Connect with us

ព័ត៌មានជាតិ

អាជ្ញាធរទន្លេសាប ជំរុញអាជ្ញាធរមូលដ្ឋាន កំណត់តំបន់អាទិភាព ដើម្បីពន្លឿនការដាំស្ដារព្រៃលិចទឹកឡើងវិញឲ្យទាន់ផែនការឆ្នាំ ២០២៦

បានផុស

នៅ

លោក ខូវ មាស អគ្គ​លេខាធិការ​រង​អាជ្ញាធរ​ទន្លេសាប និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​អនុវត្ត​ការងារ​ដាំ​ស្ដារ​ព្រៃ​លិច​ទឹក​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ក្រុង-ស្រុក និង​ឃុំ-សង្កាត់ សហការ​ពិភាក្សា​គ្នា​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​កំណត់​ទីតាំង​អាទិភាព​សម្រាប់​ការ​ដាំ​ស្ដារ​ព្រៃ​លិច​ទឹក​ឡើង​វិញ ឲ្យ​ទាន់​ផែនការ​ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការ​រៀបចំ​ផែនការ​ដាំ​ស្ដារ​ព្រៃលិចទឹក​ឡើងវិញ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៦ ម្សិលមិញ។

នា​ឱកាស​នោះ លោក ខូវ មាស បាន​ឲ្យ​ដឹង​ថា ទិន្នន័យ​បឋម​ទាំងនេះ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​ក្រុម​ការងារ​ជំនាញ នៃ​អាជ្ញាធរ​ទន្លេសាប ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព​លម្អិត និង​ឈាន​ទៅ​អនុវត្ត​ការ​ដាំដុះ​ឲ្យ​បាន​ឆាប់​រហ័ស។ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ក្រុម​ការងារ​ជំនាញ នឹង​ចុះ​វាយតម្លៃ​ផ្ទាល់​ដល់​ទីតាំង​ជាក់ស្ដែង ដើម្បី​រៀបចំ​បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ ២០២៦ និង​ឆ្នាំ​បន្តបន្ទាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ទន្ទឹម​នោះ​ដែរ លោក​អគ្គ​លេខាធិការ​រង បាន​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​សៀមរាប និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្ដល់​កិច្ច​សហការ​យ៉ាង​ល្អ​ក្នុង​ការ​សម្របសម្រួល​ដល់​ក្រុមការងារ​ជំនាញ​អាជ្ញាធរ​ទន្លេសាប ជាមួយ​មន្ទីរ​ជំនាញ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​តំបន់​បឹង​ទន្លេសាប។

ជាមួយ​នេះ លោក អ៊ឹង គឹមលាង អភិបាល​រង​ខេត្ត គូស​បញ្ជាក់​ដែរ​ថា កិច្ចប្រជុំ​នេះ ដើម្បី​ធ្វើ​បទ​បង្ហាញ​របស់​មន្ត្រី​ជំនាញ​អាជ្ញាធរ​ទន្លេសាប អំពី​ផែនការ​ដាំ​ស្ដារ​ព្រៃលិចទឹក​ឡើងវិញ ក្នុង​តំបន់​រង​ការ​ទន្ទ្រាន តំបន់​ព្រៃ​រេចរឹល តំបន់​ភ្លើង​ឆេះ​ព្រៃ ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប និង​ពិភាក្សា​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បច្ចុប្បន្ន​ភាព​ផែនការ​អនុវត្ត​កិច្ចការ​ដាំ​ស្ដារ​ព្រៃលិចទឹក​ឡើង​វិញ ឲ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រមទាំង​ចែក​រំលែក​ទិន្នន័យ​ព័ត៌មាន ផ្លាស់ប្ដូរ​បទ​ពិសោធ និង​បច្ចេកទេស​ពាក់ព័ន្ធ​កិច្ចការ​ដាំ​ស្ដារ​ព្រៃលិចទឹក​ឡើង​វិញ។

គួរ​ជម្រាប​ថា ក្រុម​ការងារ​ដាំ​ស្ដារ​ព្រៃ​លិច​ទឹក​ឡើង​វិញ នៅ​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​បឹង​ទន្លេសាប មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ បង្កើត​ឡើង​តាម​សេចក្ដី​សម្រេច​លេខ ៦២១ របស់​អាជ្ញាធរ​ទន្លេសាប ដោយ​យោង​លើ​លិខិត​លេខ ៦៩៦ សជណ.កធ ចុះ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២៥ របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ដោយ​បាន​ឯកភាព​ជា​គោលការណ៍​ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សហការ​ជាមួយ​ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី នៃ​ខេត្ត​ទាំង ៦ និង​សហគមន៍ ស្ថិត​នៅ​ក្នុង​ខេត្ត​ជុំវិញ​តំបន់​បឹង​ទន្លេសាប ធ្វើការ​ដាំ​ស្ដារ​ព្រៃលិចទឹក​ឡើង​វិញ នៅ​តាម​ទីតាំង​រង​ការ​ទន្ទ្រាន​នា​ពេល​កន្លងមក និង​តំបន់​រេចរឹល ក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម