Connect with us

ព័ត៌មានជាតិ

រឿងចាប់សាច់ពពែ៖ សម្តេចតេជោ ប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំដោះស្រាយជាកញ្ចប់ដើម្បីផ្តល់​ផលប្រយោជន៍ឲ្យប្រជាជន

បានផុស

នៅ

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រាប់​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ប្រជុំ​រក​ដំណោះស្រាយ​ជា​កញ្ចប់ដើម្បី​ឲ្យ​សម​ស្រប​ជាមួយ​សភាព​ការ និង​ផលប្រយោជន៍​ប្រជាជន ពីព្រោះ​កម្ពុជា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​កសិ.ពាណិជ្ជកម្ម​។​

ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា នេះ និង​ជាការ​ឆ្លើយតប​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ​បាន​អះអាងថា លោក​នឹង​ពិនិត្យមើល​លក្ខខណ្ឌ​គតិយុត្តិ​ផ្សេងៗ ទាក់ទង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ហើយ​អាច​នឹងធ្វើ​វិសោធនកម្ម​ឡើងវិញ ប្រសិនបើ​មើលឃើញថា មាន​បញ្ហា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សូម​ឯកឧត្តម​ដឹកនាំ​ការប្រជុំ ដើម្បី​រក​ដំណោះស្រាយ​ជា​កញ្ចប់ ដោយ​ត្រូវ​ពិនិត្យមើល​ក្របខ័ណ្ឌ​គោលនយោបាយ​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា ដែល​ចាំបាច់​ត្រូវ​កែសម្រួល ដើម្បី​ឱ្យស្រប​ជាមួយ​សភាព​ការ និង​ផល់​ប្រយោជន៍​ប្រជាជន​។ ដំណាក់​ការ ដែល​យើង​កំពុង​ស្ថិតនៅ គឺជា​ដំណាក់​កា​រក​សិ​.​ពាណិជ្ជកម្ម ដែល​កសិករ​យើង​មិន​គ្រាន់តែ​ដាំ​ដុះ ឬ​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់​ផ្គង​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ក៏ដើម្បី​ផ្គត់ផ្គង់​ទីផ្សា​ផងដែរ​។ ក្នុងពេល​ជាមួយគ្នា ក៏​ត្រូវ​គិតដល់​បញ្ហា​សុខភាព​សាធារណៈ ជំងឺឆ្លង​ដែល​ចេញពី​សត្វ ដែល​ធ្វើចរាចរ​ក្នុង​ទីផ្សារ បញ្ហា​អានា​ម័​យ​។​ល​។ ខ្ញុំ​សុំ​អរគុណ​បងប្អូន ដែល​ចូលមក​ផ្តល់យោបល់ ដែល​ក្លាយជា​ធាតុ​ចូល​សម្រាប់​ការកែលម្អ​លើ​រឿងនេះ​”​។​

លោក វេ​ង សាខុន កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​ជំរាបជូន​សម្តេច​ថា ក្នុងនាម​ក្រសួង​ក​សិ​កម្ម លោក​នឹង​ពិនិត្យមើល​លើ​បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ហើយ​អាច​នឹងធ្វើ​វិសោធនកម្ម​ឡើងវិញ ប្រសិនបើ​មើលឃើញថា មាន​បញ្ហា​។

លោក​បញ្ជាក់ថា “​ខ្ញុំបាទ​សូម​អនុ​ញ្ញា​ត្ត​គោរព​ជូន​សម្តេច​តេ​ជោ មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា ក្រសួង​សូម​ទទួល​យក​នូវ​រាល់​សំណូមពរ​ក៏ដូចជា​មតិយោបល់ ដែល​បានលើកឡើង​របស់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជា​កសិករ ដែល​ចិញ្ចឹមសត្វ​យកទៅ​ពិនិត្យ និង​ពិចារណា​ក្នុងការ​កែលំអរ និង​បំពេញបន្ថែម​ជា​បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់ ឬ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្នុងករណី​ចាំបាច់ ជាមួយនឹង​អន្តរក្រសួង​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​បង្កលក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​យើង ក្នុងការ​លើកទឹក​ចិត្ត​ចិញ្ចឹម និង​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​សម្លាប់សត្វ និង​លក់ដូរ​បាន សម្រាប់​លើកស្ទួយ​ជីវភាព​ក្នុង​គ្រួសារ​”​។​

គួររំលឹកថា កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ មាន​ករណី​មន្ត្រី​បសុពេទ្យ​ស្រុក​ពញាឮ បាន​ចុះ​ចាប់​សាច់​ពពែ​របស់​ប្រជាពលរដ្ឋ​នោះ នៅ​ចំណុច​ភូមិ​ព្រែ​កតា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ហើយ​មូលហេតុ នៃ​ការចុះ​ចាប់ ត្រូវបាន​លោក​អភិបាល​ខេត្តកណ្តាល​អះអាង​ថា ដោយសារ​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​សាច់សត្វ​ពពែ​ចំនួន​១៧​គីឡូក្រាម ដោយ​គ្មាន​លិខិតអនុញ្ញាត ហើយ​ថា ករណីនេះ មិនមែនជា​ការ​កាប់​សាច់​សត្វ ដើម្បី​ហូប​ជា​លក្ខណៈ​គ្រួសារ​ទេ ប៉ុន្តែ​ជា​ប្រភេទ​អាជីវកម្ម​លើ​សាច់សត្វ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម