០៦​តោន​ក្នុង​ថ្ងៃ ហើយ​បរិមាណ​កែច្នៃ​ឡើ​វិញ​មាន​ប្រមាណ​១០៣ តោន​ក្នុង​ថ្ងៃ (​អាជីវករ​ប្រមូល​ទិញ​អេតចាយ មាន​ចំនួន​៤៩​ទីតាំង​) បរិមាណ​សំណល់​ប្រមូល​យក​ទៅ​ដាក់​ទីលាន​ចាក់សំរាម​ប្រមាណ​២៤១​តោន​ក្នុង​ថ្ងៃ ហើយ​បរិមាណ​សំណល់​ដែល​បោះចោល​ដោយ​ខុសច្បាប់​ប្រមាណ​១៦២​តោន​ក្នុង​ថ្ងៃ ដែល​បាន ដុត​ចោល បោះចោល​តាម​ដងផ្លូវ និង​ប្រឡាយ​សាធារណៈ​។​

​តាម​ការ​ឲ្យ​ដឹងពី​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក្នុង​មួយឆ្នាំៗ កម្ពុជា​បាន​បង្កើត​សំរាម​ប្រមាណ​៤​លាន​តោន ក្នុង​នោះ ៦៥​ភាគរយ ជា​សំណល់​សរីរាង្គ ប្រមាណ​២០​ភាគរយ ជា​សំណល់​ប្លា​ស្ទិ​ក នៅ​សេសសល់​ជា​សំណល់​រឹង និង​សំណល់​ផ្សេងៗ​ទៀត​។ ក្នុងចំណោម​សំរាម​ទាំងអស់នោះ មាន​ត្រឹមតែ​ប្រមាណ ៥១​ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​យកទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម ក្រៅ​នោះ​ត្រូវ​គេ​បោះចោល​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ផ្លូវ ក្នុង​ប្រភព​ទឹក និង​ខ្លះទៀត​ ត្រូ​វបាន​ដុត​ចោល​ជាដើម​។ កម្ពុជា​មិន​ទាន់មាន​តួលេខ​ថា ក្នុង​មួយ​ឆ្នាំ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ប៉ុន្មាន​តោន​នៅឡើយ ប៉ុន្តែ​គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​មួយថ្ងៃ​ថង់​ប្លា​ស្ទិ​កជាង ១០​លាន​ថង់​ត្រូវ​បាន​ប្រើប្រាស់​។

​នៅ​លើ​ពិភពលោក ក្នុង​មួយ​ឆ្នាំ​បាន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ចន្លោះ​ពី​៤០០ ទៅ​៦០០ លាន​តោន ហើយ​ចាប់តាំងពី​បង្កើត​ប្លា​ស្ទិ​ក មក សំណល់​ប្លា​ស្ទិ​ក​នៅលើ​ភពផែនដី​ មាន​ប្រមាណ​៩,៣ ប៊ី​លាន​តោន ហើយ​ចំនួន​នេះ​ នឹង​ត្រូវ​បន្ត​កើន​ឡើង​ នៅ​ពេល​ដែល​ចាប់ពី​ឆ្នាំ​២០២៥ ពិភពលោក​ប្រើប្រាស់​ប្លា​ស្ទិ​ក​ប្រមាណ ៦០០ លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ ប្រសិនបើ​មិន​មាន​វិធានការ​តឹង​រឹង​ ក្នុង​ការ​កាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ទេ នៅលើ​ពិភពលោក នឹង​មាន​សំណល់​ប្លា​ស្ទិ​ក​កើន​ដល់ ៣៤​ប៊ី​លាន​តោន​នៅ​ឆ្នាំ​២០៥០ ហើយ​ចំនួន​នេះ មាន​ច្រើនជាង​ចំនួន​ត្រី​ នៅក្​នុង​មហាសមុទ្រ​ទៅទៀត​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖​ ​ពលរដ្ឋ៧៨១៩គ្រួសារ នៅស្រុកក្រគរ ​ទទួលអំណោយលោក ហ៊ុន ម៉ាណែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម