ព័ត៌មានជាតិ
បិទខ្ទប់តំបន់មួយចំនួននៅរមណីយដ្ឋានអង្គរ ហាមឃាត់ការចូលទស្សនា
មន្រ្តីជាន់ខ្ពស់អាជ្ញាធរអប្សរាបានឲ្យដឹងថា តំបន់មួយចំនួននៃរមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានបិទខ្ទប់តាមវិធានការរបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានថ្លែងថា នៅអំឡុងពេលនៃការបិទខ្ទប់ក្រុងសៀមរាបនេះ តំបន់ប្រាសាទមួយចំនួនក៏ទទួលរងនូវការបិទខ្ទប់ តាមវិធានការរបស់រដ្ឋបាលខេត្តសៀមរាប ហើយអាជ្ញាធរអប្សរាបានសហការជាមួយអាជ្ញាធរខេត្ត ទប់ស្កាត់មិនឲ្យមានការចេញចូលទៅក្នុងតំបន់ដែលបិទខ្ទប់នោះទេ។
បើតាមលោក ឡុង កុសល មានចំណែកខ្លះនៃតំបន់រមណីយដ្ឋានអង្គរ មិនបានបិទខ្ទប់នោះទេ គឺនៅតែបើកឱ្យភ្ញៀវចូលទស្សនាកម្សាន្តជាធម្មតា។

លោក សុខ កុល នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានតំបន់ខ្លះ បានពាក់ព័ន្ធការបិទខ្ទប់របស់អាជ្ញាធរ គឺតំបន់ដែលស្ថិតនៅក្នុងសង្កាត់គោកចក ដែលមានភូមិត្រពាំងសេះជាដើម ហើយនៅក្នុងអំឡុងពេលភ្ជុំបិណ្ឌខាងមុខនេះ នៅមិនទាន់ដឹងថា ត្រូវបើកឡើងវិញ ឬយ៉ាងណានោះទេ ពីព្រោះនៅរយៈពេល៣ថ្ងៃទៀត ទើបដឹងថា ទប់ស្កាត់ការរាលដាលនេះបានកម្រិតណា? នៅពេលនោះទើបអាចកំណត់បានថា ត្រូវបើកភូមិណា ឬត្រូវបន្តបិទភូមិណា ដូច្នេះមិនទាន់អាចសន្និដ្ឋានបានទេ ទាក់ទងទៅតំបន់រមណីយដ្ឋានអង្គរនេះ។
ទាក់ទងការបិទខ្ទប់តំបន់មួយចំនួននៅខេត្តសៀមរាប ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តបានកំណត់តំបន់មួយចំនួនជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដែលរួមមាន៖
ទី១- សង្កាត់ស្លក្រាម (គ្រប់ភូមិទាំងអស់)
ទី២- សង្កាត់ស្វាយដង្គំ (ភូមិតាភុល ភូមិមណ្ឌល១ ភូមិស្វាយដង្គំ ភូមិស្ទឹងថ្មី និងភូមិគ្រួស)
ទី៣- សង្កាត់គោកចក (ភូមិត្រពាំងសេះ ភូមិនគរក្រៅ ភូមិទក្សិណខាងត្បូង និងភូមិវាល)
ទី៤- សង្កាត់ជ្រាវ (ភូមិខ្នារ)
ទី៥- សង្កាត់សាលាកំរើក (ភូមិតាវៀន)
ទី៦- សង្កាត់ស្រង៉ែ (ភូមិព្រៃធំ និងភូមិស្រង៉ែ)
ទី៧- សង្កាត់ទឹកវិល (ភូមិសណ្តាន់)
បើតាមអាជ្ញាធរខេត្តសៀមរាប ការបិទខ្ទប់តំបន់ទាំងនេះ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ សម្រាប់ពិធីបុណ្យភ្ជំបិណ្ឌខាងមុខនេះ លោក ឡុង កុសល បានបញ្ជាក់ថា “៣កុំ ៣ការពារ” នេះ គឺជាវិធានការចាំបាច់ដែលគ្រប់គ្នាត្រូវអនុវត្ត ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូច្នេះអ្នកចូលទៅទស្សនានៅរមណីយដ្ឋានអង្គរចាំបាច់ណាស់វិធានការនេះ។ ដោយឡែកមន្ត្រី បុគ្គលិក របស់អាជ្ញាធរអប្សរា ដែលមានការពាក់ព័ន្ធ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពួកគាត់ក៏ត្រូវតែបំពេញដូចគ្នាដែរ។
លោកថា “យើងត្រូវចូលរួមអនុវត្តទាំងអស់គ្នា ហើយនេះ គឺជាអ្វីដែលយើងត្រូវបំពេញទាំងអស់គ្នា បើអនុវត្តបាន ការធ្វើដំណើរកម្សាន្តរបស់ពួកគាត់ ក៏នឹងមានសុវត្ថិភាពទាំងអស់គ្នាផងដែរ ប៉ុន្តែបើពួកគាត់អនុវត្តមិនបាន គឺនឹងជួបនូវបញ្ហាប្រឈមជាក់ជាមិនខាន”។ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យពួកគាត់នៅពេលធ្វើដំណើរមកកំសាន្តនៅរមណីយដ្ឋានអង្គរ តាមផ្នែកខ្លះ ដែលមិនមានការបិទខ្ទប់នោះ គឺសូមអនុវត្តឲ្យបានជាដាច់ខាតនូវ ៣កុំ ៣ការពារ។
គួររំលឹកថា នៅថ្ងៃទី០៥ ទី០៦ និងទី០៧ ខែតុលា ខាងមុខនេះ គឺជាឳកាសឈប់សំរាកសម្រាប់ពិធីបុណ្យភ្ជំបិណ្ឌរបស់មន្រ្តីរាជការ កម្មករ កម្មការិនី និយោជិត នៅតាមរោងចក្រ សហគ្រាសទាំងអស់ ហើយដោយសារាជរដ្ឋាភិបាលបានផ្អាកមិនឲ្យមានការជួបជុំនៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមនោះ ប្រជាពលរដ្ឋអាចនឹងធ្វើដំណើរកំសាន្តនៅតាមតំបន់រមនីយដ្ឋាននានាទូទាំងប្រទេស ដែលក្នុងនោះ នៅរមណីយដ្ឋានប្រាសាទអង្គរ ក៏នឹងមានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិនានាទៅទស្សនាកំសាន្តច្រើនផងដែរ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា អាជ្ញាធរអប្សរា ក៏ដូចជាអាជ្ញាធរខេត្ត បានចាត់វិធានការផ្សេងៗសំដៅទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


