ព័ត៌មានជាតិ
វត្តអារាម ស្ថិតក្នុងតំបន់ក្រហម នៅសៀមរាប ប៉ះចំថ្ងៃកាន់បិណ្ឌ មិនអនុញ្ញាតឱ្យរៀបចំពិធីនោះទេ
អាជ្ញាធរខេត្តសៀមរាប ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះថា វត្តអារាមស្ថិតនៅតំបន់បិទខ្ទប់ ដែលជាតំបន់ក្រហម មិនអនុញ្ញាតឱ្យរៀបចំពិធីកាន់បិណ្ឌនោះទេ។

លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ឱ្យដឹងថា រដ្ឋបាលខេត្តបានដាក់ភូមិសាស្ត្រចំនួន ៤ សង្កាត់ និងភូមិចំនួន៣ នៃសង្កាត់ចំនួន២ផ្សេងទៀតនៃក្រុងសៀមរាប ជាតំបន់ក្រហម កាលពីថ្ងៃទី ១៧ ខែកញ្ញា រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា មានចំណុចមួយចំនួនមិនត្រូវបានអនុញ្ញាតឲ្យមានការធ្វើដំណើរ ឬមានការជួបជុំឡើយ។

លោក វណ្ណ ប៊ុណ្ណា មានប្រសាសន៍ទៀតថា ក្នុងភូមិ និងសង្កាត់ដែលត្រូវដាក់ជាតំបន់ក្រហមនោះ ក៏មានវត្តអារាមនៅក្នុងតំបន់នោះផងដែរ ហើយសម្រាប់រយៈពេលដែលជាការកំណត់ តំបន់ក្រហមនេះ បានប៉ះចំថ្ងៃមួយចំនួននៃពិធីកាន់បិណ្ឌនេះដែរ ព្រោះពិធីកាន់បិណ្ឌប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដូច្នេះដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហមន៍ផងនោះ គ្រប់វត្តអារាមទាំងអស់ដែលស្ថិតនៅក្នុងតំបន់ក្រហមនោះ គឺមិនអនុញ្ញាឲ្យប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់ឡើយ ប៉ុន្តែអាចរៀបចំបានជាលក្ខណៈបង្រ្គប់កិច្ច ដោយគ្រាន់តែឲ្យយាយជីតាជីប្រចាំវត្ត រៀបចំជាចង្ហាន់សម្រាប់ប្រគេនលោក។

សរុបវត្តនៅតំបន់ក្រហម មានចំនួន ១៩ វត្ត សង្កាត់ស្វាយដង្គំ មាន ៥ វត្ត សង្កាត់ស្លក្រាម ៥ វត្ត សង្កាត់ជ្រាវ មាន ១ វត្ត និងសង្កាត់គោកចក ៨វត្ត។
យ៉ាងណានៅថ្ងៃទី ២៣ ស្អែកនេះ នឹងមានការប្រជុំធ្វើការវាយតម្លៃ នៅភូមិសាស្ត្រដែលបិទខ្ទប់ ថាតើសម្រេចបន្ត ឬលើកលែងការដាក់ជាតំបន់ក្រហម។
លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានមានប្រសាសន៍បន្ថែមថា ដោយឡែកសម្រាប់វត្តផ្សេងៗទៀត មានការរៀបចំពិធីធម្មតា ក្នុងអំឡុងពេលនៃការប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់ តែត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ។

ប្រសិនបើមិនគោរពតាមទេនោះ ពិធីនេះនឹងត្រូវបញ្ឈប់ភ្លាម ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមមានការយោគយល់ និង ចូលរួមទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង។
រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែកញ្ញាបាន សម្រេចកំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះ អាសន្ន សម្រាប់រយៈពេល ១ សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ ភូមិសាស្រ្តសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ ភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្នុងគោលបំណង គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រកំណត់ជាតំបន់ក្រហម គឺទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕
អត្ថបទៈ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


